អានតួអត្ថបទ
កម្ពុជា-ច្បាប់

រដ្ឋសភា​អនុម័ត​ច្បាប់​ចំនួន​៤​ក្នុង​ថ្ងៃ​តែ​មួយ បើក​ផ្លូវ​ឲ្យ​មាន​ការ​ដាក់​ទោស​លើ​អ្នក​ប្រឆាំង​នឹង​ផល​ប្រយោជន៍​កម្ពុជា

រដ្ឋសភា​ជាតិ នៅ​ថ្ងៃ​ទី ១៤ កុម្ភៈនេះ ដោយ​មាន​ការ​ចូល​រួម​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឬទ្ធិ បាន​អនុម័ត​ទាំង​ស្រុង​លើ​វិសោធនកម្ម​ច្បាប់​ចំនួន​៤ ដោយ​សំឡេង​១២៣​លើ​១២៣​រូប។ ក្នុង​នោះ ក៏​មាន​ការ​អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​ចំនួន​៥​មាត្រា ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​អ្នក​ប្រឆាំង​នឹង​ផល​ប្រយោជន៍​កម្ពុជា។

កិច្ច​ប្រជុំ​អនុម័ត​ច្បាប់​របស់​រដ្ឋសភា
កិច្ច​ប្រជុំ​អនុម័ត​ច្បាប់​របស់​រដ្ឋសភា @សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែង​ហេតុ​ដោយ​លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង តំណាង​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បាន​លើក​ឡើង​ថា ការ​ស្នើ​ឲ្យ​មាន​វិសោធនកម្ម​ច្បាប់​រដ្ឋធម្មនុញ្ញ​នេះ​ឡើង ​គឺ​ផ្អែក​លើ​ហេតុ​ផល​ចាំ​បាច់​ចំនួន​៣៖ ទី​១.គឺ​ដើម្បី​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ ទី​២.ដើម្បី​តំកល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ និង​ទី​៣. គឺ​ដើម្បី​កែ​សម្រួល​រចនា​សម្ព័ន្ធ​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា ដែល​កន្លង​មក​មាន​ការ​រិះគន់​ថា មាន​សមាជិក​ច្រើន​សំពីង​សម្ពោង​ពេក។ ផ្អែក​លើ​ចំណុច​ទី​១​និង​ទី​២ លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង បាន​លើក​ឡើង​ថា បើ​ទោះ​បី​ជា​កន្លង​មក តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​លោក​ចាត់​ទុក​ថា ជា​អង្គការ​ចាត់​តាំង​ប៉ុន​ប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល ការ​ចាប់​ខ្លួន​មេក្លោង​ដាក់​គុក (លោក កឹម សុខា) ហើយ​ក្តី ក៏​ប៉ុន្តែ នៅ​មាន​ក្រុម​ដឹក​នាំ​ផ្សេង​ទៀត កំពុង​ធ្វើ​សកម្មភាព​នៅ​ក្រៅ​ប្រទេស ដើម្បី​គៀង​គរ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្តាច់​ជំនួយ​ពី​កម្ពុជា ឬ ព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការ​សហប្រជាជាតិ​ជា​ដើម។ បើ​តាម​លោក ស ខេង ការ​ធ្វើ​សកម្មភាព​ខាង​លើ​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់ នឹង​ប្រឆាំង​នឹង​ផល​ប្រយោជន៍​របស់​កម្ពុជា។

គួរ​ជំរាប​ជូន​ថា កិច្ច​ប្រជុំ​វិសាមញ្ញ​នៃ​រដ្ឋសភា នៅ​ថ្ងៃ​ទី ១៤ កុម្ភៈ ក៏​មាន​ការ​ចូល​រួម​ពី លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​សម្តេច​ក្រុម​ព្រះ​នរោត្តម រណឬទ្ធិ ដែល​ជា​អតីត​ដៃ​គូ​នយោបាយ​ដ៏​ជូរ​ចត់​នឹង​គ្នា​ផង​ដែរ។ ក៏​ប៉ុន្តែ គេ​មិន​បាន​ឃើញ​ឥស្សរជន​ទាំង​ពីរ​រូប​ថ្លែង​អ្វី​នោះ​ឡើយ​នៅ​ក្នុង​រដ្ឋសភា ក្រៅ​តែ​ពី​សមាជិក​រដ្ឋសភា​លោក ជាម យៀប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ផន ចន្ថា មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច រួម​ទាំង​លោក យូ ហុកគ្រី អនុប្រធាន​ទី​១​នៃ​រដ្ឋសភា បាន​ឡើង​ថ្លែង​គាំទ្រ​លើ​វិសោធនកម្ម​ច្បាប់​នៅ​ថ្ងៃ​នេះ។ នេះ​ជា​លើក​ទី​៩​ហើយ ដែល​រដ្ឋធម្មនុញ្ញ​កម្ពុជា ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ចាប់​តាំង​ឆ្នាំ​១៩៩៣​មក។

សូម​បញ្ជាក់​ដែរ​ថា ក្រៅ​ពី​អនុម័ត​លើ​វិសោធនកម្ម​​នៃ​រដ្ឋធម្មនុញ្ញ​នេះ រដ្ឋសភា​ដែល​មាន​សមាជិក​១២៣​រូប ក៏​បាន​ពិភាក្សា​និង​អនុម័ត​លើ​របៀប​វារៈ​ចំនួន​៣​ទៀត រួម​មាន​ ទី១.សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ ដែល​ត្រូវ​រៀប​ចំ​មាត្រា​ថ្មី​មួយ​បន្ថែម ​គឺ​មាត្រា ៤៣៧ ស្ទួន ដើម្បី​ដាក់​ទោស​ចំពោះ​ជន​ណា​ដែល​ប្រមាថ​ព្រះ​មហាក្សត្រ​ទោះ​ក្នុង​រូបភាព​ណា​ក៏​ដោយ ដោយ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ​ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​រៀល​ទៅ​១០​លាន​រៀល។ ទី​២.សេចក្តី​ព្រាង​ច្បាប់​ស្តីពី វិសោធនកម្ម​ស្តី​ពី​ការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។ និង​ទី​៣.គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី ការ​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ