ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 12/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 11/12 12h00 GMT
កម្ពុជា

តុលាការ​ក្រុង​ភ្នំពេញ​នឹង​សួរ​នាំ​លោក​ម៉ម សូណង់ដូ​ក្នុង​នាម​ជា​សាក្សី​ក្នុង​រឿង​ក្តី​លោក​កឹម សុខា នៅ​ខែ​ក្រោយ

media  
រូបភាព​ចាស់៖ លោក ម៉ម សូណង់ដូ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​បច្ចុប្បន្ន​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ RFI/Siv Channa

លោក​គី ឫទ្ធី ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដី​កា​កោះ​ហៅ​លោក ម៉ម សូណង់ដូ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​បច្ចុប្បន្ន​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ ឲ្យ​ចូល​មក​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨​ខាង​មុខ​នេះ។​ នេះ​បើ​តាម​ដីកា​កោះ​លើក​ទី​បី​ចុះ​ថ្ងៃ​ទី​២២ ធ្នូ និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ព្រឹក​នេះ។ បើ​តាម​ដីកា ការ​កោះ​ហៅ​នេះ គឺ​ដើម្បី​ឲ្យ​មក​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា។

តាម​រយៈ​ដីកា​កោះ​របស់​ខ្លួន លោក​គី ឫទ្ធី ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​តម្រូវ​ឲ្យ​លោក ម៉ម សូណង់ដូ ចូល​បំភ្លឺ​នៅ​ម៉ោង​៨៖៣០​នាទី​ព្រឹក​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក​ចៅក្រម ក៏​បាន​តម្រូវ​ឲ្យ​លោក​ម៉ម សូណង់ដូ ត្រូវ​ចូល​ខ្លួន​ឲ្យ​ទាន់​ពេល​វេលា និង​យក​លិខិត​ផ្សេងៗ​ដែល​ទាក់​ទង​នឹង​សំណុំ​រឿង​ក្បត់​ជាតិ​របស់​លោក​កឹម សុខា​នេះ ទៅ​ជាមួយ​ផង​ប្រសិន​បើ​មាន។ លោក​ម៉ម សូណង់ដូ អតីត​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​បច្ចុប្បន្ន​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​ចំពោះ​ដីកា​កោះ​របស់​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ។

ជា​ការ​កត់​សម្គាល់ នេះ គឺ​ជា​ដំណាក់​កាល​ថ្មី​មួយ​ទៀត​នៅ​ក្នុង​នីតិវិធី​ស៊ើប​សួរ​ក្នុង​សំណុំ​រឿង​លោក​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្រ្គោះ​ជាតិ។ ដំណាក់​កាល​ថ្មី​នេះ ធ្វើ​ឡើង​ក្រោយ​ពី​លោក​ចៅក្រម​គី ឫទ្ធី បាន​ចុះ​ទៅ​សួរ​ចម្លើយ​លោក​កឹម សុខា ដោយ​ផ្ទាល់​អស់​បី​លើក​រួច​មក​ហើយ​នៅ​ឯ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ។ លោក​សំ សុគង់ សហមេធាវី​ម្នាក់​របស់​លោក​កឹម សុខា បាន​អះអាង​ថា ការ​កោះ​ហៅ​សាក្សី​ទៅ​សួរ​នាំ​នេះ គឺ​ជា​នីតិវិធី​របស់​ចៅក្រម ដើម្បី​ស្វែង​រក​ការ​ពិត។ ប៉ុន្តែ​ការ​ពិត​នោះ លោក​សំ សុគង់ មិន​ដឹង​ថា ជា​ការ​ដោះ​បន្ទុក ឫ​ដាក់​បន្ទុក​ទៅ​លើ​កូន​ក្តី​របស់​លោក​នោះ​ទេ។

សូម​រំឮក​ជា​ថ្មី​ថា លោក​កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ និង​យក​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ក្រោម​ហេតុផល​សន្តិសុខ និង​សណ្តាប់​ធ្នាប់។ គិត​មក​ដល់​ពេល​នេះ គឺ​ជិត​៤​ខែ​មក​ហើយ​ដែល​លោក​កឹម សុខា ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ទីនោះ។ យ៉ាង​ណា​ក៏​ដោយ លោក​មេធាវី​សំ សុគង់ បាន​លើក​ឡើង​ថា នៅ​សប្តាហ៍​ក្រោយ​នេះ ក្រុម​មេធាវី​នឹង​ចុះ​ទៅ​ជួប​លោក​កឹម សុខា ជា​ថ្មី ដើម្បី​ពិភាក្សា​ជាមួយ​លោក​អំពី​គម្រោង​រៀប​ចំ​ស្នើ​ឲ្យ​ចៅក្រម​បំពេញ​កិច្ច​នៅ​ក្នុង​សំណុំ​រឿង​របស់​លោក។ការ​ស្នើ​ឲ្យ​ចៅក្រម​បំពេញ​កិច្ច​នេះ មាន​ន័យ​ថា ជា​ការ​ស្នើ​សុំ​ឲ្យ​ចៅក្រម​ស៊ើប​សួរ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ចំណុច​ណា​មួយ​ដែល​ក្រុម​មេធាវី​យល់​ថា ជា​ចំណុច​អាច​ជួយ​ដោះ​បន្ទុក​ដល់​កូន​ក្តី​របស់​ខ្លួន។​ ប៉ុន្តែ​នៅ​ពេល​នេះ ក្រុម​មេធាវី​មិន​ទាន់​កំណត់​ថា​នឹង​ស្នើ​ចៅ​ក្រម​បំពេញ​កិច្ច​ត្រង់​ចំណុច​ណា​មួយ​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​ជួប​ជាមួយ​លោក​កឹម សុខា ជា​មុន​សិន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ