ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
កម្ពុជា

​អតីត​សកម្ម​ជន​បក្ស​ប្រឆាំង​៤រូប​ទៀត​នៅ​ខេត្ត​ប៉ៃលិន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «​រួម​គំនិត​ក្បត់​»​

media  
សកម្មជនអតីតបក្សប្រឆាំងដែលបានភៀសខ្លួន @FB

អតីត​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​៤រូប​ទៀត​នៅ​ខេត្ត​ប៉ៃ​លិន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់​»។ សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី ២ តុលា​នេះ មាន​សកម្មជន​អតីត​គណ​បក្ស​ប្រឆាំង​សរុប​១៦៥​នាក់​ហើយ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ និង​៣០​នាក់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ពី​បទ «រួម​គំនិត​ក្បត់» ខណៈ​ដែល​ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា​លោក ហ៊ុន សែន នៅ​ថ្ងៃ​នេះ បាន​ប្រកាស​ថា លោក​នឹង​មិន​អត់​ឱន​ឲ្យ​ឡើយ ចំពោះ​ជន​ទាំង​ឡាយ​ណា​ដែល​ចូល​រួម​ក្នុង​យុទ្ធ​នា​ការ «លើក​ម្រាម​ដៃ​៩» ដែល​ជា​ការ​គាំទ្រ​ផែន​ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី។ 

គិត​ត្រឹម​ថ្ងៃទី ២ ខែតុលានេះ យ៉ាង​ហោច​ណាស់​មាន​សកម្មជន​អតីត​គណ​បក្ស​ប្រឆាំង​សរុប​១៦៥​នាក់​ហើយ ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​បាន​ចោទ​ប្រកាន់ និង​៣០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ «រួម​គំនិត​ក្បត់​»។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក ឃិន ជំរឿន ប្រធាន​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជ​ធានី​ភ្នំពេញ​។ ចំនួន​នេះ​បាន​កើន​ឡើង គឺ​បន្ទាប់​ពី​តុលា​ការ​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃទី ០១ តុលា ទើប​តែ​បាន​សម្រេច​ចោទ​ប្រកាន់​មនុស្ស​៤​នាក់​ទៀត ពី​បទ «រួម​គំនិត​ក្បត់»។ ក្នុង​នោះ​រួម​មាន៖ ទី១.លោកស្រី វ៉ន ដារ៉ា ហៅ​ប៉ុច អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន ទី២.ឈ្មោះ ឈុន សិទ្ធី ហៅគ្រូធី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​អតីត​សកម្ម​ជន, ទី៣.ឈ្មោះ ឃិន ប៉ុន ភេទ​ប្រុស អាយុ៦៤ឆ្នាំ អតីត​បេក្ខជន​បម្រុង និងទី៤ គឺឈ្មោះ ហ៊ុយ ហួន ភេទប្រុស អាយុ៦៨ឆ្នាំ ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។ ប៉ុន្ដែ​ទោះ​ជា​យ៉ាង​ណា មនុស្ស​ទាំង​៤​នាក់ ដែល​ត្រូវ​បាន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ប៉ៃ​លិន​សម្រេច​ចោទ​ប្រកាន់​នេះ បាន​រត់​ភៀស​ខ្លួន​ទៅ​ដល់​ប្រទេស​ថៃ​រួច​ហើយ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ប៉ៃលិន ការ​ចោទ​ប្រកាន់​លើ​ជន​សង្ស័យ​ខាង​លើ​នេះ គឺ​ពាក់​ព័ន្ធ​នឹង​អំពើ​របស់​ឈ្មោះ វ៉ន ដារ៉ា ហៅ ប៉ុច បាន​ផ្តល់​នូវ​បទ​សម្ភាស៍​តាម​វិទ្យុ​អាស៊ី​សេរី កាល​ពី​អំឡុង​ខែ​សីហា ឆ្នាំ​២០១៩​។ ចំណែក​ឈ្មោះ ឈុន សិទ្ធី ហៅ​គ្រូធី, ឈ្មោះ ហ៊ុយ ហួន និងឈ្មោះ ឃិន ប៉ុន គឺ​ពាក់​ព័ន្ធ​នឹង​ការ​ផ្ដល់​ទីកន្លែង​សម្រាប់​ជួប​ជុំ និង​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​បណ្ដេញ Facebook រួម​ជា​មួយ​អត្ថបទ​ដែល​មាន​លក្ខណៈ​ជា​ការ​កៀរ​គរ បំផុស​ឲ្យ​មហាជន​ចូល​រួម​ក្នុង​ផែន​ការ​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា ក្រោម​ឧបាយ​កល «ផែន​ការ​នៃ​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​របស់ លោក សម រង្ស៊ី​»​។

យ៉ាងណាក៏ដោយ លោក ឃិន ជំរឿន ប្រធាន​យុវជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​ ដែលកំពុងនិរទេសខ្លួននៅឯប្រទេសថៃ បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិនៅថ្ងៃទី ០២ តុលានេះថា ​ចំនួននៃការចោទប្រកាន់និងចាប់ខ្លួន លើអតីតសកម្មជនគណបក្សប្រឆាំងនឹងកើនឡើងបន្ថែមទៀត ខណៈដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសថា លោកនឹងមិនអត់ឱនឲ្យឡើយ ចំពោះជនទាំងឡាយណាដែលចូលរួមក្នុងយុទ្ធនាការ «លើកម្រាមដៃ៩»។ ជាយុទ្ធនាការដែលជាសញ្ញានៃការគាំទ្រផែនការវិលត្រលប់របស់លោក សម រង្ស៊ី នៅថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពួកគេនឹងត្រូវបានចោទប្រកាន់ពីបទ «ឧបឃាត» ដែលត្រូវបានផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌកម្ពុជា៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ