អានតួអត្ថបទ
កម្ពុជា-ធម្មជាតិ

ក្រសួង​ធនធាន​ទឹក​រំឮក​ពលរដ្ឋ​រស់​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ ឲ្យ​ប្រុង​ប្រយ័ត្ន​ស្ថានភាព​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ពេញ​មួយ​សប្ដាហ៍

អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​១៣​ខែ​កក្កដា​នេះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​ទាំង​៤​ ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នូវ​ស្ថានភាព​ភ្លៀង​ធ្លាក់​ជោគ​ជាំ​ពេញ​មួយ​សប្ដាហ៍​នេះ​ ចាប់​ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៨​ខែ​កក្កដា។ ការ​ប្រកាស​របស់​ក្រសួង​ធនធាន​ទឹក​ធ្វើ​ឡើង បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា មាន​ភ្លៀង​ធ្លាក់​ច្រើន ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​មាន​ភាព​អួរ​អាប់​នឹង​នាំ​មក​នូវ ខ្យល់​បក់​បោក​ខ្លាំង លាយ​ឡំ​រលក​ខ្ពស់ៗ។

គ្រោះធម្មជាតិ
គ្រោះធម្មជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម​លោក ចាន់ យុត្ថា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប្រជានេសាទ និង​អ្នក​ដំណើរ​និយម​ជិះ​ទូក​កំសាន្ត​លើ​នៅ​តាម​ផ្ទៃ​សមុទ្រ​គឺ​ជា​ក្រុម​មនុស្ស​ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នៅ​ក្នុង​ស្ថាន​ភាព​ភ្លៀង​ធ្លាក់​ជោគ​ជាំ​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​ទាំង​៤​រួម​មានៈព្រះ​សីហនុ កោះ​កុង កំពត កែប ។

ជាក់​ស្ដែង​ក្នុង​ចំណោម​ខេត្ត​ជាប់​សមុទ្រ​ទាំង​៤​គឺ ខេត្ត​ព្រះសីហនុ​គឺ​កម្រិត​ទឹក​ភ្លៀង​បាន​ឡើង​ដល់​ជាង​១០០​មីលីម៉ែត្រ គិត​ត្រឹម​ថ្ងៃ​ទី​១២​ខែ​កក្កដា​ម្សិល​មិញ ខណៈ​ខេត្ត​កោះកុង​កម្រិត​ទឹក​ភ្លៀង​ឡើង​ដល់​ជាង​៨០​មីលីម៉ែត្រ។ ប្រឈម​ស្ថានភាព​បែប​នេះ​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​បាន​បញ្ជាក់​ថា ខេត្ត​ជាប់​មាត់​សមុទ្រ ភ្លៀង​នឹង​បន្ត​ធ្លាក់​ជោគ​ជាំ ដែល​ចំណុច​នេះ​ជា​ក្ដី​ព្រួយ​បារម្ភ​របស់​ក្រសួង​ធនធាន​ទឹក។​ ព្រួយ​បារម្ភ​​ព្រោះ​ថា កន្លង​មក​ស្ថានភាព​ភ្លៀង​ធ្លាក់​ជោគ​ជាំ​បែប​នេះ នាំ​ឲ្យ​ទឹក​ហូរ​ច្រោះ​ដាច់​ចិញ្ចើម​ផ្លូវ​ជាតិ​លេខ​៤។ ប៉ុន្តែ​ទោះ​ជា​បែប​ណា​ក៏​ដោយ ស្ថានភាព​ទឹក​ភ្លៀង​នៅ​ខេត្ត​ជាប់​សមុទ្រ​មិន​ធ្ងន់​ធ្ងរ​រហូត​ការ​ប្រកាស​អាសន្ន​ទេ។

ក្រៅ​ពី​តំបន់​មាត់​សមុទ្រ ខេត្ត​បាត់ដំបង​កើត​មាន​ជំនន់​ទឹក​ភ្លៀង​នៅ​ស្ទឹង​សង្កែ កាល​ថ្ងៃ​ទី​១២​ខែ​កក្កដា​ម្សិល​មិញ ដោយ​សារ​តែ​ការ​បើក​ទំនប់​ទឹក​សេក​សក ក្នុង​ស្រុក​រតនៈ​មណ្ឌល។ ព្រោះ​ទំនប់​ទឹក​នៅ​សេក​សក​បាន​ហក់​ឡើង​ខ្ពស់ រហូត​ឈាន​ដល់​ការ​បើក​ទ្វារ​ទឹក​ទាំង​៧​ដើម្បី​រំដោះ​ទឹក។ ​តែ​ស្ថានភាព​នេះ​បាន​វិល​ទៅ​រក​ធម្មតា​វិញ​ហើយ​គិត​មក​ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា​នេះ។ បើ​តាម​លោក ចាន់ យុត្ថា ស្រប​ពេល​ដែល​ខេត្ត​បាត់​ដំបង​ជោគ​ជន់​ដោយ​ទឹក​ភ្លៀង មួយ​ផ្នែក​នៃ​ខេត្ត​នេះ​ក៏​ប្រឈម​នឹង​គ្រោះ​រាំង​ស្ងួត​ដែរ​។

ខណៈ​ខេត្ត​ដទៃ​ទៀត​ដូច​ជា៖ សៀមរាប និង​បន្ទាយមានជ័យ​ក៏​ប្រឈម​នឹង​ភាព​រាំង​ស្ងួត​ដែរ។ នេះ​ក៏​ដោយ​សារ​តែ​ភ្លៀង​ធ្លាក់​ក្នុង​ក្របខណ្ឌ​រាយ​ប៉ាយ​មិន​ទៅ​ដល់។ ​ដោយ​ឡែក​សម្រាប់​បណ្តា​រាជធានី​ខេត្ត​មួយ​ចំនួន ដូច​ជា​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ ការ​ធ្លាក់​ភ្លៀង​នឹង​ថយ​មក​ក្នុង​កម្រិត​តិច​នៅ​ចន្លោះ​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៨ ខែ​កក្កដា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ