អានតួអត្ថបទ
កម្ពុជា-នយោបាយ

ចលនា​សង្រ្គោះ​ជាតិ​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុមហ៊ុន​របស់​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន

ចលនា​សង្រ្គោះ​ជាតិ​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ជា​ចលនា​ខុស​ច្បាប់​នោះ នៅ​ដើម​សប្តាហ៍​នេះ​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ទី​១​របស់​ខ្លួន​ហើយ​ដោយ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ឲ្យ​ឈប់​ផឹក​ទឹក​បរិសុទ្ធ​ម៉ាក​វីតាល់​ត​ទៅ​ទៀត។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​រី គា ដែល​ជា​អគ្គលេខាធិការ​នៃ​ចលនា​នេះ។ ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​វីតាល់​បញ្ជាក់​តប​វិញ​ថា គេ​ត្រូវ​ញែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​វិស័យ​រដ្ឋាភិបាល និង​វិស័យ​ឯកជន។

​លោក​រី គា ដែល​ជា​អគ្គលេខាធិការ​នៃ​ចលនា​សង្គ្រោះ​ជាតិ
​លោក​រី គា ដែល​ជា​អគ្គលេខាធិការ​នៃ​ចលនា​សង្គ្រោះ​ជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​ទី​មួយ​របស់​ចលនា​សង្រ្គោះ​ជាតិ​នេះ មាន​រយៈ​ពេល​២​សប្តាហ៍​ដោយ​ធ្វើ​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរទាំង​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស​បញ្ឈប់​ទិញ​នូវ​ទឹក​បរិសុទ្ធ​ម៉ាក​វីតាល់​បរិភោគ​ត​ទៅ​ទៀត។ ក្រុម​ហ៊ុន​ទឹក​បរិសុទ្ធ​វីតាល់ ត្រូវ​បាន​លោក​រី គា​អះអាង​ថា ជា​របស់​លោក​ស្រី​ហ៊ុន ម៉ាណា ដែល​ជា​កូន​ស្រី​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន។ ដូច្នេះ​ហើយ ទើប​បាន​ជា​ចលនា​សង្រ្គោះ​ជាតិ​ចាប់​ផ្តើម​យុទ្ធនាការ​ដំបូង​របស់​ខ្លួន​សំដៅ​ប្រឆាំង​នឹង​ក្រុមហ៊ុន​នេះ​តែ​ម្តង។

ក៏​ប៉ុន្តែ​លោក​ឧកញ៉ា​ឡាវ វ៉ាន់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​វីតាល់ បាន​ប្រតិកម្ម​តប​វិញ​ដោយ​ឲ្យ​ចលនា​នេះ​ចែក​ឲ្យ​ដាច់​ពី​គ្នា​រវាង​វិស័យ​រដ្ឋាភិបាល និង​វិស័យ​ឯកជន។ លោក​ថា ចលនា​សង្រ្គោះ​ជាតិ កំពុង​តែ​ភាន់​ច្រឡំ​លើបញ្ហា​នេះ ហើយ​ថា​ចលនា​នេះ​ដឹក​នាំ​ខ្លួន​ឯង​មិន​ទាន់​បាន​ផង តែ​ចង់​មក​ដឹក​នាំ​ប្រទេស​ជាតិ។

សម្រាប់​លោក​រី គា ដោយ​សារ​តែ​ក្រុមហ៊ុន​វីតាល់​ដឹក​នាំ​ដោយ​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​នេះ​ហើយ ទើប​ក្លាយ​ជា​មុខ​សញ្ញា​របស់​ចលនា​សង្រ្គោះ​ជាតិ។ លោក​ថា ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​ពាក់​ព័ន្ធ​នឹង​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ។ ដូច​នេះ​ហើយ លោក​រី គា អះ​អាង​ថា​យុទ្ធនាការ​បន្ទាប់​របស់​ចលនា​សង្រ្គោះ​ជាតិ គឺ​នឹង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​បន្ត​ឈប់​ប្រើ​ប្រាស់​ប្រេង​សាំង​របស់​ក្រុមហ៊ុន​ប្រេង​ឥន្ទនៈ​តេឡា​ថែម​ទៀត​ដែល​លោក​រី គា អះអាង​ថា ជា​របស់​លោក​ស្រី​ហ៊ុន ម៉ាណា និង​លោក​ស្រី​ប៊ុន រានី ដែល​ជា​ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ និយាយ​ជា​រួម​ទៅ បើ​តាម​លោក​រី គា មុខ​សញ្ញា​របស់​ចលនា​សង្រ្គោះ​ជាតិ គឺ​ក្រុមហ៊ុន​ទាំង​ឡាយ​ណា​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​តែ​ម្តង។

លោក​សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាត់​ទុក​យុទ្ធនាការ​របស់​ចលនា​សង្រ្គោះ​ជាតិ​នេះ​ថា ធ្វើ​ឡើង​ដោយ​សារ​តែ​អស់​ផ្លូវ​ដើរ។ លោក​សង្កត់​ធ្ងន់​ថា ការ​អំពាវនាវ​នេះ​មិន​មាន​ប្រសិទ្ធភាព​អ្វី​នោះទេ ដោយ​គ្មាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់​ធ្វើ​តាម​ការ​ញុះញង់​នេះ​ឡើយ ។ សម្រាប់​លោក​សុខ ឥសាន កុំ​ថា​ឡើយ​តែ​រឿង​ចង់​បង្អត់​ទឹក​ប្រជាជន ទោះ​បញ្ហា​ផ្សេងៗ​ទៀត ​ក៏​គ្មាន​ប្រជាជន​ណា​លុះ​តាម​ឧបាយកល​អាក្រក់​របស់​ក្រុម​លោក​សម រង្ស៊ី​នោះ​ដែរ ។

សូម​បញ្ជាក់​ថា ចលនា​សង្រ្គោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​លោក​សម រង្ស៊ី និង​អតីត​មន្រ្តី​គណបក្ស​ប្រឆាំង​៨​នាក់​ទៀត ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់។ មិន​តែ​ប៉ុណ្ណោះ ថ្នាក់​ដឹក​នាំ​នៃ​ចលនា​នេះ​ក៏​ត្រូវ​បាន​ក្រសួង​មហា​ផ្ទៃ​ប្តឹង​ឲ្យ​តុលាការ​កម្ពុជា​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់​ថែម​ទៀត។ សម្រាប់​រដ្ឋាភិបាល​កម្ពុជា ចលនា​សង្រ្គោះ​ជាតិ​ទោះ​ធ្វើ​សកម្មភាព​អ្វី​ក៏​ដោយ គឺ​ជា​សកម្មភាព​ខុស​ច្បាប់​ទាំង​អស់​ដែល​ត្រូវ​តែ​កំទេច​ចោល​ភ្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ