អានតួអត្ថបទ
កម្ពុជា-នយោបាយ

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១៦វិច្ឆិកា

លោក​ស្រី មួរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​ស្ថិត​នៅ​ប្រទេស​អង់គ្លេស បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា។ ជា​ថ្ងៃ​ដែល​តុលាការ​កំពូល​នឹង​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ ប៉ុន្តែ​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​បាន​អះ​អាង​ថា គណបក្ស​គ្មាន​ផែនការ​ធ្វើ​បាតុកម្ម​តវ៉ា​នោះ​ទេ។

លោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ
លោកស្រីមួរ សុខហួរ អនុប្រធានគណបក្សសង្រ្គោះជាតិ © Reuters
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​វីដេអូ​ឃ្លីប​ដែល​ផ្សាយ​បន្ត​នៅ​លើ​ទំព័រ​ហ្វេសបុក​របស់​លោក សម រង្ស៊ី កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៣ វិច្ឆិកា លោក​ស្រី មូរ សុខហួរ បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ប្រមូល​ផ្តុំ​នៅ​មុខ​តុលាការ​កំពូល ​នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា ជា​ថ្ងៃ​ដែល​តុលាការ​កំពូល នឹង​បើក​សវនាការ​កាត់​ក្តី​ថា តើ​គណបក្ស​សង្រ្គោះ​ជាតិ នឹង​ត្រូវ​រំលាយ​ឬ​យ៉ាង​ណា?

លោក​ស្រី មូរ សុខហួរ ដែល​អះ​អាង​ថា កំពុង​ស្ថិត​នៅ​ទី​ក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស ជា​ទី​ដែល​លោក​ស្រី​ត្រូវ​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​នៃ​ប្រទេស​នេះ បាន​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​តុលាការ​កំពូល ដោយ​ពាក់​អាវ​ដែល​មាន​រូប​សញ្ញា​របស់​គណបក្ស ដើម្បី​បង្ហាញ​ឆន្ទៈ​របស់​ខ្លួន​ប្រឆាំង​នីតិវិធី​របស់​តុលាការ​កំពូល​នេះ។ ប៉ុន្តែ​មន្រ្តី​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស ធ្លាប់​បាន​អះអាង​ថា គណបក្ស​ប្រឆាំង​គ្មាន​ផែនការ​ជួប​ជុំ​គ្នា​ដើម្បី​ធ្វើ​ការ​តវ៉ា​នោះ​ទេ។

គួរ​ជំរាប​ជូន​ថា ដើម្បី​បញ្ជៀស​ការ​តវ៉ា​ប្រមូល​ផ្តុំ​ណា​មួយ​ដែល​អាច​កើត​មាន​ឡើង​នៅ​មុខ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី ១៦ វិច្ឆិកា ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​តុលាការ​នោះ រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក ស ខេង បាន​ចេញ​បទ​បញ្ជា​មួយ កាល​ពី​ថ្ងៃ​ទី ១៣ វិច្ឆិកា ដោយ​បាន​ណែនាំ​ឲ្យ​អភិបាល​រាជធានី-ខេត្ត​នៅ​ទូទាំង​ប្រទេស ដាក់​កម្លាំង​ត្រៀម​ប្រចាំ​ការ​២៤​ម៉ោង ចាប់​ពី​ថ្ងៃ​ទី ១៥ វិច្ឆិកា ត​ទៅ។ ជា​វិធានការ ដើម្បី​តាម​ដាន​និង​ដោះ​ស្រាយ​បញ្ហា​នានា ដែល​នៅ​ក្នុង​លិខិត​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង បាន​ចាត់​ទុក​ថា ជា​សកម្មភាព​ពាក់​ព័ន្ធ​នឹង​ឧបាយកល​ផ្តួល​រំលំ​រដ្ឋ​អំណាច​ស្រប​ច្បាប់​នៅ​កម្ពុជា។ ប៉ុន្តែ​តាម​រយៈ​វីដេអូ​ឃ្លីប​ជាង​១៥​នាទី​ពី​ទី​ក្រុង​ឡុងដ៏​ប្រទេស​អង់គ្លេស លោក​ស្រី មូរ សុខហួរ បាន​រិះ​គន់​ទៅ​លើ​វិធានការ​របស់​អាជ្ញាធរ​កម្ពុជា​ដែល​ត្រៀម​ដាក់​កម្លាំង​បង្រ្កាប ទៅ​លើ​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ថា​ ជា​ទង្វើ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​នៅ​តែ​អះអាង​ថា គណបក្ស​សង្រ្គោះ​ជាតិ មិន​មាន​ផែនការ​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​រូប​នេះ​នៅ​តែ​ជឿ​ជាក់​ថា គេ​មិន​អាច​យក​កៅអី​រដ្ឋសភា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​កើត​ចេញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​នោះ ទៅ​ចែក​គ្នា​បាន​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ