អានតួអត្ថបទ
កម្ពុជា

​អាជ្ញាធរ​កម្ពុជា​ច្រាន​ចោល​របាយ​ការណ៍ ​ស្វែង​រក​ចាប់​ខ្លួន​ជន​ភៀស​ខ្លួន​ម៉ុង​តាញ៉ា

អ្នក​​នាំ​ពាក្យ​​ក្រសួង​មហា​ផ្ទៃ ​លោក ​ខៀវ​ សុភ័​ក្រ​ បាន​​ច្រាន​ចោល​​​​ព័ត៌​មាន​​នៃ​​ការ​ស្វែង​រក​​ចាប់​ខ្លួន​ ជន​ជាតិ​ភាគ​តិច​​ម៉ុង​​តា​ញ៉ា​​ចំនួន​១៣​នាក់ និង​​ បញ្ជូន​​ត្រលប់​ទៅ​កាន់​​ប្រទេស​​វៀត​ណាម​​​។ ​ឧ​ត្ត​ម​​ស្នង​ការ​​ជាន់​ខ្ពស់​​ទទួល​​បន្ទុក​​ជន​ភៀស​ខ្លួន​​នៃ​​អង្គការ​សហ​ប្រជា​ជាតិ ​UNHCR​ ទើប​បាន​ចេញ​​សេច​ក្តី​ថ្លែង​ការណ៍​​មួយ ​​​សំដែង​​ការ​ព្រួយ​បារម្ភ​ពី​​ការតាម​ចាប់​​​​ខ្លួន​​ជន​ជាតិ​ភាគ​តិច​​ម៉ុងតាញ៉ា​​ដែល​​បាន​​រត់​​ភៀស​ខ្លួន​​មក​​ប្រទេស​​កម្ពុជា។​

លោកខៀវ សុភ័ក្រអ្នកនាំពាក្យក្រសួងមហាផ្ទៃ
លោកខៀវ សុភ័ក្រអ្នកនាំពាក្យក្រសួងមហាផ្ទៃ RFI
ផ្សាយពាណិជ្ជកម្ម

គ្មាន​ការ​ស្វែង​រក​ចាប់​បញ្ជូន​ខ្លួន​ជន​ជាតិ​ម៉ុង​តា​ញ៉ា​ទៅ​កាន់​ប្រទេស​វៀតណាម​នោះ​ទេ។​ នេះ​គឺជា​ការ​អះ​អាង​របស់​លោក​ ខៀវ​ សុភ័ក្រ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី៣​ខែធ្នូ​ឆ្នាំ​២០១៤​នេះ​។ ការ​អះអាង​បែប​នេះ ​គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​ឧត្តម​ស្នងការ​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជនភៀស​ខ្លួន​ UNHCR​ ដោយ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ពី​ដំ​ណឹង​នៃ​ការ​តាម​ចាប់​ខ្លួន ​ជន​ភៀស​ខ្លួន​ម៉ុង​តា​ញ៉ា១៣នាក់​ ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ខេត្ត​រតន​គីរី។ ​ប៉ុន្តែ​លោក ​ខៀវ​ សុភ័ក្រ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​និង​លោក ​ងួន​ គឿន ​ស្នង​ការ​នគរ​បាល​ខេត្ត​រតន​គីរី​ បាន​ច្រាន​ចោល ​ចំពោះ​ព័ត៌​មាន​នេះ ​ហើយ​ថា​ គ្មាន​ជន​ជាតិ​ម៉ុង​តា​ញ៉ា​នៅ​លើ​ទឹក​ដី​កម្ពុជា​នោះ​ទេ។​

 

បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​រតនគីរី​ គេ​បាន​ដឹង​ព័ត៌​មាន​នៃ​ការ​មក​ដល់​របស់​ជនជាតិ​ភាគ​តិច​ម៉ុង​តា​ញ៉ា​ចំនួន​១៣នាក់​ ហើយ​ពួក​គេ​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ​មួយ​ នៅ​ចន្លោះ​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ខេត្ត​រតនគីរី​ និង​ភូមិ​ទេន ឃុំយ៉ាទុង ​ខេត្ត​យ៉ា​ឡាយ​ប្រទេស​វៀតណាម។

 
លោក ​សុវណ្ណ ​ប៊ុន​ថៃ ​អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ បាន​អោយ​ដឹង​ថា ​មាន​អ្នក​ភូមិ​ជន​ជាតិ​ចា​រ៉ា​យ​នៅ​ខេត្ត​រតនគីរី​ បាន​រាយ​ការណ៍​ពី​វត្ត​មាន​របស់​ជនជាតិ​ភាគ​តិច​ភ្នំ​ម៉ុង​តា​ញ៉ា​ មក​កាន់​ខេត្ត​រតនគីរី​ ​កាល​ពី​ចុង​ខែ​តុលា ​ដើម្បី​គេច​ចេញ​ពី​ការ​ធ្វើទុក្ខបុក​ម្និញ​របស់​​អាជ្ញាធរ​វៀតណាម​ទៅ លើ​សិទ្ធិ​សេរីភាព​ខាង​សាសនា​ និង​នយោបាយ។ ​ប៉ុន្តែ​ពួកគេ​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ព្រៃ។​ 

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​របស់​ឧត្តម​ស្នង​ការ​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជា​ជាតិ​ទទួលបន្ទុក​ជនភៀស​ខ្លួន​ UNHCR​ ដែល​បាន​ចេញ​ផ្សាយ​ពី​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វ៊ី​ស ​កាល​ពី​ថ្ងៃទី​២ធ្នូ ​អង្គការ​UNHCR ​បានសំដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ចំពោះ​សេចក្តី​រាយការណ៍​ដែល​ថា ​អាជ្ញាធរ​កម្ពុជា​កំពុង​តែ​ស្វែង​រក​ចាប់ខ្លួន​ជន​ជាតិ​ម៉ុង​តា​ញ៉ា១៣​នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​UNHCR​ ក៏​បាន​សរសេរ​លិខិត​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ដើម្បី​ជួយ​ដល់​ជន​ជាតិ​ភាគ​តិច​ទាំង​១៣​នាក់​ ហើយ​ថា ​រដ្ឋាភិបាល​កម្ពុជា ​និង​UNHCR ​គួរតែ​ធ្វើការ​រួម​គ្នា ​ដើម្បី​ជួយ​ដល់​ជន​ភៀស​ខ្លួន​ទាំង​នោះ ​និង​ទទួល​ស្គាល់​ថា ​ពួក​គេ​គឺជា​ជន​ភៀស​ខ្លួន​ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ