ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 11/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 11/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

​ភ្នំ​បូកគោ៖ ស្លាក​ឈ្មោះ​ «សុខា ឋានសួគ៌» ត្រូវ​ដក​ចេញ​ជា​បន្ទាន់តាម​បញ្ជា​លោក​ហ៊ុន សែន

media  
រមនីយដ្ឋាន ឋានសួគ៌​បូកគោ ដែល​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​សុខា របស់​លោក​ឧកញ៉ា សុខ គង់ រូបភាព​ឯកសារ

ស្លាក​ឈ្មោះ «រមណីយដ្ឋាន សុខា ឋានសួគ៌» នៅខ្លោង​ទ្វារ​ចូល​ទៅ​កាន់​ឧទ្យានជាតិ​ព្រះ​មុនីវង្ស​បូកគោ ត្រូវ​រដ្ឋបាល​ខេត្ត​កំពត​ដក​ចេញ​ជា​បន្ទាន់​រួច​រាល់​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ តាម​បញ្ជា​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន​។ សូម​ជម្រាប​ជូន​ថា ការ​ប្ដូរ​ឈ្មោះ​រមណីយដ្ឋាន «ឋានសួគ៌ ​បូកគោ» ទៅ​ជា «សុខា ឋានសួគ៌» ពី​សំណាក់​ក្រុមហ៊ុន​សុខា បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​​ខ្មែរ​ប្រតិកម្ម​​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ទាមទារ​ឲ្យ​ប្ដូរ​មក​ដាក់​ឈ្មោះ​ដើម​វិញ​។

​ឈ្មោះ «រមណីយដ្ឋាន សុខា ឋានសួគ៌» ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​មក​ដាក់​ឈ្មោះ​ដើម​វិញ​ទាំង​ស្រុង​គឺ «រមណីយដ្ឋាន ឋានសួគ៌ បូកគោ» រាប់​ចាប់​តាំង​ពី​លើ​ទំព័រ​ហ្វេសប៊ុក រហូត​ដល់​ខ្លោង​ទ្វារ​ចូល​ទៅ​កាន់​ឧទ្យានជាតិ​ព្រះ​មុនីវង្ស​បូកគោ និង​ឈ្មោះ​សណ្ឋាគារ​នៅ​លើ​ភ្នំ​។ ការ​ផ្លាស់​ប្ដូរ​នេះ ធ្វើ​ឡើង​តាម​បញ្ជា​របស់​លោក​នាយករដ្ឋ​មន្ដ្រី​ ហ៊ុន សែន​។

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣​កញ្ញា​នេះ លោក​នាយករដ្ឋមន្ដ្រី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា រដ្ឋាភិបាល​និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មិន​បាន​ដឹង និង​មិន​បាន​អនុញ្ញាត​ឲ្យ​ប្ដូរ​ឈ្មោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ ទៅ​ជា​ឈ្មោះ​ផ្សេងទេ​​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​សង្កត់​ធ្ងន់​ថា តំបន់​ប្រវត្តិសាស្ត្រ ត្រូវ​តែ​រក្សា​ឈ្មោះ​ដើម​ជា​ដាច់​ខាត ដោយ​ត្រូវ​តែ​ដក​ហូត​​​ផ្លាក​សញ្ញា​ដែល​ដូរ​ដោយ​អត់​ច្បាប់​​ចេញជា​បន្ទាន់​​។

សូម​ជម្រាប​ជូន​ថា ឈ្មោះ​រមណីយដ្ឋាន​ភ្នំ​បូកគោ ត្រូវ​បាន​ក្រុមហ៊ុន​សុខា ផ្លាស់​ប្ដូរ​តាំង​ពី​ថ្ងៃ​ទី​០១​ខែ​កញ្ញា​មក​ម្ល៉េះ​។ បើ​តាម​​សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមហ៊ុនសុខា ក្រៅពី​​ប្ដូរ​ឈ្មោះ​ «រមណីយដ្ឋាន​ឋានសួគ៌​បូកគោ» ទៅ​ជា «រមណីយដ្ឋាន សុខា ឋានសួគ៌» ហើយ ក្រុមហ៊ុន​ក៏បាន​ផ្លាស់​ប្ដូរ​គេហទំព័រ អ៊ីមែល បណ្ដាញ​សង្គម ស្លាក​សញ្ញា និង​ឈ្មោះភោជនីយដ្ឋាន​មួយ​ចំនួន​នៅ​លើ​កំពូល​ភ្នំ​បូកគោ​ផង​ដែរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋានភ្នំ​បូក​គោ មិន​បាន​ពេញ​ចិត្ត​នឹង​ឈ្មោះ​ថ្មី​ឡើយ​។ ​ប្រជាពលរដ្ឋ​ខ្មែរ ចាត់​ទុក​ការ​ប្ដូរ​ឈ្មោះ​រមណីយដ្ឋានភ្នំ​បូក​គោ​​នេះ ថា​​ជា​បំណង​លុប​បំបាត់​ប្រវត្តិសាស្ត្រ​​ខ្មែរ និង​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​សុខា ប្ដូរ​ដាក់​ឈ្មោះ​ដើម​វិញ​។

សូមជម្រាប​ជូន​ថា រមណីយដ្ឋាន​ភ្នំ​បូក​គោកម្ពស់​១០៧៥​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​មុនីវង្ស​បូកគោ ត្រូវ​បាន​ចាត់​ទុក​ជា​ទីតាំង​​ប្រវត្តិសាស្ត្រ ដោយ​សារ​តែ​រមណីយដ្ឋាននេះ មាន​បន្សល់​ទុក​នូវ​អគារ​ចំណាស់​ៗ​ជា​ច្រើន ដែល​ត្រូវ​បាន​កសាង​ឡើង​ក្នុង​សម័យអាណានិគម​និយម​បារាំង​។ ក្រៅ​ពីនោះ​ក៏​មាន​ផង​ដែរ ទីតាំង​វប្បធម៌​និង​កម្សាន្ត​ផ្សេង​ទៀត​ដូច​ជា៖ វត្ត​សំពៅ​ប្រាំ ទឹក​ជ្រោះ​ធម្មជាតិ តំបន់​ពពក​វិល និង​វាល​ស្រែ​មួយ​រយ​​ជា​ដើម​។ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​សុខា របស់​លោក​ឧកញ៉ា​សុខ គង់ អភិវឌ្ឍ​រមណីយដ្ឋាន​ភ្នំ​បូក​គោ នៅ​ឆ្នាំ​២០០៨​។ ក្រោយ​ការ​សាងសង់​ចប់​សព្វ​គ្រប់ ក្រុមហ៊ុន​សុខា បាន​បើក​រមណីយដ្ឋាន​ភ្នំ​បូកគោ​នៅ​ឆ្នាំ​២០១២ ដោយ​ដាក់​ឈ្មោះ​ថ្មី​ថា «រមណីយដ្ឋាន​ឋានសួគ៌​បូក​គោ»​៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ