ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/06 12h00 GMT
កម្ពុជា

លោក ម៉ោញ សារ៉ាត់ បដិសេធ​ច្រាន​ចោល​ព័ត៌មាន​ថា​​ខ្លួន​​ជា​​ឪពុក​បង្កើតរបស់ Maddox,​កូន​ប្រុសចិញ្ចឹម​របស់តារា Angelina Jolie!

media  
លោក ម៉ោញ សារ៉ាត់ គឺជាអតីតជាប្រធានអង្គការទស្សនខ្មែរដើម្បីអភិវឌ្ឍន៍ @Facebook-mounh-sarath

ពេញ​មួយ​ថ្ងៃនេះ មាន​ដំណឹង​លេច​ឮ​កក្រើក​បណ្តាញ​សង្គម Facebook ថា លោក ម៉ោញ សារ៉ាត់ ដែល​ត្រូវ​គេ​យល់​​ថា ​ជា​ឪពុក​បង្កើត​របស់ Maddox, កូន​ប្រុស​ចិញ្ចឹម​របស់​តារា​ហូលីវូដ​ Angelina Jolie។ លោក ម៉ោញ សារ៉ាត់ បាន​យល់​ព្រម​ឆ្លើយ​សំណួ​របស់​វិទ្យុ​បារាំង ដោយ​បដិសេធ​ព័ត៌មាន​ថា ខ្លួន​ជា​ឪពុកបង្កើតរបស់ Maddox គឺលោកថា គ្មាន​ជាប់​សាច់​ឈាម​អ្វីនឹងគ្នា​ទេ ហើយលោក​​ថែមទាំង​ច្រាន​ចោល​ព័ត៌មាន​ចចាមអារ៉ាម​ថា​ លោក​ចង់​ប្តឹង​ទារ​១ពាន់​ដុល្លារពី​លោកស្រី​ Jolie ថែមទៀត។  

 

លោក ម៉ោញ សារ៉ាត់ គឺ​ជា​អតីត​ជាប្រធាន​អង្គការ​ទស្សន​ខ្មែរ​ដើម្បីអភិវឌ្ឍន៍​ បាន​យល់​ព្រម​​ប​ក​ស្រាយ​បំភ្លឺ ប្រាប់​​វិទ្យុ​បារាំងRFI ​ថា រូប​លោក គ្មាន​ជាប់​សាច់​ឈាមអ្វី​​ជាមួយ​ Maddox, កូន​ប្រុស​ចិញ្ចឹមរបស់តារាហូលីវូដ Angelina Jolie នោះទេ​។ ហើយ​លោកក៏​គ្មាន​បាន​មាន​ចេតនា​អ្វី​ចង់​ប្តឹង​ទាម​ទារ​លុយ​ពី​លោកស្រី Jolie រហូត​ដល់​១ពាន់​ដុល្លារ​នោះដែរ។ ទាំង​នេះ គឺសុទ្ធ​តែ​​ជា​ព័ត៌មាន​ចចាមអារ៉ាម​និង​ប្រឌិតតែប៉ុណ្ណោះ។ ចំពោះ​រូប​លោក, វាជារឿង​ដែល​គួរ​ឲ្យ​អស់​សំណើច ដែល​ឮថា លោក​ចង់​​ប្តឹងទារ​សំណង ១,០០០ដុល្លារ​នោះ។ លោក ម៉ោញ សារ៉ាត់ បាន​គូស​បញ្ជាក់ថា សូម្បីតែគេងយល់សប្តិ ក៏​លោក​មិនដែល​បាន​គិតរឿង​ដ៏គ្មាន​ប្រយោជន៍​អ៊ីចឹងដែរ។​ លោក​ពិតជាហួសចិត្ត នៅពេលឮសារព័ត៌មានចុះផ្សាយ ដោយ​គ្មាន​មូល​ដ្ឋាន​បែបនេះ!
 
គួរ​បញ្ជាក់ថា រឿង​ចម្រូង​ចម្រាស់​នេះ​ បាន​បែក​ធ្លាយ​ តាម​រយៈ​សារព័ត៌មាន​បរទេស​មួយ​ ឈ្មោះ​ The Sun ដែល​សរសេរ​ជាភាសា​អង់គ្លេស ចេញ​ផ្សាយ​កាលថ្ងៃអាទិត្យថា លោក ម៉ោយ សារ៉ាត មានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងលើ Maddox  ដែល​ជា​កូនប្រុស​ចិញ្ចឹម​ច្បង​របស់​លោក​ស្រី Angelina Jolie។
 
នៅ​ក្នុង​បទ​សម្ភាស​ជាមួយ The Sun លោក ម៉ោញ សារ៉ាត់ ក៏បាន​បង្ហាញ​នូវ​សំណុំ​ឯកសារ​ស្មុំ​កូន​នៅ​តុលាការ​ខេត្ត​បាត់ដំបង កាល​ពី​ខែ​សីហា ឆ្នាំ​២០០៣ ដែល​បញ្ជាក់​ថា តុលាការ​បាន​ទទួល​ស្គាល់​គាត់​គឺ​ជា​ឪពុក​បង្កើត​របស់ Maddox ។ កុមារា Maddox សព្វ​ថ្ងៃ មានវ័យ​១៥​ឆ្នាំ ត្រូវ​បាន​លោក​ស្រី Angelina Jolie ទទួល​យក​ទៅ​ចិញ្ចឹម​កាល​ពី​ឆ្នាំ​២០០១ ដែល​ពេល​នោះ ​គេ​នៅ​ជា​ទារក​ម្នាក់​នៅ​ឡើយ​។ រូប​គេ មាន​ឈ្មោះ​ដើម​ថា រ័ត្ន វិបុល​។ នេះ​បើ​តាម​កាសែត The Sun។
 
ក៏ប៉ុន្តែ ក្នុង​បទ​សម្ភាស​តាម​ទូរសព្ទ​ជាមួយ​វិទ្យុ​បារាំង លោក ម៉ោញ សារ៉ាត់ ដែល​មាន​ឈ្មោះ ​និង​រូបថត​ដូច​ក្នុងកាសែត The Sun ចុះ​ផ្សាយ​ដែរនោះ បាន​ទាត់​ចោល​ព័ត៌មាន​ដែល​បែក​ធ្លាយ​ទាំងឡាយ ហើយ​ថែមទាំងបដិសេធ​ថា លោក​គ្មាន​បាន​​ផ្តល់​បទសម្ភាស​ជាមួយ​កាសែត​  The Sun អី​ហ្នឹងទេ​។​ លោក​ក៏​ឆ្ងល់​ដែរថា The Sun នេះ បាន​ប្រភព​មក​ពី​ណា​ទេ​។
ទោះបី​យ៉ាងនេះក្តី លោក ម៉ោញ សារ៉ាត់ ប្រាប់​វិទ្យុ​បារាំង​ RFI ថា លោក​នឹង​មិន​ប្តឹងកាសែត​ The Sun នោះទេ ព្រោះ​មិន​ដឹង​ផ្អែក​ទៅ​លើ​អ្វី ឬមូលដ្ឋាន​ច្បាប់​ណា​មួយ ឬក៏​មិន​មាន​វិធី​ប្តឹង​ទៅតាមផ្លូវ​ណា និង​តាម​រយៈ​អ្វី​នោះទេ។ ចំពោះ​រូប​លោក នៅ​ពេល​នេះ គឺរង់​ចាំ​តែ​ឲ្យ​ព័ត៌មាន​វា​ស្ងប់​ស្ងាត់​បាត់​ទៅ​វិញ​តែ​ប៉ុណ្ណោះ។
 
ដោយ​ឡែក ចំពោះ​ការ​ប៉ះ​ពាល់​កិត្តិយស​របស់​តារា​ហូលីវូដ​ដ៏​ល្បាញ​ល្បី លោកស្រី Angelina Jolie គឺ​លោកទុក​ឲ្យ​សាធារណៈ​ជន​ប្រឈម​មុខជាមួយ​​លោកស្រី​ទៅចុះ។
 
ជាមួយ​នឹង​ការលេច​ចេញ​ដំណឹង​យ៉ាង​ដូច្នេះ រួម​ទាំង​ការ​បំភ្លឺ​របស់​លោក ម៉ោញ សារ៉ាត់ ទៀត​នោះ​ គឺ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ប្រតិកម្ម​យ៉ាង​ណា​មួយ​នៅ​ឡើយ​ទេ ពី​សំណាក់​លោកស្រី Angelina Jolie៕

 

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ