អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តម្លា​ភាព​ត្រូវ​តែ​មាន​គ្រប់​កម្រិត និង​គ្រប់​វិស័យ​ក្នុង​ដំណើរ​អភិវឌ្ឍន៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

តម្លាភាព​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ប្រែប្រួល​គួរ​ឱ្យ​កត់​សម្គាល់។ ខុស​ពី​មុន​ដែល​អ្វី​ៗ​ស្ងាត់​ដូច​គេ​ចុក បច្ចុប្បន្ន​នេះ ស្ថាប័ន​រដ្ឋ​ទាំង​ថ្នាក់​ក្រោម​ជាតិ ទាំង​ថ្នាក់​ជាតិ ខំ​ផ្សាយ​ព័ត៌មាន​ស្តី​ពី​ការងារ​របស់​ខ្លួន​ឱ្យ​ប្រជាជន​បាន​ដឹង​កាន់​តែ​ច្រើន។ ប៉ុន្តែ កម្រិត​តម្លាភាព​នៃ​ស្ថាប័ន​ថ្នាក់​ក្រោម​ជាតិ ត្រូវ​បាន​លើក​កម្ពស់​ខ្លាំង​ជាង​នៅ​ថ្នាក់​ជាតិ ត្បិត​ការ​គ្រប់គ្រង​វិស័យ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុស​ត្រូវ ឬ​ផល​ប្រយោជន៍​របស់​មន្ត្រី​កំពូល​ៗ​ខ្លះ គឺ​មិន​បើក​ចំហរ​ខ្លាំង​ឡើយ។

ទេសភាពតំបន់ស្ទឹងអារ៉ែងក្នុងតំបន់ជួរភ្នំក្រវាញភាគកណ្តាល នាខេត្តកោះកុង
ទេសភាពតំបន់ស្ទឹងអារ៉ែងក្នុងតំបន់ជួរភ្នំក្រវាញភាគកណ្តាល នាខេត្តកោះកុង @Mother Nature Cambodia
ផ្សាយពាណិជ្ជកម្ម

ឥលូវ​ខុស​ពី​មុន។ ការ​អញ្ជើញ​ឱ្យ​ចូលរួម​ដេញ​ថ្លៃ​ធ្វើ​ផ្លូវ ស្ថាបនា​អាគារ ផលិត​សម្លៀក​បំពាក់ ឬ​ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខា​រក្នុង​ក្រប​ខណ្ឌ​ស្ថាប័ន និង​អង្គភាព​រដ្ឋ ផ្សាយ​ពេញ​ទិនានុប្បវត្តិ វិទ្យុ ទូរទស្សន៍ វ៉ិបសាយត៍ និង​បណ្តាញ​ទំនាក់​ទំនង​សង្គម។ រឿង​អ្នក​នយោបាយ បញ្ហា​ព្រំដែន ក៏​ដូចជា​ការ​ស៊ើប​អង្កេត​រឿង​ក្តី ក៏​មិនសូវ​អាថ៌​កំបាំង​ដូច​មុន​ដែរ។ ព័ត៌មាន​គ្រប់​ប្រភេទ​ដែល​ហូរ​ចេញ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ នាំ​ចំណេះដឹង​ ការ​កម្សាន្ត និង​ក្តី​អាម៉ាស់​ខ្លះ​មែន ប៉ុន្តែ​ព័ត៌មាន​រួម​ចំណែក​លើក​ស្ទួយ​តម្លាភាព​នៅ​ក្នុង​សង្គម​កម្ពុជា។

ជា​គោលការណ៍​ធំ​មួយ​នៃ​អភិបាល​កិច្ច​ល្អ តម្លាភាព​មាន​ន័យ​សាមញ្ញ​ថា៖ «សេចក្តី​សម្រេច​ទាំង​ឡាយ​ និង​ការ​ពង្រឹង​សេចក្តី​សម្រេច​ទាំង​នោះ គឺ​ធ្វើ​ឡើង​ដោយ​អនុលោម​តាម​ច្បាប់ និង​បទបញ្ញត្តិ​នានា»។ តម្លាភាព​ក៏​មាន​ន័យ​ផង​ដែរ​ថា៖ «ព័ត៌មាន​សម្រាប់​អ្នក​ដែល​រងផល​ប៉ះពាល់​ដោយ​សេចក្តី​សម្រេច និង​ការ​ពង្រឹង​សេចក្តី​សម្រេច​ទាំង​នោះ គឺ​អាច​រក​បាន​ដោយ​សេរី និង​អាច​ទទួល​ដោយ​ផ្ទាល់»។ លើស​ពី​នេះ​ទៀត តាម​គោលការណ៍​តម្លា​ភាព «ព័ត៌មាន​ត្រូវ​តែ​ពេញលេញ និង​ផ្តល់​ឱ្យ​តាម​ទម្រង់ និង​វិធីងាយ​យល់»។ កម្ពុជា​កំពុង​លើក​ស្ទួយ​តម្លាភាព​ក្នុង​ការ​អភិវឌ្ឍ​ទាំង​នៅ​ថ្នាក់​ក្រោម​ជាតិ ទាំង​នៅ​ថ្នាក់​ជាតិ។

ជាក់​ស្តែង គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (គ.ជ.អ.ប) ត្រូវ​បាន​បង្កើត​ឡើង​នាចុង​ឆ្នាំ​២០០៨ ដើម្បី​ជម្រុញ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ និង​គោល​នយោបាយ​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ឱ្យ​មាន​ប្រសិទ្ធភាព។ ក្រសួង​មហាផ្ទៃ និង​ទីស្តីការ​គណៈរដ្ឋមន្ត្រី ជា​អ្នកដឹកនាំ​ គ.ជ.អ.ប ដែល​មាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​១២​ទៀត​ជា​សមាជិក។ បន្ថែម​ឱ្យ​ព័ត៌មាន​ដែល​ខេត្ត ក្រុង និង​រាជធានី ផ្តល់​ឱ្យ​តាមរយៈ​មន្ត្រី​ព័ត៌មាន និង​វ៉ិបសាយត៍​របស់​ខ្លួន គ.ជ.អ.ប​ ក៏​តែងតែ​ផ្សាយ​ព័ត៌មាន​លម្អិត​អំពី​ក្រប​ខណ្ឌ​ច្បាប់ ស្ថាប័ន​អនុវត្ត កម្មវិធី​ជាតិ គម្រោង ដៃគូ​អនុវត្ត នីតិវិធី​ការងារ និង​ដំណឹង​ដែល​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា នៅ​ថ្នាក់​ក្រោម​ជាតិ​ដែរ។

នៅ​ថ្នាក់​ជាតិ ក្រសួង និង​ស្ថាប័ន​រដ្ឋ បាន​បង្កើត​វ៉ិបសាយត៍ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ហើយ​បាន​តែងតាំង​មន្ត្រី​ព័ត៌មាន​ស្ទើរ​គ្រប់​វិស័យ។ អ្នក​សារព័ត៌មាន និង​ពលរដ្ឋ​ទូទៅ ពិត​ជា​អាច​ស្វែង​រក​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​ពី​ប្រភព​ទាំង​នេះ កាន់តែ​ប្រសើរ និង​ឆាប់​រហ័ស​ជាង​ពេល​ដែល​ប្រព័ន្ធ​ផ្តល់​ព័ត៌មាន​បែប​នេះ​ មិន​ទាន់​កើត​នៅ​កម្ពុជា។ ដោយ​ពឹងផ្អែក​លើ​ប្រភព​ព័តមាន​បែបនេះ​មួយ​ភាគ​ធំ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​តែង​រាយការណ៍​ឱ្យ​សាធារណៈជន​ដឹង​រាល់​ព្រឹត្តិការណ៍​ធំ​ៗ​ទាក់ទង​នឹង​ជម្លោះ​ព្រំដែន ការ​បង្ក្រាប​មន្ត្រី​ពុក​រលួយ ការ​ផ្តន្ទាទោស​ឧក្រិដ្ឋ​ជន​ល្បី​ៗ ការ​លើក​ទឹកចិត្ត​បុគ្គល​ឆ្នើម​ៗ និង​ដំណើរ​នៃ​ការ​ធ្វើ​ច្បាប់​ថ្មី​ជា​ដើម។ ទោះ​តិច​ក្តី ច្រើន​ក្តី ការ​បញ្ចេញ​ដំណឹង​ជា​បន្ត​បន្ទាប់​ដោយ​ភ្នាក់ងារ​សាធារណៈ ពិត​ជា​ផ្តល់​ឱកាស​ឱ្យ​ប្រជាជន​កម្ពុជា​ដឹង​អំពី​របៀប​របប​ដឹកនាំ​ប្រទេស​ដោយ​រដ្ឋាភិបាល​កាន់​អំណាច។

ក៏​ប៉ុន្តែ នៅ​មាន​បញ្ហា​ច្រើន​ទៀត​ដែល​ពលរដ្ឋ​កម្ពុជា​ចង់​ដឹង ចាំបាច់​ត្រូវ​ដឹង និង​មាន​សិទ្ធិ​ដឹង ព្រោះ​ពាក់​ព័ន្ធ​នឹង​ការ​រស់នៅ​របស់​ខ្លួន​ផ្ទាល់ ហើយ​ភ្នាក់ងារ​រដ្ឋ​មិន​បាន​ផ្សព្វផ្សាយ​ឱ្យ​ដឹង ឬ​ខំ​ព្យាយាម​លាក់​តែ​ម្តង​។ ឧទាហរណ៍៖ ថ្មី​ៗ​នេះ អង្គការ សមាគម​មិនមែន​រដ្ឋាភិបាល និង​សហជីព​មួយ​ចំនួន បាន​លើក​ឡើង​អំពី​ការ​បិទបាំង​ខ្លឹមសារ​នៃ​សំណើ​ច្បាប់​ដែល​ស្ថាប័ន​ជាតិ​តែង​ឡើង​ដើម្បី​គ្រប់​គ្រង​ពួកគេ។ ជា​អ្នក​ស្នើ​ច្បាប់​រដ្ឋាភិបាល​កម្ពុជា​បែរ​ជា​យល់​ឃើញ​ថា ការ​បង្កើត​ច្បាប់​ដើម្បី​គ្រប់គ្រង​សង្គម​ស៊ីវិល​ដែល​រួម​ចំណែក​យ៉ាង​ខ្លាំង​ក្នុង​ដំណើរ​អភិវឌ្ឍន៍​កម្ពុជា គឺ​ចាំបាច់​ជាង​ការ​បង្កើត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ដែល​អាច​រារាំង​មន្ត្រី​មាន​អំណាច មិន​ឱ្យ​យក​ធនធាន​រដ្ឋ​ទៅ​បម្រើ​ផល​ប្រយោជន៍​ឯកជន ទៅ​វិញ។

ម្យ៉ាង​ទៀត ព័ត៌មាន​ស្តី​ពី​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ឱ្យ​ក្រុមហ៊ុន​ឯកជន វិនិយោគទុន​លើ​ធនធាន​ធម្មជាតិ​មួយ​ចំនួន​ដូចជា ដី​កសិកម្ម ព្រៃឈើ រ៉ែ​ជា​ដើម កម្រ​ត្រូវ​បាន​រដ្ឋាភិបាល​លាត​ត្រដាង ឬ​ប្រកាស​ឱ្យ​មាន​ការ​ចូលរួម​ដេញ​ថ្លៃ​ពី​សំណាក់​វិនិយោគិន​ទូទៅ​ណាស់ ថ្វី​បើ​គម្រោង​ទាំង​នោះ​ងាយ​ជះ​ផល​អវិជ្ជមាន​ដល់​ការ​រស់នៅ​ជា​ប្រក្រតី​របស់​ប្រជាជន​ក្តី។ ដោយសារ​ប្រព័ន្ធ​គ្រប់គ្រង​ខ្លះ​តម្លា​ភាព​នៅ​ថ្នាក់​ជាតិ ក្រុមហ៊ុន​ឯកជន​ខ្លះ​ដែល​ទទួល​បាន​សិទ្ធិ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច មិន​ញញើត​នឹង​ឈូស​កសិករ​ចេញ​ពី​ដី​ដែល​ពួកគេ​កំពុង​អាស្រ័យ​ផល​ឡើយ។ ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​បាន​ទទួល​សិទ្ធិ​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់សិប​ឆ្នាំ​ដោយ​ខ្វះ​តម្លាភាព ហើយ​មិន​បាន​អភិវឌ្ឍ​អ្វី​សោះ​នៅ​លើ​ដី​ទាំង​នោះ ក៏​មិន​បាន​រង​ការ​ផាក​ពិន័យ​អ្វី​ធំ​ដុំ ក្រៅ​ពី​ការ​ដក​ហូត​អាជ្ញាប័ណ្ណ​ឡើយ។ ការណ៍​នេះ​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បាត់បង់​ចំណូល​ជាតិ​យ៉ាង​ជាក់​ស្តែង។

ដល់​ពេល​ហើយ​ដែល​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ជាតិ​កម្ពុជា លើក​ស្ទួយ​តម្លា​ភាព​ក្នុង​ការងារ​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​បាន​ម៉ឺងម៉ាត់ បើ​មិន​ចង់​ឱ្យ​មាន«ការ​យល់​ច្រឡំ»ក្នុង​ចំណោម​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ​ ដូច​ក្នុង​ករណី​សេចក្តី​ស្នើ​ច្បាប់​ថ្មី​ៗ ដី​សម្បទាន​សេដ្ឋកិច្ច និង​រឿង​ព្រំ​ដែន​ជាដើម។ ការ​បង្កើន​តម្លាភាព​នៅ​គ្រប់​កម្រិត និង​គ្រប់វិស័យ ពី​សំណាក់​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ជាតិ គឺ​ជា​ទង្វើ​ប្រសើរ​ជាង​ការ​ថ្លែង​ដៀល​ត្មះ«​អ្នក​យល់​ច្រឡំ»ដោយសារ​បញ្ហា​ខ្វះ​ព័ត៌មាន។ ធម្មតា ការ​យល់​ច្រឡំ​មិន​ស្ថិត​នៅ​តែ​ក្នុង​ចិត្ត​មនុស្ស​ទេ​ វា​ក៏​ស្តែង​ចេញ​ជា​សកម្មភាព​ដែល​អាច​បំផ្លាញ​ដំណើរ​អភិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ទៅ​វិញ​ក៏​មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ