អានតួអត្ថបទ
កម្ពុជា-ច្បាប់

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដី​កា​ជា​លើក​ទី២​ឲ្យ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ​ចូលសាកសួរ​រឿងក្តី​ប្រើ​អំពើ​ហិង្សា​

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ម៉ន​ ផល្លា​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ចូល​បំភ្លឺ​ដំណើរ​រឿង​ក្តី​ប្រើ​អំពើ​ហិង្សា​។ នៅ​ដើម​សប្តាហ៍​នេះ​ អយ្យការ​អម​សាលា​ដំបូង​បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​ជាលើក​ទី​២​ បន្ទាប់​ពី​លើក​ទី​១ត្រូវ​បាន​ធ្វើ​ឡើង​កាលពី​២ខែ​មុន​។ រីឯ​ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត​ក៏បាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ ក្រោយ​ឡើងកាន់​តំណែង​ ភាគច្រើន​ជា​មេឃុំ​ ចៅសង្កាត់​។ អត្ថបទ​ដោយ​៖ ប៊ុន​ សៅ​សុភ​នាថ​ និង​ ទី​ កញ្ញា​

លោក​ម៉ន ផល្លា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ
លោក​ម៉ន ផល្លា ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ @RFI
ផ្សាយពាណិជ្ជកម្ម

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បានចេញ​ដីកា​ កាលពី​ថ្ងៃ​ចន្ទ​ ទី៧​ សីហា​ ហើយ​ទើប​តែ​ដល់​ដៃ​អ្នក​សារព័ត៌មាន​កាលពី​ម្សិលមិញ​ បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​ លោក​ ម៉ន​ ផល្លា​ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ «ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស» ​លើ​យុវជន​ម្នាក់​នៅខណ្ឌ​មានជ័យ​ ដែល​កើតឡើង​អំឡុង​ពេល​ឃោសនា​គណបក្ស​ សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ កាល​ពី​ខែ​ឧសភា​ កន្លងទៅ​។

ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ អេង​ ឆៃអ៊ាង​ អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍​ ថា​ រឿង​ប្តឹង​លោក​ ម៉ន​ ផល្លានេះ​ គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ​ ព្រោះ​ករណីនេះ​ លោក​ម៉ន ផល្លា​ មិន​បាន​ជាប់​ពាក់ព័ន្ធ​នោះ​ឡើយ​ តែ​បែរជា​អាជ្ញាធរ​កោះហៅ​លោក​ម៉ន ផល្លា​ទៅវិញ​។ លោក​បន្ត​ថារឿង​នេះ​គ្រាន់​តែជា​រឿង​ប៉ះ​ទង្គិច​គ្នា​រវាង​ក្មេង​ប្រុស​ម្នាក់​បើក​ម៉ូតូ​កាត់​ហ្វូងឃោសនា​ប៉ុណ្ណោះ​។

បុរស​រង​គ្រោះ​នោះ​ បាន​ដាក់ពាក្យ​បណ្តឹង​នៅថ្ងៃ​បន្ទាប់​ ក្រោយ​ពីមាន​ជម្លោះ​ហិង្សា​ជាមួយ​​​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​។ បន្ទាប់មក​ នៅចុង​ខែមិថុនា​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ចេញ​ ”ដីការ​បញ្ជា​ឲ្យចូល​ខ្លួន​” ទៅ​លោក​ម៉ន ផល្លា​។

លោក​ អេង​ ឆៃអ៊ាង​ បាន​ឲ្យដឹង​ថា​ កន្លងមក​ មាន​ការ​ប្ដឹង​ផ្ដល់​ច្រើន​ ជាង២០ករណី​ហើយ​ ដែល​លោក​ហៅថា​ ជា​ការប្រើប្រាស់​តុលាការ​មកគាប​សង្កត់​គណបក្ស​សង្គ្រោះជាតិ​។ ទន្ទឹម​នឹងនោះ​ មេឃុំ​ចៅសង្កាត់​ថ្មី​របស់​គណបក្ស​សង្គ្រោះជាតិ​ ក៏មាន​បញ្ហា​ប្រឈម​ខ្លះជាមួយ​ចៅសង្កាត់ចាស់​ ដោយសារ​អ្នកចាស់​មួយចំនួន​មិនព្រម​ប្រគល់​កន្លែង​ធ្វើការ​ដល់ចៅ​សង្កាត់ថ្មី​។ នេះ​គឺជា​ការលើកឡើង​របស់​ អនុប្រធាន​គណបក្ស​ប្រឆាំង​។

ដោយឡែក​ លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណរដ្ឋមន្ត្រី​ បាន​ធ្វើការ​បដិសេធ​ ចំពោះការ​លើកឡើង​ថា​ មានការ​ប្រើប្រាស់​តុលាការ​មកគាប​សង្កត់​គណបក្ស​ប្រឆាំង​។​ លោក​បន្ត​ថា​ នេះត្រឹម​ជាការ​លើកឡើង​ ដើម្បី​ឲ្យ​ប្រជាជន​យល់​ថា​ តុលាការ​ជា​ឧបករណ៍​នយោបាយ​ តែជាក់ស្តែង​ តុលាការ​សម្រេច​លើអ្វីមួយ​ គឺសិ្ថត​លើ​អង្គហេតុ​ និងអង្គច្បាប់​។

សូម​រំលឹក​ដែរថា​ កាលពីពេល​ថ្មីៗនេះ​ មេឃុំ​ជើងព្រៃ​ ក្នុង​ខេត្ត​កំពង់ចាម​ ដែល​ទើប​ឡើង​កាន់តំណែង​ថ្មីមក​ពី​គណបក្ស​សង្គ្រោះជាតិ​ បាន​បញ្ជា​ឲ្យ​អេស្កាវ៉ាទ័រ​ទៅកាប់​ប្រឡាយទឹក​ លើចិញ្ចើម​ផ្លូវលំ​ និងធ្វើឲ្យ​ផ្លូវ​រងការ​ខូចខាត​។ ជាហេតុ​ធ្វើឲ្យ​ អភិបាល​ខេត្ត​កំពង់ចាម​ បញ្ជា​ឲ្យ​បញ្ឈប់​សកម្ម​នេះជា​បន្ទាន់​ និង​ ឲ្យ​មេឃុំ​រូបនេះ​ ធ្វើការ​ជួសជុល​ផ្លូវ​ឲ្យ​ដូចដើម​ក្នុង​រយៈពេល​១សប្ដាហ៍​ បើមិន​ដូច្នេះ​ទេ​ លោក​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​លោក​ចាត់​ទុកថា​ ទង្វើ​បែបនេះ​គឺជាការ​បំផ្លាញ​ទ្រព្យសម្បត្តិ​និង​ ផលប្រយោជន៍​សាធារណៈ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ