អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​ថវិកា​ជាតិ​សម្រាប់​ចំណាយ​ឆ្នាំ​២០១៩ ត្រូវ​រដ្ឋា​ភិបាល​ប្រកាស​ថា​ត្រូវ​តែ​ជា​យុទ្ធ​សាស្ត្រ​

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ឆ្នាំ​២០១៩ ​នឹង​ត្រូវ​គណៈរដ្ឋមន្ត្រី​កម្ពុជា​ដាក់​ជា​របៀបវារៈ​សំខាន់​នៃ​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​។ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការ​រិ​យា​ល័យ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ បាន​បង្ហាញ​នៅ​ថ្ងៃ​នេះ​ថា ​ច្បាប់​ថវិកា​ឆ្នាំ​២០១៩​នេះ ​នឹង​ត្រូវ​តែ​យុទ្ធសាស្ត្រ​នៃ​ការ​រក្សា​សមិទ្ធផល ​ដែល​រដ្ឋាភិបាល​អះអាង​ថា​សម្រេច​បាន​ដោយ​លំបាក​។ 

ប្រាក់រៀលខ្មែរ
ប្រាក់រៀលខ្មែរ @RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ការិយាល័យ​អ្នក​នាំ​ពាក្យ​នៅ​ថ្ងៃ​នេះ ​រដ្ឋាភិបាល​កម្ពុជា ​បាន​ចាត់ទុក​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ថវិកា​ឆ្នាំ​២០១៩ ​ថា​ជា​ការ​បន្ត​បុក​គ្រឹះថ្មី​ៗ​ សម្រាប់​គាំទ្រ​ដល់​ការ​សម្រេច​បាន​គោលដៅ​សំខាន់​ៗ ​នៃ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​នីតិកាល​ទី​៦ ​និង​យុទ្ធសាស្ត្រ​ចតុកោណ ​ដំណាក់កាល​ទី​៤ ​ដើម្បី​រក្សា​សន្តិភាព ​ស្ថិរភាព​។

ការិយាល័យ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​តាមរយៈ​លិខិត​របស់​ខ្លួន ​បាន​គិត​ទុក​ជា​មុន​ថា ​នៅ​ក្នុង​រយៈពេល​មធ្យម​ខាង​មុខ ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា ​នឹង​ឈាន​ដល់​ដំណាក់​កាល​ប្រែប្រួល​ថ្មី​មួយ​ទៀត ​ជា​ពិសេស​ចាប់​ពី​ពេល​នេះ​ទៅ​រយៈពេល​៥​ឆ្នាំ​ខាងមុខ ​ដែល​ជា​អន្តរកាល​ឆ្ពោះ​ទៅ​សម្រេច​ឋានៈ ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ឆ្នាំ​២០៣០​។ ​ក្នុង​ក្របខណ្ឌ​នេះ ​កម្ពុជា​ត្រូវ​តែ​មាន​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​មួយ ​ដែល​កាន់​តែ​ស្អាត​ស្អំ ​ឆ្លាត​វៃ ​និង​មាន​សមត្ថភាព​ខ្លាំង​ពូកែ ​(Clean ​Smart​ and ​Strong ​Government​) ​ដើម្បី​អាច​ដោះស្រាយ​បញ្ហា​សង្គម​ និង​សេដ្ឋកិច្ច​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ ក្នុង​អត្រា​ប្រមាណ ​៧​ភាគរយ ​ក្នុង​មួយ​ឆ្នាំ​។

ខណៈ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩ ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​បង្ហើប​ថា ​មានការ​កើន​ឡើង​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ថ្មី​ប៉ុន្មាន​នោះ ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​លើក​ឡើង​ផងដែរ​ ពី​ការវិវត្តន៍​ក្នុង​ក្រប​ខណ្ឌ​ពហុ​ប៉ូល ​សង្គ្រាម​ពាណិជ្ជកម្ម ​ដែល​មាន​ផល​ប៉ះពាល់​ដល់​កម្ពុជា ​ខណៈ​កម្ពុជា​ជា​ប្រទេស​បើក​ចំហរ​សេដ្ឋកិច្ច ​និង​ទទួល​ផល​ពី​ការ​រីកចំរើន​នៃ​សកល​ភាវូបនីយកម្ម​។

បន្ថែម​ពី​នេះ ​កម្ពុជា​ក៏​ត្រូវ​ចេះ​បត់បែន ​និង​តាម​ឲ្យ​ទាន់​សភាពការណ៍​ប្រែប្រួល​ក្នុង​តំបន់ ​និង​ពិភពលោក​ផង​ដែរ​ ដើម្បី​បញ្ចៀស ​និង​សម្រាល​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ទាំងឡាយ​ ដែល​អាច​កើត​ឡើង​ជា​យថាហេតុ ​និង​ត្រូវ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ ​ដើម្បី​ប្រែក្លាយ​ការ​ប្រឈម​ ឲ្យ​ក្លាយទៅ​ជា​កាលានុវត្តភាព​។

សូម​រំលឹក​ថា ​ថវិកា​ជាតិ​សម្រាប់​ចាយ​វាយ​ឆ្នាំ​២០១៨​នេះ ​មាន​ប្រមាណ​ជា ​៦​ពាន់​លាន​ដុល្លារ គឺ​កើន​ឡើង​១៥.២​ភាគរយ ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ​ដែល​មាន​ជាង​៥ ២០០​លាន​ដុល្លារ​។​ចំណាយ​សរុប​ជាតិ​ឆ្នាំ​២០១៨ ​ប្រមាណ​៦​ពាន់​លាន​ដុល្លារ​នេះ ​ត្រូវ​បាន​បែងចែក​ជា​២​ផ្នែក​ធំ​ៗ​គឺ ​ទី​១ ​ចំណាយ​ចរន្ត​ថវិកា​រដ្ឋ​ប្រមាណ​ជា ​៣ ៩៨០​លាន​ដុល្លារ ​និង​ទី​២ ​ចំណាយ​មូលធន ​ប្រមាណ​ជា ​២ ១០០​លាន​ដុល្លារ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ