ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
កម្ពុជា

​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម ​ត្រូវ​បាន​អនុម័ត​ឆ្លង​ផុត​គណៈ​រដ្ឋ​មន្រ្តី​នៅ​ថ្ងៃ​សុក្រ​នេះ​

media  
ការប្រជុំគណៈរដ្ឋមន្ត្រីនាពេលកន្លងមក (រូបភាពឯកសារ) @Google

សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ទៀត​ស្តី​ពី​របប​សន្តិ​សុខ​សង្គម ​ដែល​ស្រដៀងគ្នា​នឹង​ច្បាប់​ស្តី​ពី​របប​សន្តិសុខសង្គម​ដែល​មាន​ស្រាប់នោះ ត្រូវបាន​អនុម័ត​​ហើយ នៅក្នុង​កិច្ច​ប្រ​ជុំ​របស់​គណៈ​រដ្ឋមន្រ្តី​នៅថ្ងៃសុក្រនេះ។ ប៉ុន្តែ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​គឺមាន​វិសាល​ភាព​​ទូលំទូលាយគ្រប់​ដណ្តប់ទៅលើ​មន្ត្រីរាជការសាធារណៈ​ ទាំងអស់​ ព្រម​ទាំង​បុគ្គលិក​វិស័យ​ឯកជន​ផង​ដែរ​។ ច្បាប់នេះខុស​ពី​ច្បាប់​ចាស់​ ដែល​មាន​វិសាលភាព​គ្រប​ដណ្តប់​តែ​លើ​បុគ្គលិកវិស័យជន​ ដែល​ស្ថិតនៅក្រោម​ច្បាប់​ស្តី​ពី​ការងារតែប៉ុណ្ណោះ។ 

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​របប​សន្តិ​សុខ​សង្គម​នៅ​ពេល​នេះ គឺ​មាន​គោល​បំណង​បង្កើត​ឲ្យ​មាន​របប​សន្តិសុខ​សង្គម​កម្ពុជា ទៅ​តាម​គោលការណ៍​សាមគ្គី​ធម៌ និង​សមធម៌​សង្គម​។ ច្បាប់​នេះ​រួម​មាន​៤ផ្នែក គឺ​ផ្នែក​ប្រាក់​សោធន ផ្នែក​ថែ​ទាំ​សុខ​ភាព ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​និកម្មភាព​ការងារ សម្រាប់​បុគ្គល​ដែល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ បុគ្គល​ដែល​ស្ថិត​ក្រោម​ច្បាប់​ស្តី​ពី​ការងារ គិត​រួម​ទាំង​បុគ្គលិក​ផ្លូវ​អាកាស នាវា​សមុទ្រ និង​អ្នក​បម្រើ​តាម​ផ្ទះ​ព្រម​ទាំង​បុគ្គល​ស្វ័យ​និយោជន៍​។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​លោក ផៃ ស៊ីផាន រដ្ឋ​មន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​។

វិសាល​ភាព​របស់​ច្បាប់​នេះ​គឺ​អនុវត្ត​ចំពោះ​បុគ្គល ដែល​ស្ថិត​នៅ​ក្នុង​វិស័យ​សាធារណៈ​រួម​មាន៖ មន្រ្តី​រាជ​ការ​ក្នុង​ក្រប​ខ័ណ្ឌ​មុខងារ​សាធារណៈ មន្រ្តី​រាជការ​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​មន្រ្តី​រាជ​ការ​នៃ​ក្រុម​នីតិ​ប្បញ្ញត្តិ មន្រ្តី​រាជការ​ដែល​បម្រើ​ការងារ​នៅ​ស្ថាប័ន​តុលា​ការ មន្រ្តី​នគរបាល​ជាតិ មន្រ្តី​ពន្ធនាគារ មន្រ្តី​ដែល​បម្រើ​ការងារ​នៅ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត និង​មន្រ្តី​អាជ្ញាធរ​សវនកម្ម​ជាតិ​។

លើស​ពី​នេះ​ទៀត ច្បាប់​នេះ​ក៏​មាន​វិសាល​ភាព​លើ​អតីត​មន្រ្តី​រាជការ​ស៊ីវិល និង​អតីត​យុទ្ធជន មន្រ្តី​ជាប់​កិច្ច​សន្យា​នៅ​តាម​ស្ថាប័ន​រដ្ឋ និយោជិត​នៃ​វិស័យ​សាធារណៈ និង​បុគ្គល​ទាំង​ឡាយ ដែល​ស្ថិត​នៅ​ក្រោម ច្បាប់​ស្ដី​ពី​ការងារ រូម​បញ្ចូល​ទាំង​បុគ្គលិក​ធ្វើ​ការ​តាម​ផ្លូវ​អាកាស និង​នាវា​សមុទ្រ ព្រម​ទាំង​អ្នក​បម្រើ​តាម​ផ្ទះ​ទៀត​ផង​។

សូម​ជម្រាប​ថា កម្ពុជា​ក៏​មាន​ច្បាប់​មួយ​រួច​ហើយ ស្តី​ពី​របប​សន្តិ​សុខ​សង្គម ដែល​រដ្ឋ​សភា​បាន​អនុម័ត​កាល​ពី​ខែ​សីហា​ឆ្នាំ​២០០២​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨​ទើប​របប​សន្តិ​សុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​កម្មករ​និយោជិត ត្រូវ​បាន​រៀប​ចំ​ដាក់​ឲ្យ​ដំណើរ​ការ​។ ច្បាប់​ចាស់​កាល​ណោះ​ គឺ​សម្រាប់​តែ​ជន​ទាំង​ឡាយ​ណា​ដែល​​ស្ថិត​នៅក្រោមបញ្ញត្តិ​ច្បាប់​ស្តី​ពីការ​ងារ​តែប៉ុណ្ណោះ។ ច្បាប់នេះបាន​តម្រូវ​ឲ្យ​សមាជិក​នៃបេឡជាតិ​របប​សន្តិសុខ​សង្គម(បសស)ត្រូវ​បង់​វិភាគទាន​ជាប្រចាំ ហើយ​នឹង​ទទួលបានមកវិញ​នូវ​ប្រាក់សោ​ធន​​នៅពេល​ជួប​បញ្ហាគ្រោះ​ថ្នាក់ការងារ​ និងជំងឺវិជ្ជាជីវៈ ដោយសារតែ​ការ​បំពេញការ​ងារ​ជាដើម៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ