ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
កម្ពុជា

រដ្ឋសភា បោះ​ឆ្នោត​ឲ្យ​តុលាការ​បន្ត​នីតិវិធី​ចំពោះ​លោក កឹម សុខា

media  
កិច្ច​​ប្រជុំ​​នៅរដ្ឋសភា​នា​ពេល​កន្លង​មក RFI/ Siv Channa

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ កិច្ច​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា ដែល​មាន​ការ​ចូល​រួម​ពី​តំណាងរាស្ត្រ​មក​ពី​បក្ស​កាន់​អំណាច​ចំនួន​៦៧​រូប បាន​បោះ​ឆ្នោត​សម្រេច​ឲ្យ​តុលាការ​បន្ត​នីតិវិធី​លើ​លោក កឹម សុខា​។ លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន ពី​បទ​សន្ទិដ្ឋិភាព​។ យ៉ាង​ណា​ក៏​ដោយ កិច្ច​ប្រជុំ​វិសាមញ្ញ​រដ្ឋសភា​នា​ថ្ងៃ​ចន្ទ​នេះ ត្រូវ​បាន​​គណបក្ស​សង្គ្រោះជាតិ​ចាត់​ទុក​ថា មិនមាន​ភាព​ស្រប​​ច្បាប់​ទេ​។​

សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ រដ្ឋសភា​មិន​មាន​កូរ៉ុម​គ្រប់​គ្រាន់​ក្នុង​ការ​ប្រជុំ​សម្រេច​លើ​ករណី​លោក កឹម សុខា បាន​ឡើយ បើ​ផ្អែក​តាម​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​។ មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ការ​បញ្ចេញ​មតិ​ឲ្យ​ផ្អាក​ការ​ឃុំខ្លួន​ឬ​ចោទ​ប្រកាន់​តំណាង​រាស្ត្រ​ណាមួយ ត្រូវ​ការ​មតិភាគ​ច្រើន ៣​ភាគ​៤ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល​។ តាម​រយៈ​មាត្រា​៨០​ដដែល​នេះ គណបក្ស​សង្គ្រោះជាតិ ចាត់​ទុក​កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​សមាជិក​សភា​នៃ​គណបក្ស​កាន់​អំណាច នៅ​ថ្ងៃ​ទី​១១​កញ្ញា​នេះ ថា​ជា​កិច្ច​ប្រជុំ​ខុស​ច្បាប់​។

ផ្ទុយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡេង ប៉េងឡុង អគ្គលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា ពន្យល់​ថា ការ​ប្រជុំ​វិសាមញ្ញ​លើ​ករណី​លោក កឹម សុខា នេះ គឺ​ធ្វើ​ឡើង​តាម​មាត្រា​៤១​ថ្មី​នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា ដែល​គូស​បញ្ជាក់ថា មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល ឬ​៥០ភាគរយ បូក​១ ត្រូវ​ទុក​ជា​បាន​ការ​។ និង​ថា ការ​ប្រជុំ​របស់​រដ្ឋសភា មិន​មែន​ធ្វើ​ឡើង​ដើម្បី​ផ្អាក​ការ​ឃុំ​ខ្លួន​ឬ​ចោទ​ប្រកាន់​លោក កឹម សុខា ទេ ដូច្នេះ​មតិភាគ​ច្រើន ៣​ភាគ​៤ ក៏​មិន​ចាំ​បាច់​ដែរ​។

ចំពោះ​ករណី​លោក កឹម សុខា នេះ លោក សុខ ឥសាន តំណាង​រាស្ត្រ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សង្កត់​ធ្ងន់​ថា ​ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​ចង់​ឲ្យ​ផ្អាក ក៏​មិន​អាច​ទៅ​រួច​ដែរ​។ មិន​អាច​ទៅ​រួច​ក៏​ដោយ​សារ​តែ គណបក្ស​ប្រឆាំង​នេះ គ្មាន​សំឡេង​​៣​ភាគ​៤​នៅក្នុង​រដ្ឋសភា​ឡើយ​។

សូមជម្រាប​ជូន​ថា កិច្ច​ប្រជុំ​វិសាមញ្ញ​របស់​រដ្ឋសភា នា​ថ្ងៃ​ចន្ទ ទី​១១​កញ្ញា​នេះ ធ្វើ​ឡើង​ក្រោម​វត្តមាន​សមាជិក​សភា​ចំនួន​៦៧​រូប មក​ពីគណបក្ស​ប្រជាជន​កម្ពុជា​។ ចំណែក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ បាន​សម្រេច​ធ្វើ​ពហិការ​មិន​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ទេ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ