អានតួអត្ថបទ
កម្ពុជា-ច្បាប់

លោក ម៉ៅ មុន្នីវណ្ណ៖ការ​ដាក់​កាមេរ៉ា​ក្នុង​បន្ទប់​ឃុំ​ឃាំង​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល​

តំណាង​​រាស្ដ្រ​គណបក្ស​ប្រឆាំង នៅ​ថ្ងៃ​ទី​១៨ កញ្ញា នេះ បាន​ចាត់​ទុក​ថា ​ការ​ដាក់​ឧបករណ៍​ថត​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ និង​បន្ទប់​ពិភាក្សា​របស់​លោក កឹម សុខា ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល និង​បំពាន​ច្បាប់។ ប៉ុន្ដែ​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា វិញ ចាត់​ទុក​ថា គឺ​ដើម្បី​ការ​ពារ​សុវត្ថិភាព​លោក កឹម សុខា។ លោក​បន្ដ​ថា វិធានការណ៏​នេះ ជា​វិធាន​ការណ៍​ដែល​ល្អ​សំរាប់​ការពារ​ជន​ដែល​បាន​ប្រ​ព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងរ។ ​

ក្រុម​សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ពី​មុខ​ពន្ធនាគារ
ក្រុម​សមាជិក​សភា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ពី​មុខ​ពន្ធនាគារ @FB
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​មាន​ការ​លើក​ឡើង​យ៉ាង​ណា​ពី​មន្ដ្រី​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដោយ លោក ម៉ៅ មុន្នីវណ្ណ តំណាង​រាស្ដ្រ​មួយ​រូប​របស់​គណប្ស​សង្គ្រោះ​ជាតិ នៅ​តែ​ថ្លែង​គាំទ្រ​ក្រុម​មេធាវី​លោក កឹម សុខា ដែល​បាន​ស្នើ​សុំ​ឲ្យ​ដក​កាមេរ៉ា​ចេញ​ពី​បន្ទប់​លោក កឹម សុខា។ លោក ម៉ៅ មុន្នីវណ្ណ បាន​អះ​អាង​ថា ការ​ស្នើ​​របស់​ក្រុម​មេធាវី​ការ​ពារ​ក្ដីលោក កឹម សុខា​ គឺ​ផ្អែក​លើ​ច្បាប់​ស្ដី​ពី​ឯកជន​ភាព​របស់​បុគ្គល។ លោក​​បន្ថែម​ថា ពន្ធនាគារ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ការពារ​សន្ដិសុខ​ ដោយ​មិន​បាច់​បំពាក់​កាមេរ៉ា​ដល់​ក្នុង​បន្ទប់​សន្ទនា​គ្នា​នោះ​ទេ។ បើ​តាម​លោក មុន្នីវណ្ណ រាល់​កិច្ច​ពិភាក្សា​រវាង​លោក កឹម សុខា និងមេ​ធាវី​ ត្រូវ​បាន​ថត​ទាំង​អស់។ លោក​បាន​ហៅ​ការ​ថត​របៀប​​នេះ​ថា គឺ​ជា​ការ​រំលោភ​សិទ្ធិ​បុគ្គល។

ទាក់​ទង​នឹង​ការ​បំពាក់​កាមេរ៉ា​សុវត្ថភាព​នេះដែរ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ លើក​ឡើង​ថាការ​បំពាក់​ ​កាមេរ៉ា​សុវត្ថិភាព​នោះ​ ជា​នីតិវិធី​របស់​តុលាការ ក្នុង​ការ​ការពារ​អាយុ​ជីវិត លោក កឹម សុខា។ លោក​បន្ដ​ថា ជន​ជាប់​ចោទ​នេះ មាន​សារៈ​សំខាន់​ណាស់ សម្រាប់​បន្ត​នីតិវិធី​ស្រាវជ្រាវ​រក​ភ័ស្តុតាង សាក្សី និង​អ្នក​ជាប់​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​ក្តី​ដ៏​ធំ​មួយ​នេះ ។

ការ​លើក​ឡើង​នេះ ​ធ្វើ​ឡើង​ក្រោយ​ពេល​ក្រុម​មេធាវី លោក កឹម សុខា បាន​ដាក់​សំណើ​ទៅ​ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ឲ្យ​ដក​កាមេរ៉ា​ចេញ​ពី​បន្ទប់​លោក កឹម សុខា។

លោក​សុខ ឥសាន បាន​ថ្លែង​បន្ថែម​បែប​ចំអក​ថា “មាន​ប្រជាជន​ច្រើន​ណាស់​ទាំង​ក្នុង និង​ក្រៅ​ប្រទេស បាន​សរសើរ​ពី​វាសនា​ល្អ​របស់​លោក កឹម សុខា ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​នៅ​ទី​កន្លែង​មាន​សុវត្ថិភាព​ដូច​បច្ចុប្បន្ន​នេះ។”

គួរ​រម្លឹក​ថា ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ កឹម សុខា ​កាល​ពី​ថ្ងៃ​ទី ១៥ កញ្ញា បាន​ស្នើ​ទៅ​ចៅក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ សុំ​យក​កាមេរ៉ា​សុវត្ថិភាព និង​ឧបករណ៍​ស្រូប​សម្លេង​ផ្សេង​ៗ​ចេញ​ពី​បន្ទប់​ឃុំឃាំង​លោក កឹម សុខា និង​បន្ទប់​ជួប​សន្ទនា​ជាមួយ​មេធាវី​។ ក្រុម​មេធាវី​បញ្ជាក់​ថា ការ​បំពាក់​កាមេរ៉ា​របៀប​នេះ គឺ​ផ្ទុយ​នឹង​មាត្រា ៣៨ កថាខណ្ឌ​១ នៃ​រដ្ឋ​ធម្មនុញ្ញ និង​មាត្រា ២៥ នៃ​ច្បាប់​ស្ដី​ពី​ពន្ធនាគារ។

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​មេ​បក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ស្នើ​សុំ​ចៅក្រម​ស៊ើប​សួរ​ អាច​នាំ​យក​ឯកសារ​ច្បាប់​ និងឯកសារ​​សំណុំ​រឿង​ផ្សេងៗ​ទៅ​ជាមួយ​​ នៅពេល​ចូល​ជួប​ពិភាក្សា​រវាង​មេធាវី និង​លោក កឹម សុខា​។ បើ​តាម​ក្រុមមេធាវី ចាប់​តាំង​ពី​ថ្ងៃ​ចូល​ជួប​លើក​ដំបូង មន្ដ្រី​ពន្ធនាគារ​មិន​បាន​អនុញ្ញាត​ឲ្យ​យក​ ប៊ិច សៀវភៅ​ច្បាប់ ក្រដាស​ស​ និង​ឯកសារ​សំណុំ​រឿង កាន់​ចូល​ជួប​លោក កឹម សុខា ទេ​។ ក្រុម​មេធាវី​ចាត់​ទុក​ថា ទង្វើ​នេះ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​ផ្ទុយ​ពី​មាត្រា ១៤៩ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ