អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រសួង​មហាផ្ទៃ​ព្រមាន​ជា​ថ្មី​ពី​ការ​អនុវត្ត​តាម​ច្បាប់​ភ្លាម​ បើ​ចលនា​សង្រ្គោះ​ជាតិ​ធ្វើ​សកម្មភាព​នៅ​កម្ពុជា

លោក​សម រង្ស៊ី ប្រធាន​ចលនា​សង្រ្គោះ​ជាតិ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី បាន​ព្រមាន​ពី​ចលនា​ងើប​បះ​បោរ​នៅ​កម្ពុជា​ដោយ​សារ​គ្មាន​វត្តមាន​គណបក្ស​ប្រឆាំង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៧ មេសា។ ឆ្លើយ​តប​នឹង​ការ​ព្រមាន​នេះ ក្រសួង​មហាផ្ទៃ​កម្ពុជា​អះអាង​ថា នឹង​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ភា្លម បើ​សិន​ចលនា​សង្រ្គោះ​ជាតិ​របស់​លោក​សម រង្ស៊ី ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោកខៀវ សុភ័គអ្នកនាំពាក្យក្រសួងមហាផ្ទៃ @សហការី
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោក​ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា អាជ្ញាធរ​មាន​តួនាទី​ក្នុង​ការពារ​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ និង​ភាព​សុខ​សប្បាយ​របស់​ប្រជាពលរដ្ឋ។ ដូច្នេះ បើ​សិន​ជា​ចលនា​សង្រ្គោះ​ជាតិ​របស់​លោក​សម រង្ស៊ី ហ៊ាន​ធ្វើ​សកម្មភាព​ណា​មួយ​បំផ្លាញ​នូវ​ស្ថិរភាព​សង្គម​កម្ពុជា នោះ​អាជ្ញាធរ​នឹង​អនុវត្ត​តាម​ច្បាប់​ភ្លាម។

ប្រតិកម្ម​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​សម រង្ស៊ី បាន​បន្ត​ព្រមាន​ពី​ចលនា​ងើប​បះបោរ​នៅ​កម្ពុជា​ដោយ​សារ​គ្មាន​បក្ស​ប្រឆាំង។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី។ វិទ្យុ​អាស៊ី​សេរី​ដែល​ដក​ស្រង់​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឥណ្ឌូនេស៊ី​បាន​ស្រង់​សម្ដី​លោក​សម រង្ស៊ី ​ទៀត​ថា ហេតុផល​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ចលនា​ងើប​បះ​បោរ​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​មជ្ឈិម​បូព៌ា គឺ​ដោយ​សារ​តែ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នោះ ប្រកាន់​យក​របប​ផ្ដាច់​ការ​និយម។ របប​ផ្ដាច់​ការ​និយម ដែល​មិន​មែន​ជា​របប​ប្រជាធិបតេយ្យ តួ​យ៉ាង​ដូច​អ្វី​ដែល​កំពុង​តែ​កើត​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​លីប៊ី​បច្ចុប្បន្ន​នេះ។

សម្រាប់​លោក​ខៀវ សុភ័គ ការ​លើក​ឡើង​នេះ គឺ​វា​ឆ្លុះ​បញ្ចាំង​ពី​ចរិត​របស់​លោក​សម រង្ស៊ី។ លោក​សម រង្ស៊ី ដែល​លោក​ខៀវ សុភ័គ អះអាង​ថា មាន​ចរិត​ចង់​បាន​អំណាច​តាម​រយៈ​ការ​ញុះញង់​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា បះ​បោរ​ធ្វើ​ឲ្យ​អស្ថិរភាព​សង្គម។ បន្ថែម​ពី​ការ​បរិហារ​លោក​សម រង្ស៊ី​នេះ លោក​ខៀវ សុភ័គ ក៏​បាន​សង្កត់​ធ្ងន់​ថា ប្រទេស​កម្ពុជា​មិន​អាច​ក្លាយ​ទៅ​ជា​ប្រទេស​ស៊ីរី ឬ​ក៏​មាន​បដិវត្តពណ៌​កើត​ឡើង​នោះ​ទេ។

ជា​ការ​កត់​សម្គាល់​ក្រៅ​ពី​ព្រមាន​ពី​ការ​បះបោរ​នេះ លោក​សម រង្ស៊ី តាម​រយៈ​ចលនា​សង្រ្គោះ​ជាតិ​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​ការ​បោះ​ឆ្នោត បើ​សិន​គ្មាន​វត្តមាន​បក្ស​ប្រឆាំង។ ចលនា​សង្រ្គោះ​ជាតិ​របស់​លោក​សម រង្ស៊ី​នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ជា​ក្រុម​ឧទ្ទាម​ខុស​ច្បាប់។ រដ្ឋាភិបាល​បាន​ប្តឹង​ក្រុម​មេ​ដឹក​នាំ​ចលនា​នេះ​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ​ថែម​ទៀត។ ក្រៅ​ពី​ប្តឹង​ទៅ​កាន់​តុលាការ​ហើយ នៅ​ពេល​នេះ អាជ្ញាធរ​កម្ពុជា​ក៏​កំពុង​តែ​តាម​ដាន និង​ឃ្លាំ​មើល​ចលនា​សង្រ្គោះ​ជាតិ​នេះ​ផង​ដែរ។ អាជ្ញាធរ​ព្រមាន​ថា ខ្លួន​នឹង​បង្រ្កាប​ភ្លាម​តែ​ម្តង ប្រសិន​បើ​ចលនា​សង្គ្រោះ​ជាតិ​ហ៊ាន​ធ្វើ​សកម្មភាព​នៅ​កម្ពុជា​។ នេះ​បើ​តាម​បញ្ជាក់​ពី​លោក​ខៀវ សុភ័គ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ