ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 20/09 12h00 GMT
កម្ពុជា

គណបក្ស​សង្រ្គោះ​ជាតិ នឹង​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ទេ បើ​មិន​ដោះ​លែង​លោក កឹម សុខា

media  
លោក​ស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ @សហការី

សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ​ចំនួន​១៧​រូប បាន​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​មិញ​នេះ​ទេ ដោយ​ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​វិញ។ គោល​បំណង​របស់​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង គឺ​ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ និង​ឃ្លាំ​មើល​ស្ថានភាព​នៃ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង។ ទោះ​យ៉ាង​នេះ​ក្តី ក្រុម​សមាជិក​សភា​គណបក្ស​ប្រឆាំង​ដឹក​នាំ​ដោយ​លោក​ស្រី មូរ សុខហួរ បាន​សន្យា​ថា នឹង​បន្ត​មក​តវ៉ា​នៅ​មុខ​ពន្ធនាគារ​នេះ​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ​ រហូត​ទាល់​តែ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ហើយ​ថា គណបក្ស​នេះ​នឹង​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ទេ បើ​គ្មាន​ការ​ដោះ​លែង​លោក កឹម សុខា។

ភ្ជាប់​ជាមួយ​លក្ខ័ណ្ឌ​មួយ​ចំនួន​ទៀត គណបក្ស​សង្រ្គោះ​ជាតិ​បាន​អះ​អាង​ថា គណបក្ស​នេះ នឹង​មិន​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​នោះ​ទេ បើ​មិន​មាន​ការ​ដោះ​លែង​លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង។ លោក​ស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ចោទ​ជា​សំណួរ​ថា តើ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ឬ​ទេ បើ​ប្រធាន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​នោះ?

ការ​លើក​ឡើង​របស់​លោក​ស្រី មូរ សុខហួរ បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​លោក​ស្រី បាន​ដឹក​នាំ​ក្រុម​សមាជិក​សភា​គណបក្ស​សង្រ្គោះ​ជាតិ អម​ដោយ​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី សរុប​ចំនួន​១៧​រូប ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ (ម3) ត្រពាំង​ផ្លុង ស្ថិត​នៅ​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១១ កញ្ញា។ ប៉ុន្តែ​ដំណើរ​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ទាំង​១៧​រូប ត្រូវ​បាន​រារាំង​ដោយ​អាជ្ញាធរ​កម្ពុជា ប្រមាណ​ជា​៦០០​នាក់ បាន​ទប់​ស្កាត់​នៅ​ត្រឹម​ផ្លូវ​ចូល​ទៅ​កាន់​ពន្ធនាគារ។ ក្រុម​សមាជិក​សភា​និង​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​សមត្ថកិច្ច​ដែល​មិន​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​ទៅ​កាន់​ពន្ធនាគារ ម3 ដើម្បី​សួរ​សុខ​ទុក្ខ​លោក កឹម សុខា បើ​ទោះ​បី​ជា​ក្រុម​តំណាង​រាស្រ្ត​បាន​ដាក់​សំណើ​សុំ​ត្រឹម​ត្រូវ​តាម​ច្បាប់​ហើយ​ក្តី។ នៅ​ក្នុង​លិខិត​បដិសេធ​របស់​ចៅ​ក្រម​ស៊ើប​សួរ របស់​តុលាការ​ក្រុង​ភ្នំពេញ បាន​លើក​ហេតុ​ផល​ថា ករណី​របស់​លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​ស៊ើបសួរ ហេតុ​ដូច្នេះ ​ មិន​ទាន់​អាច​អនុញ្ញាតិ​ឲ្យ​ក្រុម​តំណាង​រាស្ត្រ​ចូល​ជួប​បាន​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​ទៅ​កាន់​អ្នក​កាសែត​នៅ​មុខ​ពន្ធនាគារ​នេះ ដោយ​បាន​ចោទ​ជា​សំណួរ​ពី​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ថា តើ​ជា​ការ​បោះ​ឆ្នោត ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌​ឬ​ទេ បើ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​ប្រឆាំង? តើ​សហគមន៍​អន្តរជាតិ នឹង​ទទួល​ស្គាល់​រដ្ឋាភិបាល​ថ្មី​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នេះ​ដែរ​ឬ​ទេ?

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ខ្លី​នេះ លោក​ស្រី មូរ សុខហួរ បាន​បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ថា លោក កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ហើយ​បាន​សន្យា​ថា ក្រុម​សមាជិក​រដ្ឋសភា និង​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង នឹង​បន្ត​មក​តវ៉ា​នៅ​មុខ​ពន្ធនាគារ​នេះ នៅ​រៀង​រាល់​ថ្ងៃ​ចន្ទ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ រហូត​ទាល់​តែ​មាន​ការ​ដោះ​លែង​លោក កឹម សុខា។ សូម​បញ្ជាក់​ដែរ​ថា នៅ​ក្នុង​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ​និង​អាជ្ញាធរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​កញ្ញា​នេះ មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ទេ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ