អានតួអត្ថបទ
កម្ពុជា

កម្មករ​រោងចក្រ​MV 80% ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បាយ​ថ្ងៃ​ត្រង់

កម្មករ​រោងចក្រ​កាត់ដេរ​ MV (អឺម វេ) សង្កាត់​ចាក់អង្រែ​ក្រោម​ នៅព្រឹក​ថ្ងៃចន្ទ​ ទី​០៨​មិថុនា​នេះ​ បាន​នាំ​គ្នា​ដើរ​ដង្ហែរ​ក្បួន​កូដកម្ម​ជា​ថ្មី​ យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ។ ជា​ញ្ញត្តិ​ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​រក​ដំណោះ​ស្រាយ​ ជុំវិញ​បញ្ហា​ការងារ​ ដែល​ពួកគាត់​កំពុង​ទាមទារ។ កម្មករ​ប្រមាណ​ ៨០​ភាគរយ​ ក្នុង​រោង​ចក្រ​នេះ​ បាន​នាំ​គ្នា​ធ្វើ​កូដកម្ម ទាមទារ​លក្ខខណ្ឌ​ ១០​ចំនុច​ ដែល​ក្នុង​នោះ​​ប្រាក់​បាយ​ថ្ងៃ​ត្រង់​ ​គឺ​ជា​ចំនុ​ចសំខាន់​ជាង​គេ។

កម្មករ​រោងចក្រ​​ អ៊ឹមវី(MV) ​ហែរ​ទៅ​ក្រសួង​ការងារ​ ត្រូវ​បាន​ប៉ូលិស​ឃាត់​នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​។
កម្មករ​រោងចក្រ​​ អ៊ឹមវី(MV) ​ហែរ​ទៅ​ក្រសួង​ការងារ​ ត្រូវ​បាន​ប៉ូលិស​ឃាត់​នៅ​គល់​ស្ពាន​អាកាស​ក្បាល​ថ្នល់​។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នេះ​គឺ​ជា​សប្តាហ៍​ទី​៣​ហើយ​ ដែល​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ ​MV បាន​នាំគ្នា​ធ្វើ​កូដកម្ម​ ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​ ១០ចំណុច ពី​រោងចក្រ។ កូដកម្ម​រយៈពេល​ ៣សប្តាហ៍​នេះ​ គឺ​កម្មករ​គ្រាន់​តែ​អង្គុយ ​លើក​បដា ​នៅ​មុខ​រោងចក្រ ​មិន​ចូល​ធ្វើការ​ ហើយ​ពេល​ខ្លះ ​ពួកគេ​បាន​នាំ​គ្នា​ហែរក្បួន យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​តាម​ស្ថាប័ន​កំពូល​ផ្សេងៗ។ តួយ៉ាង នៅ​ថ្ងៃ​ទី ០៨មិថុនា​នេះ​ ពួក​គេ​ក៏​បាន​ដើរ​ថ្មើរ​ជើង​ ពី​សង្កាត់​ចាក់​អង្រែ​ក្រោម​ ដើម្បី​យក​ញ្ញត្តិ​ មក​ដាក់​នៅ​ក្រសួង​ការងារ។

លោក​សោម អូន ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា បាន​ប្រាប់វិទ្យុបារាំងអន្តរជាតិថា ក្នុងលក្ខខណ្ឌ ១០ចំណុចនោះ គឺក្រុម​កម្មករ​ប្រមាណជា ៨០ភាគរយ នៃចំនួនកម្មករសរុប ៣ពាន់នាក់ ក្នុងរោងចក្រ MV បាន​ទាមទារឲ្យ​រោងចក្រ ផ្តល់ប្រាក់បាយថ្ងៃត្រង់តម្លៃ​ ២ពាន់​រៀល​​រៀងរាល់ថ្ងៃ ដល់កម្មករ។ លោក​សោម អូន បាន​បញ្ជាក់ថា លក្ខខណ្ឌនេះ មិន​មាន​ក្នុងច្បាប់ការងារនោះទេ ប៉ុន្តែនេះជាទម្លាប់ ដែល​រោងចក្រជាច្រើន បាន​អនុវត្តរួចមក​ហើយ។ ក្នុងនោះ កម្មករ​ ក៏បាន​ទាមទារ​សុំ​ផ្តាច់កិច្ចសន្យា សម្រាប់កម្មករ ដែល​មាន​អាយុច្រើននិង​សុំ​តំលៃឡូដ៍ ទៅតាម​ពលកម្ម ដែល​កម្មករ បាន​ធ្វើការ​ថែម​ម៉ោង។

តាម​លោក​សោម អូន នៅព្រឹក​ថ្ងៃចន្ទនេះ ក្រសួងការងារ បាន​ទទួលយក​ញ្ញត្តិរបស់ក្រុម​កម្មករ ហើយ​សន្យានឹង​បើកការ​ពិភាក្សាជាមួយ​ភាគីរោងចក្រ និង​តំណាងសហជីព ក្នុងពេលឆាប់ៗ។ យ៉ាងណាក៏ដោយ ក្រុម​កម្មករ នៅមិនទាន់បញ្ជាក់ថានឹងបញ្ឃប់សកម្មភាពកូដកម្ម​របស់ខ្លួនសិន យ៉ាងណានោះទេ។​ ប៉ុន្តែបើតាម​លោក​សោម អូន កម្មករ​នឹង​បន្ត​ធ្វើកូដកម្ម​ឡើងវិញ ប្រសិន​បើមិន​មាន​ដំណោះ​ស្រាយ​​សមរម្យ​ណាមួយ​។

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​ក្រុម​សមត្ថកិច្ច បាន​ឃាត់​ក្បួន​របស់​ក្រុម​កម្មករ ​នៅ​គល់​ស្ពាន​ក្បាល​ថ្នល់។ ប៉ុន្តែ​ជា​ការ​ឃាត់​ ដើម្បី​ជួយ​សម្រប​សម្រួល រក​រថយន្ត​ឲ្យ​កម្មករ​ជិះ​មក​ក្រសួង​ការងារ​វិញ​ ​កុំ​ឲ្យ​ពួក​គេ​ដើរ​តាម​ផ្លូវ​ឆ្ងាយ ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​រញ៉េ​រញ៉ៃ​លើ​ដង​ផ្លូវ​។

គួរ​ជម្រាប​ជូន​ថា​ រោងចក្រ​កាត់ដេរ​ MV ដែល​មាន​ទីតាំង​នៅ​សង្កាត់​ចាក់​អង្រែ​ក្រោម​ មាន​សហជីព​កម្មករ​ចំនួន​៤ ប៉ុន្តែ​ការ​ធ្វើ​កូដកម្ម​នៅ​ពេល​នេះ​ គឺ​មាន​សហជីព​ចូលរួម​ក្នុង​រោងចក្រ​ចំនួន​ ៣ និង​ ៥ទៀត ​ជា​សហព័ន្ធ សហជីព ពី​ខាង​ក្រៅ។ ដោយ​ឡែក​ចំពោះ​សហជីព​មួយ​ទៀត​ ដែល​ជា​បណ្តាញ​របស់​សហជីព​លោក​អាត់ ធន់ គឺ​មិន​បាន​ចូលរួម​នោះ​ទេ។ តាម​លោក​អាត់ ធន់ ខាង​ក្រុម​សហជីព​របស់​លោក​ អាច​ទទួល​យក​លក្ខខណ្ឌ​ការងារ ដែល​កំពុង​តែ​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​នេះ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ