ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 23/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 23/09 12h00 GMT
កម្ពុជា

ក្រសួង​បរិស្ថាន​ បើក​ដៃ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ ចាត់​វិធាន​ការណ៍​បទ​ល្មើស​ក្នុង​តំបន់​ការពារ​ធម្មជាតិ​

media  
មួយផ្នែកនៃឆ្នេរសមុទ្ររាម @Internet

ក្រសួង​បរិស្ថាន នៅ​ថ្ងៃ​ទី​១២​កញ្ញា​ម្សិលមិញ បាន​ប្រកាស​ឲ្យ​ដឹង​ថា តំបន់​ការពារ​ធម្មជាតិសំខាន់ៗ​របស់​កម្ពុជា កំពុង​កើត​មាន​បទល្មើស តាមរយៈ​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធ​នៃ​ការ​ទិញ​លក់។ ក្រសួង​ក៏​បាន​បើក​ដៃ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ក្រោមជាតិ​ចាត់​វិធាន​ការណ៍លើ​បញ្ហា​នេះ​ដែរ។ ប៉ុន្តែ​សម្រាប់​អ្នក​ធ្វើការ​ខាង​បរិស្ថាន​យល់​ថា ការ​ប្រើប្រាស់​វិធានការច្បាប់​គួរ​អនុវត្ត​ចំពោះ​ក្រុមហ៊ុន។ ក្រុមហ៊ុន​ដែល​ក្រុម​អ្នក​បរិស្ថាន​ជឿថា នៅ​ពី​ក្រោយ​ការកាប់​ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ។ 

សកម្ម​ភាព​នៃ​ការ​ឈូស​ឆាយ កាប់​ឆ្ការ ដុត រុក​រាន ទន្ទ្រាន ជា​ដើម នៅ​តែ​បន្ត​កើត​មានក្នុង​តំបន់​ការពារ​ធម្មជាតិ នៃ​តំបន់​ឧទ្យានជាតិ​ព្រះសីហនុ«រាម» ឧទ្យានជាតិ​ព្រះមុនីវង្ស«បូកគោ» និង​ឧទ្យានជាតិ​ព្រះសុរាម្រិត-កុសមៈ«គិរីរម្យ» រួម​នឹង​តំបន់​ប្រើប្រាស់ច្រើន​យ៉ាង ព្រែក​ទឹក​សាប​ក្បាល​ឆាយ ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់ និង​ស្រែពក។ នេះបើ​តាម​ការ​លើក​ឡើង​របស់​ក្រសួង​បរិស្ថាន។

ក្នុង​នោះ​ដែរ ក្រសួង​បរិស្ថាន ក៏​រក​ឃើញ​បុគ្គល​មួយ​ចំនួន បាន​យក​ឯកសារ​ពាក្យ​ស្នើ​សុំកាន់​កាប់​ប្រើប្រាស់​ដីធ្លី ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ជា​មោឃៈរួច​មក​ហើយ មក​ធ្វើ​ជាលេស ដើម្បី​ធ្វើ​សកម្មភាព​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន​ដី​ព្រៃ នៅ​ក្នុង​តំបន់ការពារ​ធម្មជាតិ។ សកម្មភាព​ទាំង​នេះ ក៏​បាន​រាលដាល​ដល់​ទីតាំង​ដី​ស្រប​ច្បាប់​របស់ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍន៍ ដែល​រាជរដ្ឋាភិបាល​បាន​ផ្ដល់​ការ​អនុញ្ញាត។

ប្រឈម​នឹង​បញ្ហានេះ ក្រសួង​បាន​ក្រើន​រំឮក ដល់​ស្ថាប័ន​សមត្ថកិច្ច រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឲ្យ​ចាត់​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត ដើម្បី​ទប់​ស្កាត់ និង​បង្ក្រាប​រាល់សកម្មភាព​ល្មើស​នានា។ ជាមួយ​គ្នា​នេះ អាជ្ញាធរ​ត្រូវ​បញ្ជ្រាប​ការ​យល់​ដឹង អំពី​ការ​អភិរក្ស​តំបន់​ការ​ពារធម្មជាតិ​ទាំង​នេះ​ទៅ​ដល់​ពលរដ្ឋ​ផង​ដែរ។ នេះ​បើ​តាម​ក្រសួង​បរិស្ថាន។

ប៉ុន្តែ​យ៉ាង​ណា​មិញ លោក អ៊ូច ឡេង សកម្មជន​ព្រៃ​ឈើ និង​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់បរិស្ថាន​ពិភពលោក​ឆ្នាំ​២០១៦​ផង​នោះ លើក​ឡើង​ថា ការ​អនុវត្ត​ច្បាប់​ចំពោះ​អ្នក​កាប់ទន្ទ្រាន​ដី​ព្រៃ​រដ្ឋ គួរ​ធ្វើ​ឡើង​ដោយ​ស្មើភាព​គ្នា​មិន​ថា ពលរដ្ឋ​ធម្មតា ឬ​ក៏​ក្រុមហ៊ុន​នោះទេ។ បើតាម​លោក អ៊ូច ឡេង ក្រុមហ៊ុន​រក​ស៊ី​ឈើ មិន​ចុះ​មក​កាប់​ឈើ​ដោយ​ផ្ទាល់​ទេ គេ​បាន​ប្រើ​ពលរដ្ឋ​កាប់​ឈើ ដើម្បី​យក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​វិញ។ ដូច្នេះ​រដ្ឋាភិបាល គួរអនុវត្ត​វិធានការ​ច្បាប់​ជា​មួយ​ក្រុមហ៊ុន​ជា​មុន​សិន ប្រសើ​ជាង​ទម្លាក់​កំហុស​ទៅ​កាន់ពលរដ្ឋ​ក្រីក្រ។ នេះ​បើ​តាម​លោក អ៊ូច ឡេង។

សកម្មជន​បរិស្ថានរូប​នេះ បន្តថា«បើ​គ្មាន​អ្នក​ទិញ ក៏​គ្មាន​អ្នក​លក់ ហើយ​ក៏​គ្មាន​អ្នក​កាប់ដែរ»។ អ្នក​ទិញ​ភាគ​ច្រើន គឺ​មក​ពី​ក្រុមហ៊ុន​ចិន និង​វៀតណាម ខណៈ​ក្រុមហ៊ុន​ខ្មែរ​នៅក្នុង​ស្រុក​ជា​អ្នក​ប្រមូល​ទិញ។ ត្រង់​ចំណុច​នេះ លោក អ៊ូច ឡេង ថា គេ​ពិបាក​នឹងបន្ទោស​អាជ្ញាធរ ដែល​គ្រប់គ្រង​ព្រៃ​ឈើ​មិន​បាន​ល្អ ព្រោះ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប នៅ​តែ​កុម្ម៉ង​ទិញ​ឈើ​ពី​ប្រទេសចិន និង​វៀតណាម។ ដោយ​សារ​តែ​បែប​នេះហើយ ទើប​មុខ​របរ​រក​ស៊ី​ឈើ​នៅ​កម្ពុជា នៅ​តែ​កើត​មាន​ឡើង។ នេះ​បើ​តាម​លោក អ៊ូច ឡេង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ