អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រសួង​យុត្តិធម៌​ប្រាប់​ប្រធាន​រដ្ឋសភា​ថា ខ្លួន​អនុវត្ត​ច្បាប់​បាន​ត្រឹម​ត្រូវក្នុង​ករណី​បទល្មើស​ជាក់ស្ដែង

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១០​តុលា ផ្ញើ​ទៅ​កាន់​លោក​ហេង សំរិន ប្រធាន​រដ្ឋសភា, រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌ បាន​គូស​បញ្ជាក់​ថា ក្នុង​ករណី​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​កន្លង​មក​ពាក់ព័ន្ធនឹង​បទល្មើស​ជាក់​ស្ដែង គឺ​ស្ថាប័ន​អនុវត្ត​ច្បាប់ បាន​អនុវត្ត​ត្រឹម​ត្រូវ​នូវ​សមត្ថកិច្ច​របស់​ខ្លួន ស្រប​តាម​ច្បាប់​និង​នីតិវិធី​ជា​ធរមាន​។ ការ​គូស​បញ្ជាក់​របស់​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌​ដូច្នេះ ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ការ​បំភ្លឺ​របស់​លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ចុះ​ថ្ងៃ​ទី​១៣​កញ្ញា​។ ក្នុង​ករណី​បទ​ល្មើស​ជាក់ស្ដែង​នេះ លោក សុន ឆ័យ យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់ ចាប់​ខ្លួន​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​កន្លង​មក​នោះ ជា​ទង្វើផ្ទុយ​ពី​ច្បាប់។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្ស វឌ្ឍានា ។
លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គ វង្ស វឌ្ឍានា ។ @Facebook
ផ្សាយពាណិជ្ជកម្ម

សម្រាប់​តំណាង​រាស្ត្របក្ស​ប្រឆាំង លោក សុន ឆ័យ បទល្មើស​ជាក់​ស្ដែង បើ​តាម​មាត្រា​៨៦​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ គឺ​ជា​បទ​ល្មើស​ដែល​កំពុង​តែ​ប្រព្រឹត្ត និង​បទល្មើស​ដែល​ទើប​ប្រព្រឹត្ត​រួច​ភ្លាម​ៗ​។ ត្រូវ​ចាត់​ជា​បទល្មើស​ជាក់​ស្ដែង​ដែរ កាល​ណា​នៅ​ក្រោយ​ពេល​មាន​បទល្មើស​បន្តិច​រួច​មក មាន​ការ​​ស្រែក​ដេញ​ប្រផាប់​ចាប់​ប្រភីង​។ តាម​រយៈ​និយម​ន័យ​នេះ លោក សុន ឆ័យ ជា​តំណាង​រាស្ត្រ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា​និង​សមាជិក​រដ្ឋសភា ដោយ​យក​ហេតុផល​បទល្មើស​ជាក់​ស្ដែង​នោះ ថា​ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់​។ និង​ថា ការ​ចោទ​ប្រកាន់​កន្លង​មក​នោះ មិន​មាន​មូលដ្ឋាន​គ្រប់​គ្រាន់ និង​ពុំ​មែន​ជា​ទង្វើ​ឬ​សកម្មភាព​ដែល​ទើប​តែ​ប្រព្រឹត្ត​រួច ហើយ​ក៏​មិន​មែន​ជា​ការ​ប្រព្រឹត្ត​រួច​ក្នុង​រយៈ​ពេល​តែ​បន្តិច​មក​នោះ​ដែរ​។

ការ​លើក​ឡើង​របស់​លោក សុន ឆ័យ ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​​តំណាង​រាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​ចំនួន​៣​រូប​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ ចាប់​ខ្លួន និង​ឃុំ​ខ្លួន​ ដោយ​សារ​បទ​ល្មើស​ជាក់​ស្ដែង​។ អ្នក​ទាំង​៣​រូប​នោះ​រួម​មាន៖ លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​បក្ស​សម រង្ស៊ី, ​លោក អ៊ុំ សំអាន តំណាង​រាស្ត្រ​បក្ស​សង្គ្រោះជាតិ, និង​លោក កឹម សុខា តំណាង​រាស្ត្រ និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ សមត្ថកិច្ច​ចោទ​ប្រកាន់​អ្នក​ទាំង​៣ពី​​បទ​ល្មើស​ជាក់​ស្ដែង បន្ទាប់​ពី​ពួក​គាត់​បង្ហោះ​ឯកសារ​ និង​វីដេអូ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​។

ជិត​មួយ​ខែ​ក្រោយ​ពី​ទទួល​បាន​លិខិត​របស់តំណាង​រាស្ត្រ​​រដ្ឋសភា រដ្ឋមន្ដ្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បាន​ឆ្លើយ​តប នៅ​ថ្ងៃ​ទី​១០​តុលា ដោយ​ពន្យល់​បក​ស្រាយ​ពី​បទល្មើស​ជាក់​ស្ដែង​ តាម​មាត្រា​៨៦​នៃ​ក្រម​ព្រហ្មទណ្ឌ​ថា ជា​បទល្មើស​ដែលកំពុង​តែ​ប្រព្រឹត្ត និង​បទ​ល្មើស​ដែល​ទើប​តែ​ប្រព្រឹត្ត​រួច​ភ្លាម​ៗ​ ដែល​ត្រូវ​គេ​ស្រែក​ដេញ​ប្រផាប់​ចាប់​ប្រភីង​។ បន្ថែម​ពី​លើ​នេះ បើ​តាម​លោក​រដ្ឋ​មន្ដ្រី អង្គ វង្ស វឌ្ឍនា សកម្មភាព​បទ​ល្មើស​ដែល​​​បាន​ប្រព្រឹត្ត​ជា​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្នកាល ក៏​ត្រូវ​ចាត់​ទុក​ជា​បទល្មើស​ជាក់​ស្ដែង​ដែរ​​។ ក្នុង​ន័យ​នេះ គឺ​រាប់​បញ្ចូល​ទាំង​សកម្មភាព​នៃ​បទ​ល្មើស​ដែល​បាន​ប្រព្រឹត្ត​រួច​ហើយ តែ​សកម្មភាព​នោះ​ត្រូវ​បាន​បង្ហោះ និង​បន្ត​ផ្សព្វផ្សាយ​លើ​គេហទំព័រ រហូត​ដល់​ថ្ងៃ​នៃ​ការ​ចាប់​ខ្លួន​​។ នេះ​បើ​តាម​លោក​រដ្ឋ​មន្ដ្រី​។

ចំពោះ​ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​តំណាង​រាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​នា​ពេល​កន្លង​មក​ពាក់ព័ន្ធ នឹង​បទ​ល្មើស​ជាក់​ស្ដែង​នោះ​ទៀត​សោត លោក អង្គ វង្ស វឌ្ឍានា បាន​លើក​ឡើង​ពី​មាត្រា​៨០​ និង​មាត្រា​១០៤​នៃ​រដ្ឋធម្មនុញ្ញ ក៏​ដូច​ជា​​មាត្រា​១២​នៃ​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ ព្រម​ទាំង​មាត្រា​១២​នៃ​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​សមាជិក​ព្រឹទ្ធសភា​។ ​លោក​រដ្ឋ​មន្ដ្រី​ពន្យល់​ថា ខ្លឹមសារ​នៃ​មាត្រាច្បាប់​​នោះ បើក​ដៃ​ឲ្យ​សមត្ថកិច្ច​​ចោទ​ប្រកាន់ ​​ចាប់​ខ្លួន​ ​ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន តំណាង​រាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​បាន ក្នុង​ករណី​បទល្មើស​ជាក់​ស្ដែង​ ដោយ​មិន​ចាំ​បាច់​ឲ្យ​មាន​ការ​អនុម័ត​យល់​ព្រម​ពី​រដ្ឋសភា ឬ​ព្រឹទ្ធសភា​ជា​មុន​ឡើយ​។

ដូច្នេះ ផ្អែក​តាម​សេចក្ដី​ពន្យល់​នេះ លោក​រដ្ឋ​មន្ដ្រី​ក្រសួង​យុត្តិធម៌ សរុប​​ច្បាស់​ៗ​ថា ​ករណី​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​កន្លង​មក​ពាក់ព័ន្ធនឹង​បទល្មើស​ជាក់​ស្ដែង គឺ​ស្ថាប័ន​អនុវត្ត​ច្បាប់ បាន​អនុវត្ត​ត្រឹម​ត្រូវ​នូវ​សមត្ថកិច្ច​របស់​ខ្លួន ស្រប​តាម​ច្បាប់​និង​នីតិវិធី​ជា​ធរមាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ