អានតួអត្ថបទ
កម្ពុជា

គណៈកម្មការ​ជាតិ​រំពឹង​ថា​ការ​រៀបចំ​កីឡា​ថ្នាក់​ជាតិ​ដំបូង​នឹង​ទទួល​ជោគជ័យ​ ៩៩​ភាគ​រយ

​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​លើក​ទី​១ នឹង​ប្រកាស​បើក​ជា​ផ្លូវការណ៍​នៅ​ថ្ងៃ​ទី​ ២៨ តុលា​ស្អែក​នេះ​ដោយ​មាន​អត្តពលិក​និងគណៈប្រតិភូប្រមាណជិត​ ៣ពាន់នាក់​ចូលរួម​ប្រកួត ​១៨៩​វិញ្ញាសារ​ផ្សេងៗគ្នា។ ព្រឹត្តិការណ៍នេះ នឹង​មាន​រយៈ​ពេល​ ១០​ថ្ងៃ ពី​ថ្ងៃ​ទី​ ២៥​តុលា ដល់​ថ្ងៃ​ទី​ ៥ វិច្ឆិកា​២០១៦។ គណៈកម្មការ​រៀបចំ​បាន​អះអាង​ថា​ព្រឹត្តិការណ៍​ជាតិ​លើក​ទី​ ១ នេះ​នឹង​អាច​ទទួល​បាន​ជោគជ័យ ៩៩%។

@Keo Samneang (ROBS Media)
ផ្សាយពាណិជ្ជកម្ម

នៅ​រសៀល​ថ្ងៃ​ទី​ ២៨ តុលា​ស្អែក គឺ​ជា​ថ្ងៃ​ប្រកាស​បើក​ការ​ប្រកួត​កីឡា​ថ្នាក់​ជាតិ​លើក​ដំបូង​របស់​កម្ពុជា ដែល​កីឡាករ និង​អត្តពលិក​រាប់ពាន់​នាក់​ចូលរួម។ លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា អ្វី​ៗ​បាន​ត្រៀម​រួច​រាល់​អស់​ហើយ​ដោយ​រងចាំ​តែ​ពិធី​ប្រកាស​បើក​ផ្លូវការណ៍​ចាប់​ផ្តើម​តែ​ប៉ុណ្ណោះ។ លោក​រំពឹង​ថា​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ជាតិ​លើក​ដំបូង នឹង​ទទួល​បាន​ជោគជ័យ ៩៩%​ប្រសិន​បើ​អ្វីៗ​បាន​ដំណើរ​ការ​រលូន​ដូច​ពេល​បច្ចុប្បន្ន។​

ព្រឹត្តិការណ៍ជាច្រើន​នឹង​ត្រូវ​រៀបចំ​ឡើង​ ដើម្បី​ស្វាគមន៍​ពីធី​បើក​ជា​ផ្លូវការណ៍​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​រាជធានី​ភ្នំពេញ។ កីឡាករ​ឆ្នើម និង​អតីត​កីឡាករ​ល្បីៗ​ចំនួន ៩​រូប​ ដែល​មានដូចជា​កីឡាករ​បាល់​ទាត់​ចាន់ វឌ្ឍនាការ ប្រាក់ មុន្នីឧត្តម កីឡាការនី ស៊ន សៀវម៉ី និង​លោក កែវ ថុន រួម​ទាំង​លោក ប៉ែន ផាត ដែល​សុទ្ធ​តែ​ជា​កីឡាករ​ឆ្នើម​នា​ពេល​បច្ចុប្បន្ន និង​ជា​កីឡាករ​ល្បីល្បាញ​ក្នុង​ទស្សវត្ស​ទី​៦០ និង​៨០ នឹង​រត់​ភ្លើង​គប់​បើក​កម្មវិធី​ ដែល​អម​ដោយ ការ​សម្តែង​ក្បាច់​គុណ​បូរាណ​ខ្មែរ ផ្ទាំង​ទស្សនីយភាព​សិល្បៈ ទាំង​បូរាណ និង​សម័យ រួម​ទាំង​ការ​បាញ់​កាំជ្រួច​បែប​ទំនើប​ថែម​ទៀត​ផង។

អត្តពលិក​ និង​គណៈ​ប្រតិភូ​ប្រមាណ​ ២​ពាន់​៧​រយ​នាក់ នឹង​ចូល​រួម​ប្រកួត​យក​មេដាយ​លើ​ប្រភេទ​កីឡា​ចំនួន​ ១៥ ដែល​មាន​វិញ្ញាសារ ១៨៩ ដែល​រួម​មាន កីឡា​បាល់​ទាត់ ហែល​ទឹក ប៉េតង់ និង​កីឡា​វាយ​កូន​ឃ្លី​ជា​ដើម។ ក្រៅ​ពី​ពហុកីឡាដ្ឋាន​ជាតិ កីឡាករ​ទាំង​អស់​នឹង​ត្រូវ​ប្រកួត​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូចជា​កំពង់​ចាម​ជា​ដើម​ផង​ដែរ។

លោកវ៉ាត់ ចំរើន បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា​រដ្ឋបាន​ចំណាយ​ថវិកា​ ១លាន​៥សែន​ដុល្លារ​សម្រាប់​ទ្រទ្រង់​កម្មវិធី​ជាតិ​លើក​ទី​១​នេះ។ បើ​ទោះ​បី​ជា​បែបណា​ក៏​ដោយ ការ​រៀបចំ​កី​ឡា​ថ្នាក់​ជាតិ​លើក​ទី​១​នេះ គឺ​ជា​ការ​រៀបចំ​សាក​ល្បង និង​ការ​ស្វែង​រក​អត្តពលិក​មាន​សមត្ថភាព មុន​ពេល​ដែល​កម្ពុជា​នឹង​រៀបចំ​អាស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ