ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

​អាជ្ញាធរ​បង្កើន​ការ​ចាប់​ខ្លួន​សកម្ម​ជន​អតីត​CNRP ខណៈ​ថ្ងៃ​កំណត់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាន់​តែ​ខិត​ជិត​មក​ដល់​

media  
អាជ្ញាធរបង្កើនការចាប់ខ្លួនសកម្មជនអតីតCNRP @FB

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មន្រ្តី​អតីត​បក្ស​ប្រឆាំង​២នាក់​បន្ថែម​ទៀត​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​រួម​គំនិត​ក្បត់​ជាមួយ​លោក​សម រង្ស៊ី។ ចំណែក កាល​ពី​ម្សិល​មិញ​វិញ មន្រ្តី​អតីត​បក្ស​ប្រឆាំង​យ៉ាង​ហោច​ណាស់ ១១នាក់​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ដូច​គ្នា​នេះ​ផង​ដែរ​។ ការ​បង្កើន​ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​ថ្ងៃ​កំណត់​ចូល​ស្រុក​របស់​លោក សម រង្ស៊ី កាន់​តែ​ខិត​ចូល​មក​ដល់ គឺ​នៅ​ថ្ងៃសៅរ៍ ចុង​សប្តាហ៍នេះ​។ 

ជន​សង្ស័យ​រួម​គំនិត​ក្បត់​ជាមួយ​លោក​សម រង្ស៊ី ពីរ​នាក់​បន្ថែម​ទៀត​ហើយ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង ខណ្ឌ​សែន​សុខ បាន​ឃាត់​ខ្លួន​នៅ​ព្រឹក​ថ្ងែទី៦ ខែវិច្ឆិកា​នេះ​។ កាល​ពី​ថ្ងៃអង្គារ អតីត​សមាជិក​ក្រុម​ប្រឹក្សា​សង្កាត់​បឹង​សាឡាង​របស់​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​ម្នាក់ និង មនុស្ស​ចំនួន​១០​នាក់​ផ្សេង​ទៀត​ដែល​នៅ​ប្រចាំ​ការ​យាម​នៅ​អតីត​ទីស្នាក់​ការ​គណ​បក្ស​សង្រ្គោះ​ជាតិ ក៏​ត្រូវ​បាន​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ចាប់​ឃាត់​ខ្លួន​ផង​ដែរ​។ គិត​ទាំង​លើក​នេះ សកម្ម​ជន និង មន្រ្តី​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​មិន​ក្រោម​ជាង​៦០​នាក់​ទេ​ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​ការ​ប្រកាន់​ពី​បទ​រួម​គំនិត​ក្បត់​ជាមួយ​លោក សម រង្ស៊ី ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​កម្ពុជា​តាម​រយៈ​ផែន​ការ​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា​។

ជាមួយ​នឹង​ការ​បន្ត​ចាប់​ខ្លួន​នេះ នៅ​តាម​ព្រំ​ដែន​កម្ពុជា-ថៃ​ឯណោះ​វិញ កង​ទ័ព​កម្ពុជា​ក៏​បាន​ដាក់​ពង្រាយ ដើម្បី​ត្រៀម​ចាប់​ខ្លួន​លោក​សម រង្ស៊ី និង ថ្នាក់​ដឹក​នាំ​អតីត​គណ​បក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​ទៀត​។ លើស​ពី​នេះ​ទៀត អាជ្ញាធរ​ថៃ​ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ដោយ​បិទ​បដា​រូប​ថត​លោក​សម រង្ស៊ី និង មន្រ្តី​ផ្សេង​ទៀត ដើម្បី​ស្វែង​រក​ចាប់​ខ្លួន និង មិន​ឱ្យ​មាន​ការ​ប្រមូល​ផ្តុំ​នៅ​តាម​ច្រក​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​ឡើយ​។

ចំណែក បញ្ហា​សន្តិ​សុខ និង សណ្តាប់​ធ្នាប់​នៅ​ក្នុង​ប្រទេស​ឯណេះ​វិញ អាជ្ញាធរ​កម្ពុជា​ក៏​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ហើយ​ដែរ ដើម្បី​ចាប់​ខ្លួន​លោក សម រង្ស៊ី និង អ្នក​ពាក់​ព័ន្ធ​ទៀត​នៅ​ថ្ងៃទី០៩ ខែវិច្ឆិកា​។ មិន​តែ​ប៉ុណ្ណោះ សម្រាប់​ថ្ងៃ​បុណ្យ​ឯរាជ្យ​ជាតិ ៩វិច្ឆិកា និង​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី១០ ១១ និង១២ ខែវិច្ឆិកា ខាង​មុខ​នេះ រដ្ឋា​ភិបាល​កម្ពុជានឹងបង្កើនការ​ដាក់​ពង្រាយ​កង​កម្លាំង​ចម្រុះ​ដល់​ទៅ​ជិត​២ម៉ឺន​នាក់​ឯណោះ​។ ចំនួន​នេះ គឺ​កើន​ឡើង​ច្រើន​បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​ទៅ​មិញ ដែល​មាន​ចំនួន​ត្រឹម​តែ​១ម៉ឺន៣ពាន់​នាក់​ប៉ុណ្ណោះ​។

លោក​ខៀវ សុភ័គ អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​គូស​បញ្ជាក់​ថា ការ​បង្កើន​ចំនួន​កង​កម្លាំង​ចម្រុះ​នេះ គឺ​ដើម្បី​ទប់​ស្កាត់​ការ​គម្រាម​កំហែង​សន្តិ​សុខ​ជាតិដែល​មាន​ជាប់​ទាក់​ទង​ទៅនឹង​ផែន​ការ​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ។ ក៏​ប៉ុន្តែ លោក​សម រង្ស៊ី ធ្លាប់​បាន​ប្រកាស​ថា នឹង​បូជា​ជីវិត និង សេរីភាព​ផ្ទាល់​ខ្លួន ដើម្បី​ចូល​មក​ប្រទេស​កម្ពុជា​ឱ្យ​ទាល់​តែ​បាន ទៅ​តាម​ការ​គ្រោង​ទុក​នៅថ្ងៃទី០៩ វិច្ឆិកា ខាង​មុខ​នេះ​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ