ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/10 12h00 GMT
កម្ពុជា

ភូមា​និង​កម្ពុជា៖ ក្រោយ​កំណែ​ទម្រង់​ តើ​ប្រទេស​ណា​ដើរ​លឿន​ជាង?

media  
ប្រធានាធិបតីភូមា ​លោក ​ធិន ​ច​(ឆ្វេង) ​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា ​សម្រាប់​រយៈ​ពេល ​៤​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​សុុក្រ​ ទី​ ០៣ ​នេះ​តទៅ។ @Samdech Hun Sen, Cambodia Prime Minister

នៅ​ថ្ងៃ​នេះ ប្រធានាធិប​តីភូមា​ ផ្តើម​ធ្វើ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​។ ក្នុង​រយៈ​៤​ថ្ងៃ​នេះ លោក ធិន​ ច​ (U ​Htin​ Kyaw) នឹង​ចូល​គាល់ ​ព្រះ​មហាក្សត្រ និង​ជួប​លោក ហ៊ុន​ សែន ព្រម​ទាំង​ទៅ​ទស្សនា​ប្រាសាទ​អង្គរ នៅ​ខេត្ត​សៀម​រាប​។ ឆ្លៀត​ឱកាស​នេះ​ អ្នក​វិភាគ​នយោបាយ​និង​អ្នក​តាម​ដាន​កិច្ច​ការ​អន្តរជាតិ​មួយ​ចំនួន ​ផ្តើម​សាក​ល្បង​ពិនិត្យ​មើល​ការ​វិវត្ត​របស់​ប្រទេស​ទាំង​ពីរ ​ចាប់​ពី​ពេល​ក្រោយ​កំណែ​ទម្រង់​នៃ​ការ​បោះ​ឆ្នោត។ តើ​ប្រទេស​ណា​ដើរ​លឿន​ជាង?

ជា​បឋម​គួរ​រម្លឹក​ថា ភូមា​បាន​​បោះ​ឆ្នោត​ជាតិ​ចុង​ក្រោយ​នៅ​ចុង​ឆ្នាំ ២០១៥។​ បក្ស​ប្រឆាំង​របស់​លោក​ស្រី​ អ៊ុង​ សាន​ស៊ូ​ជី ឈ្នះ​ឆ្នោត​ ហើយ​ដើម​ឆ្នាំ​២០១៦ គឺ​បាន​រៀប​ចំ​គណៈ​រដ្ឋមន្ត្រី​ថ្មី​ ជាមួយ​នឹង​កំណែ​ទម្រង់​បើក​ចំហ​សេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត​។​ ចំណែក​ស្រុក​ខ្មែរ ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ ឆ្នាំ​២០១៣ គឺ​មាន​កំណែ​ទម្រង់​ក៏​មិន​តិច​ដែរ។

ប្រធាន​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​យុទ្ធសាស្ត្រ បណ្ឌិត​ ឈាង វណ្ណារិទ្ធិ យល់​ឃើញ​ថា គេ​លំបាក​នឹង​វាយ​តម្លៃ​ថាប្រទេស​ណា​ដើរ​លឿន​ជាង​ស្រុក​ណា​ណាស់!​ ដ្បិត​ថាគ្មាន​ការ​សិក្សា​បែប​វិទ្យាសាស្ត្រ បែប​ Académie ត្រឹម​ត្រូវ​ច្បាស់​លាស់​ណា​មួយ​នៅ​ឡើយ។

ប៉ុន្តែ​បើ​សាក​ល្បង​និយាយ​ពី​សេរីកម្ម​នយោបាយ​ និង​លិទ្ធិ​ប្រជាធិបតេយ្យ​ ចំពោះ​បណ្ឌិត ឈាង វណ្ណារិទ្ធ លើក​សរសើរ​ថា ភូមា​មាន​ការ​ផ្ទេរ​អំណាច​ដោយ​រលូន គ្មាន​អំពើ​ហិង្សា ដែល​ហួស​ពី​ការ​ស្មាន បើ​ទោះ​បី​ប្រទេស​នេះ កាន់​របប​សឹក​ដុះ​ស្លែ​ហើយ​ក្តី​។ ចំណែក​កម្ពុជាវិញ ដ្បិត​តែ​មាន​ប្រជាធិបតេយ្យ​ចាស់​ជាង រហូត​ដល់​ជាង​ ២០​​ហើយ​​ក៏​ដោយ តែ​មិន​ទាន់​ឆ្លង​កាត់​ការ​ផ្ទេរ​អំណាច​ម្តង​ណា​ឡើយ គឺ​អំណាច​ក្តាប់​ក្នុង​ដៃ​​បក្ស​មួយ​តែ​រហូត​មក​។

ត្រង់​ចំណុច​នេះ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​ គឺ​លោក សុខ ឥសាន បាន​ឆ្លើយ​តប​ថា បក្ស​ប្រឆាំង​នៅ​ស្រុក​ខ្មែរ គឺ​មិន​អាច​ឈ្នះ​ឆ្នោត​ទេ!​ ដូច្នេះ​ហើយ ទើប​គ្មាន​ការ​ផ្ទេរ​អំណាច​។ ទន្ទឹម​នេះ លោក​ សុខ ឥសាន មើល​ឃើញ​ថា បើ​ទោះ​បី​ជា​បក្ស​របស់​លោក​ស្រី​ អ៊ុង​ សាន​ស៊ូ​ជី នៅ​ភូមា បាន​ឈ្នះ​ឆ្នោត​និង​រៀប​ចំ​រដ្ឋាភិបាល​ថ្មី​ពិត​មែន ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ ក៏​គ្មាន​ទាន់​សម្រេច​បាន​អ្វី​ជា​ដុំ​កំភួន​នៅ​ឡើយ​ដែរ។

រី​ឯ​សាស្រ្តាចារ្យ​ច្បាប់​ និង​ទំនាក់​ទំនង​អន្តរជាតិ លោក នៅ សករាជ បាន​កត់​សម្គាល់​ថា ក្រោយ​​កំណែ​ទម្រង់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ របស់​ប្រទេស​ទាំង​ពីរ គឺ​ភូមា​បាន​ផ្តល់​សិទ្ធិ​ដល់​បក្ស​ប្រឆាំង​ និង​ដោះ​លែង​អ្នក​ទោស​នយោបាយ ​ឬ​អ្នក​ទោស​មនសិការ។ ប៉ុន្តែ​កម្ពុជា បាន​ផ្តើម​ធ្វើ​ទុក្ខ​បុក​ម្នេញ​អ្នក​នយោបាយ​និង​មន្ត្រី​សង្គម​ស៊ីវិល។ ទោះ​យ៉ាង​នេះ ចំពោះ​អ្នក​ច្បាប់​ លោក នៅ សករាជ គឺ​វា​មិន​ទាន់​ធ្ងន់​ធ្ងរ​ពេក​នោះ​ទេ បើ​ប្រៀប​ធៀប​នឹង​បញ្ហា​នៅ​ភូមា​។ ព្រោះ​ថា​នៅ​ភូមា នៅ​មាន​បញ្ហា​សង្គម​ជា​ច្រើន​ទៀត​ ដែល​ដើរ​ក្រោយ​កម្ពុជា​ឆ្ងាយ​ណាស់ ដូច​ជា៖​វិបត្តិ​គ្រឿង​ញៀន​ធ្ងន់​ធ្ងរ​ បញ្ហា​អត់​ការ​ងារ​ធ្វើ ការ​អប់​រំ និង​រឿង​សន្តិសុខ​សង្គម​ជាដើម​។

ចំពោះ​ទិដ្ឋភាព​សង្គម​និង​ប្រជា​ជន​វិញ​ បណ្ឌិត​ ឈាង វណ្ណារិទ្ធិ ប្រមើល​មើល​ឃើញ​ថា ប្រជាជន​ខ្មែរ យល់​ពី​សេរីភាព​និង​លិទ្ធិ​ប្រជាធិបតេយ្យ និង​ផ្តើម​ចេះ​រើ​បម្រាស់​ច្រើន​ជាង​ពលរដ្ឋ​ភូមា។ ម្យ៉ាង​ទៀត ខ្មែរ​អត់​មាន​ជម្លោះ​សាសនា ខុស​ពី​នៅ​ភូមា​។ ដោយ​ឡែក ពលរដ្ឋ​ភូមា ជឿ​ស្លុង​នឹង​ជំនឿ​កម្មផល ដោយ​គិត​ថា អ្នក​ធ្វើ​អាក្រក់​គង់​តែ​ទទួល​បាន​ផល​អាក្រក់​។

ដោយ​ឡែក ចំពោះ​ទិដ្ឋភាព​សេដ្ឋ​កិច្ច​វិញ​!​ ​បណ្ឌិត​ ឈាង វណ្ណារិទ្ធិ អ្នក​សិក្សា​ស្រាវ​ជ្រាវ​តំបន់​អាស៊ី បញ្ជាក់​ថា តាំង​ពី​ក្រោយ​កំណែ​ទម្រង់​បន្ទាប់​ពី​បោះ​ឆ្នោត​រួច​ ភូមា​បន្ត​រក្សា​កំណើន​សេដ្ឋកិច្ច​ ក្នុង​រង្វង់​ ៨​ចុច​រហូត​មក។​ ចំណែក​កម្ពុជា គឺ​ត្រឹម​តែ​ជិត​ ៧​ចុច​ប៉ុណ្ណោះ។ ចំពោះ​កំណើត​សេដ្ឋកិច្ច​នេះ គេ​មិន​ទាន់​ដឹង​ដែរ​ថា តើ​ភូមា​នៅ​តែ​បន្ត​កើន​រហូត​ដល់​ពេល​ណា តែ​នៅ​ស្រុក​ខ្មែរ​មាន​ច្បាប់​វិនិយោគ​សំបូរ​បែប​ជាង។

លោក នៅ សករាជ សាស្រ្តាចារ្យ​ច្បាប់​និង​ទំនាក់​ទំនង​អន្តរជាតិ​ សិក្សា​ឃើញ​ថា សេដ្ឋកិច្ច​ភូមា​កើន​ឡើង ព្រោះ​ឧស្សហកម្ម​និង​ហេដ្ឋារចនា​សម្ព័ន្ធ​ធំៗ​ គឺ​មាន​ច្រើន​តាំង​តែ​ក្នុង​របប​សឹក​មក​ម្ល៉េះ ដូច្នេះ នៅ​ពេល​ដែល​បើក​ចំហ​សេដ្ឋកិច្ច​ភ្លាម គឺ​ងាយ​ស្រួល​ស្រូប​ទាញ។​ ចំណែក​កម្ពុជា​វិញ តាំង​ពី​ងើប​ពី​សង្គ្រាម​មក គឺ​បាត់​ដៃ​ទទេ​តែ​ម្តង​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ