អានតួអត្ថបទ
កម្ពុជា

ធនាគារ​ជាតិ ​តម្រូវ​​ឲ្យ​គ្រឹះស្ថាន​​​ធនាគារ​ក្នុង​​ស្រុក​ ​ផ្តល់​លុយ​​​រៀល​​១០%​នៃ​​ប្រាក់​​កម្ចី​សរុប​​!​

កាលពី​ពេល​ថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បាន​តម្រូវឲ្យគ្រឹះស្ថានធនាគារ និង មីក្រូ​ហិ​រ​ញ្ញ​វត្ថុ​កម្ពុជា ​ត្រូវបញ្ចេញកម្ចី ជាលុយ​រៀល ឲ្យបានយ៉ាងហោចណាស់១០ ភាគរយនៃ ទំហំ​កម្ចី​សរុប​របស់​ស្ថាប័ន​នីមួយៗ​។ ធនាគារជាតិ ​យល់​ថា នេះ​ជា​ការ​​ជួយ​​លើក​កម្ពស់​​ប្រាក់​​រៀល​ និង​​បង្កើន​​ទំនុក​ចិត្ត​ដល់​ប្រជា​ពលរដ្ឋ ​ក្នុង​​ការ​​ប្រើប្រាស់​​រូបិយបណ្ណ​ជាតិ។ ក៏ប៉ុន្តែ ចំពោះ​វិធាន​ការ​នេះ ត្រូវ​​អ្នកជំនាញ​វិភាគ​​សេដ្ឋកិច្ច​ មើលឃើញ​ថា អាច​នឹង​គ្មាន​ប្រសិទ្ធភាព ព្រោះវា​គ្រាន់តែ​ឆ្លើយ​តប​ទៅ​នឹងស្ថានការ​ណ៍​រយៈ​ពេល​ខ្លី​តែប៉ុណ្ណោះ។  

លុយរៀល
លុយរៀល RFI
ផ្សាយពាណិជ្ជកម្ម

ការ​​តម្រូវឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅក្នុង​ស្រុក​ ត្រូវបញ្ចេញកម្ចី ជាលុយ​រៀល យ៉ាង​​តិច​១០ភាគរយនេះ គឺ​បាន​ដាក់​ចេញ​ដោយ​ធនាគារ​ជាតិ​កម្ពុជា កាលពី​ខែធ្នូឆ្នាំ​២០១៦​កន្លង​ទៅ​ ហើយ​វិធាន​ការ​នេះ ត្រូវ​ទុកពេលអនុវត្ត​រហូត​ដល់ឆ្នាំ២០១៩ ខាងមុខ​។  

ដើម្បីជួយ​ជ្រោម​ជ្រែង​វិធាន​ការ​នេះ និង​ក្នុង​នៅឆ្នាំ២០១៧នេះ​តែម្តង​ ធនាគារជាតិនៃកម្ពុជា បាន​គ្រោងលក់ចេញប្រាក់រៀល ចំនួន ៣,៩៤ ពាន់ពាន់លានរៀល ប្រហែល​ស្មើ​នឹង ៩៧៧,​៤ លានដុល្លារ ដើម្បីធ្វើអន្តរាគមន៍ទីផ្សារប្តូរប្រាក់ ក្នុងគោល​ដៅ​រក្សា​ស្ថិរភាព​ថ្លៃរូបិយ​ប័ណ្ណ​ជាតិ​។ ការ​បញ្ចេញ​ប្រាក់​រៀលបន្ថែម​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ការកើនឡើង​ជំនឿ​ទុក​ចិត្ត​របស់​សាធារណ​ជនទៅ​លើប្រាក់រៀល ហើយជំរុញ​ឲ្យ​គេ​ប្រើប្រាស់ប្រាក់​រៀល​ឲ្យ​កាន់​​តែច្រើន ក្នុង​សកម្ម​ភាព​អាជីវកម្ម និងជីវភាពប្រចាំថ្ងៃ។

ជាមួយ​គ្នា​នេះ ធនាគារជាតិនៃកម្ពុជា បានបង្កើត “គណៈកម្មការកំណត់អត្រាប្តូរប្រាក់ផ្លូវការ” ដែលរួមមានសមាសភាពមកពីនាយកដ្ឋានពាក់ព័ន្ធ ដូចជា នាយកដ្ឋានគ្រប់គ្រងប្តូរប្រាក់ នាយក​ដ្ឋានបោះផ្សាយនិងឃ្លាំងបេឡា នាយកដ្ឋាន ប្រតិបត្តិការ នាយកដ្ឋានស្ថិតិ និងនាយក​ដ្ឋាន​ស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ គឺជាអ្នកកំណត់អត្រាប្តូរប្រាក់ផ្លូវការ ។ សមាជិកគណៈកម្មការនេះ ជួបប្រជុំគ្នាជារៀងរាល់ព្រឹក។

ចំពោះវិធាន​ការ​នេះ លោកបណ្ឌិត​ តេង ដឺលុច និង​ជា​សាស្ត្រាចារ្យ​វិទ្យា​សេដ្ឋកិច្ច យល់​ឃើញ​ថា វា​គ្រាន់តែ​ឆ្លើយ​តប​នឹង​ស្ថានការ​ណ៍​​មួយ​រយៈ​ពេល​ខ្លី​តែប៉ុណ្ណោះ គឺ​គ្មាន​យន្ត​ការ​ ឬ​គោល​នយោបាយ​រយៈ​ពេល​​វែង​ឆ្ងាយ​នោះទេ។ បណ្ឌិត​ តេង ដឺលុច គិត​ឃើញទៀត​ថា ការ​ស្នើ​របស់​​ធនាគារ​ជាតិ​នៅពេល​​នេះ គឺ​អាច​នឹង​គ្មាន​ប្រសិទ្ធភាព គឺ វា​ដូច​នឹង​យុទ្ធនាការ​ប្រើប្រាស់​ប្រាក់​រៀល​កាល​ពី​ឆ្នាំ​ទៅ​មិញ​ដែរ ដែល​វា​ហាក់​ដូច​ជា​គ្មាន​ប្រសិទ្ធភាព​ជា​ដុំ​កំភួន​អ្វីឡើយ​។

តាមបណ្ឌិត​សេដ្ឋកិច្ចរូបនេះ វិធានការរបស់​ធនាគារ​ជាតិ​នៅ​លើកនេះ ​អាច​ប្រឈម​នឹង​ឧប​សគ្គ​​ច្រើន ដោយសារតែ​សេដ្ឋកិច្ច​កម្ពុជា​ពឹង​ផ្អែក​នឹង​ប្រាក់​ដុល្លារ ហើយ​ក្រុម​ហ៊ុន​វិនិយោគ​ធំៗ​ពី​បរទេស​ គឺសុទ្ធ​តែ​ប្រើ​រូបិយវត្ថុអាមេរិក។​ ចំណែក​​ពលរដ្ឋ​ខ្មែរ​ទូទៅ​វិញ​និយម​​ចាយ​លុយ​បរទេស​ស្រេច​ទៅហើយ។

យ៉ាងណា​ក៏ដោយចុះ​ ចំពោះ​បណ្ឌិត តេង ដឺលុច, បើ​គេ​ចង់​លើកស្ទូយ​ការ​ចាយ​លុយ​រៀល​ជាតិ គឺទាល់​តែ​ចរន្ត​សេដ្ឋកិច្ច​ជាតិ​ខ្មែរ កើន​ឡើង​ខ្ពស់ ហើយ​ទាល់តែ​បង្កើត​ចរន្ត​សេដ្ឋកិច្ច ការ​វិនិយោគទុន​ និង​ការ​បង្កើត​ការងារ​ក្នុង​ស្រុក ​ឲ្យ​បាន​ខ្លាំង​ក្លា​ជាមុន​សិន។ ទន្ទឹម​នេះ គឺទាល់​តែ​មាន​​គោល​នយោបាយ​រយៈ​ពេល​វែង​ឆ្ងាយ​ ឲ្យ​បាន​​ច្បាស់​លាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ