ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/08 12h00 GMT
កម្ពុជា

ក្រសួង​សាធារណការ​ ៖ ម្ចាស់​យានយន្ត​អាច​ទទួល​បាន​ផ្លាក​លេខ​ ឈៀក និង​បណ្ណ​បើក​បរ​ភ្លាមៗ​ តាម​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ថ្មី

media  
សេវា​សាធារណៈ​នៃ​ការ​ប្រតិបត្តិ​លើ​ការ​ចុះ​បញ្ជី​យាន​ជំនិះ​ ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​ជំនិះ​ ការ​ផ្តល់​បណ្ណ​បើកបរ​យាន​យន្ត​ និង​កម្មវិធី​យល់​ដឹង​អំពី​ទ្រឹស្តី​នៃ​ការ​បើក​បរ​ តាម​អនឡាញ​។ @facebook

នៅ​ថ្ងៃ​ចន្ទ​នេះ​ ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ នូវប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម សម្រាប់​ការ​ចុះ​បញ្ជី​យាន​ជំនិះ​ ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានជំនិះ​ ការ​ផ្តល់​បណ្ណ​បើកបរ​យានយន្ត​ និង​កម្មវិធី​យល់​ដឹង​អំពី​ទ្រឹស្តី​នៃ​ការ​បើកបរ​លើ​ទូរសព្ទ​ដៃ​។ បើ​តាម​លោក​រដ្ឋមន្រ្តី​ ស៊ុន​ ចាន់ថុល​ ការ​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​របស់​ក្រសួង​នេះ គឺ​ជា​ការ​បំពេញ​សន្យា​របស់​លោក​ ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ និង​ដើម្បី​បង្ខិត​សេវា​សាធារណៈ​ដ៏​មាន​ប្រសិទ្ធិភាព​ តម្លាភាព និង​រហ័ស ឲ្យ​ទៅ​កៀក​នឹង​ប្រជាពលរដ្ឋ​។

តើ​អ្វី​ជា​ មុខងារ​ទាំង​បួន​ នៃ​ ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ របស់​ក្រសួង​សាធារណៈការ​ ដែល​កំពុង​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​នេះ !?

សម្រាប់​ការ​ចុះ​បញ្ជី​យានយន្ត​ ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ថ្មី​នេះ​ នឹង​ ត​ភ្ជាប់​តាម​អនឡាញ​ ទៅ​កាន់​បណ្តា​ហាង​លក់​យានយន្ត​ ដើម្បី​ចុះ​បញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យានយន្ត​ភ្លាមៗ​ ហើយ​អតិថិជន​ក៏​អាចបញ្ជា​ទិញ​លេខ​ពិសេស​ លើ​គេហទំព័រ​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ តាម​តារាង​តម្លៃក្នុង​បញ្ជី​ផ្លាក​លេខ​ដែល​មាន​ស្រាប់​។​ ដូចជា ផ្លាកលេខ ភ្នំពេញ 2BA 0001 ក្រសួង​ប្រកាស​លក់ ក្នុង​តម្លៃ​ ២លានរៀល ជា​ដើម។​
 
ចំពោះ​ការ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​ជំនិះ​ ម្ចាស់​យានយន្ត​ អាច​ទទួល​សេវា​បាន​ ឈៀក នៅ ១១កន្លែង តាម​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ រួម​ទាំង​ការ​សេវា ឈៀក តាម​រយៈ រថយន្ត​ចល័ត​ពីរ​គ្រឿង​របស់​ក្រសួង។ ម្ចាស់​យានយន្ត​អាច​ណាត់​កាលវិភាគ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យាន​ជំនិះ​ តាម​រយៈ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ថ្មី​។​

អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទដៃ​ smart phone ក៏​អាច​ ទាញ​យក​ និង​តម្លើង​កម្មវិធី​យល់​ដឹង​អំពី​ទ្រឹស្តី​នៃ​ការ​បើក​បរ​ ដែល​មាន​ឈ្មោះ​ថា Cambodia Driving Rules ដើម្បី​ស្វែង​យល់​ពី​ទ្រឹស្តី​នៃ​ការ​បើកបរ​ ឬ​ប្រលង​សាកល្បង​ផ្នែក​ទ្រឹស្តី​ លេង​ល្បែង​កំសាន្ត​បញ្ញា ទាក់​ទង​នឹង​ច្បាប់​ លិខិត​បទដ្ឋាន​ចរាចរណ៍​នានា​។

ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​ត​ទៅ បេក្ខជន​ប្រឡង​យក​បណ្ណ​បើកបរ​យាន​យន្ត​ ដែល​ជាប់​ភ្លាម​នឹង​ទទួល​បាន​បណ្ណ​បើកបរ​ភ្លាម​ក្នុង​ថ្ងៃ​តែ​មួយ​ លែង​រង់​ចាំ​រាប់​ខែ​ដូច​មុន​ទៀត​ហើយ​។ បើ​តាម​ការ​បញ្ជាក់​ របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រសួង​សាធារណការ នឹងរៀប​ចំ ឲ្យ​មាន​ការ​ប្រឡង​បណ្ណ​បើក​បរ​ ទាំង​ទ្រឹស្តី​ និង​ដៃ​ចង្កូត​ នៅ​ផ្សារ​ទំនើប AOEN MALL បន្ថែម​ទៅ​លើ​ មណ្ឌល​ប្តូរ​ និងពន្យារ​បណ្ណ​បើក​បរ​យាន​យន្ត​មាន​ស្រាប់​ ដែល​បាន​ដាក់​ដំណើរ​ការ​តាំង​ពី​ ថ្ងៃ​ទី ១៥ ខែ​មិថុនា ២០១៦ (គិត​មក​ទល់​ខែ​មករា​ឆ្នាំ ២០១៧​នេះ ក្រសួង​ផ្តល់​សេវា​ជូន​ប្រមាណ ២ម៉ឺន៤​ពាន់បណ្ណ​ ដែល​អតិថិជន​ប្រើ​ពេល​វេលា​ ចន្លោះ ១៥នាទី ទៅ ២០នាទី ដើម្បី​ប្តូរ​បណ្ណ​)។

លោក ស៊ុន ចាន់ថុល បាន​បន្ថែម​ថា ការ​រៀប​ចំ​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទាំង​នេះ​ បង្កើត​ឡើង​ដោយ​កូន​ខ្មែរ​សុទ្ធសាធ​ និង​មិន​អស់​ថវិកា ដល់​ខ្ទង់​លាន​ដុល្លារ​នោះ​ទេ​។ លោក​រដ្ឋមន្រ្តី ជឿ​ជាក់​ថា ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​ទាំង​បួន​មុខងារ ដែល​ផលិត​ដោយ​កូន​ខ្មែរ​នេះ នឹង​កាត់​បន្ថយ ការ​ចំណាយ​ក្រៅ​ផ្លូវ​ការ​ និង​ការ​មិន​សប្បាយ​ចិត្ត​កន្លង​មក​របស់ ពលរដ្ឋ ក្នុង​ពេល​ស្នើ​សុំ​ចុះ​បញ្ជី​យាន​យន្ត​ និងប្រឡង​យក​បណ្ណ​បើក​បរ​ ព្រម​ទាំង​អាច​ឆ្លើយ​តប នូវ​តម្រូវ​ការ​របស់​ពលរដ្ឋ​ លើ​សេវា​សាធារណៈចាំ​បាច់​របស់​ក្រសួង​ ឲ្យ​មាន​ប្រសិទ្ធិភាព​ តម្លាភាព​ និង​ឆាប់​រហ័ស​។ ជាក់​ស្តែង​ ក្នុង​មួយ​ឆ្នាំ ទោចក្រ​យាន​យន្ត​ ដែល​កំពុង​ចរាចរណ៍​នៅ​ក្នុង​ប្រទេស​ ត្រូវ​ការ​ចុះ​បញ្ជី​ ជិត​កន្លះ​លាន​ម៉ូតូ។

ដើម្បី​ប្រើ​ប្រាស់​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​នេះ អ្នក​ប្រើ​ប្រាស់​ ចាំ​បាច់​ត្រូវ​បង្កើត​គណនី​អនឡាញ​មួយ ដើម្បី​ចូល​ទៅ​ចុះ​ឈ្មោះ​ទិញ​ផ្លាក​លេខ​យាន​យន្ត និង​ស្នើ​សុំ​ប្រឡង​បណ្ណ​បើកបរ​។ រាល់​ការ​ទូទាត់​បង់​ប្រាក់​អនឡាញ​ត្រូវ​ធ្វើ​ឡើង​តាម​សេវាកម្ម Wing និង Smart Luy។

តាម​ពិត​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​សាកល្បង​អនុវត្ត​តាំង​ពី​ថ្ងៃ​ទី ២២ខែ​សីហា ឆ្នាំ​២០១៦​មក​ម្លេះ មុន​ពេល​ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ៣០ ខែមករា ឆ្នាំ​២០១៧​នេះ។ បើ​តាម​លោក​រដ្ឋមន្រ្តី ស៊ុន ចាន់ថុល​ ត្រឹម​រយៈពេល​ ៥​ខែ​ចុង​ក្រោយ នេះ​ ក្រសួង​បាន​ចុះ​បញ្ជី​យានយន្ត​ជាង ១ម៉ឺន៥ពាន់គ្រឿង និង​ រក​ចំណូល​ចូល​ថវិកា​ជាតិ បានជាង ៨ពាន់​លាន​រៀល​តាម​រយៈ​គេហទំព័រ​អនឡាន​ប្រើ​ប្រាស់​កុំព្យូទ័រ​មិន​មែន​សរសេរ​ដៃ។

គួរ​ជម្រាប​ថា ​តាម​របាយការណ៍​ របស់​ក្រសួង​ សាធារណការ និង​ដឹក​ជញ្ជូន​ ​គិត​ពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ​២០១៦​ យានយន្ត​បាន​ចុះ​បញ្ជី​សរុប​មាន​ចំនួន ៣.៦៦៨.៨២០​គ្រឿង (ម៉ូតូ​ ៣.១៣២.៣៦១ គ្រឿង​ និង​រថយន្ត​ ៥៣៧.៤៥៩​គ្រឿង​)។ ដោយ​ឡែក ការ​ចុះ​បញ្ជី​យានយន្ត​ឆ្នាំ២០១៦ មាន​ចំនួន​ ៤៥៩.៥៩៧​ គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ ៤០៦.២៤៨ គ្រឿង​ កើន​ឡើង​ ១៨,៧៦% និង​រថយន្ត​គ្រប់​ប្រភេទ​ ៥៣.៣៤៩គ្រឿង​ ថយ​ចុះ ៦,៥៥​% ធៀប​នឹង​ឆ្នាំ​២០១៥៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ