អានតួអត្ថបទ
កម្ពុជា

៣ថ្ងៃ​មុន​បញ្ចប់​ស៊ី​ហ្គេម កម្ពុជា​ទទួល​បាន​មេដាយ​មាស១ និង​សំរឹទ្ធ​១០

គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​សីហា​នេះ កម្ពុជា​បាន​ទទួល​មេដាយ​មាស​១ និង​មេដាយ​សំរឹទ្ធ​១០ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​​កីឡា​អាស៊ី​អាគ្នេយ៍ ឬ​ស៊ីហ្គេម លើក​ទី​២៩ នៅ​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ ចំណាក់​ថ្នាក់​នេះ​ធ្វើ​ឲ្យ​ប្រទេសឡាវ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី៨ ពី​លើ​កម្ពុជា​។ នេះ​បើ​តាម​អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។

កម្ពុជាទទួលបាន​មេដាយ​មាស​លើ​កីឡា​ប៉េតង់​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​
កម្ពុជាទទួលបាន​មេដាយ​មាស​លើ​កីឡា​ប៉េតង់​ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​ NOCC
ផ្សាយពាណិជ្ជកម្ម

លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា និង​ជា​នាយក​បេសក​កម្ម​ដឹក​នាំ​កីឡា​នៅ​ក្នុង​ឱកាស​ការ​ប្រកួត​ស៊ីហ្គេម​(SEA Games)​នៅ​ម៉ាឡេ​ស៊ី​លើក​២៩​ ឲ្យ​ដឹង​ថា​បើ​ទោះ​បី​ជា​ពេល​នេះ​កម្ពុជា​ស្ថិត​នៅ​ក្រោម​ឡាវ ប៉ុន្តែ​ថ្ងៃ​ស្អែក​កម្ពុជា​អាច​នឹង​មាន​លទ្ធផល​នៅ​ពី​លើ​ប្រទេស​ឡាវ​វិញ​។

លោក​វ៉ាត់ ចំររើន​បន្ថែម​ថា​ការ​មាន​សង្ឃឹម​យក​ចំណាត់​ថ្នាក់​លើ​ប្រទេស​ឡាវ ដោយ​សារ​តែ​ថ្ងៃ​ទី២៨ ខែ​សីហា​កម្ពុជា នឹង​ប្រគួត​ប្រដាល់​គុណ​ខ្មែរ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​មួយ​នឹង​ម៉ាឡេស៊ី និង​ហ្វីលីពីន ដូច្នេះ​បើ​កម្ពុជា​ជៀស​ផុត​ពី​ថៃ​នោះ​កម្ពុជា​អាច​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែល​ធ្វើ​ឲ្យ​កម្ពុជា​មាន​ឱកាស​អាច​ទទួល​បាន​មេដាយ​មាស និង​ប្រាក់។

បើ​តាម​លោក​វ៉ាត់ ចំរើន​ក្នុង​ចំណោម​ប្រភេទ​កីឡា​របស់​ស៊ីហ្គេម​ទាំង​៣៨ កម្ពុជា​បាន​ចូល​រួម​ប្រកួត​តែ​២៤​ប្រភេទ​កីឡា​ប៉ុណ្ណោះ។ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​សីហា​នេះ កម្ពុជា​នៅ​សល់​ការ​ប្រកួត​ប៉េតង់​វាយ​គូ តេក្វាន់ដូ និង​ប្រដាល់​គុន​ខ្មែរ​តែ​ប៉ុណ្ណោះ​។ លោក​វ៉ាត់ ចំរើន​បញ្ជាក់​ថា​កម្ពុជា​នៅ​មាន​សង្ឃឹម​ទៅ​រក​មេដាយ​មាស​នៅ​ក្នុង​កីឡា​ដែល​នៅ​សល់​ខាង​លើ​នេះ​។

កាល​ពីថ្ងៃទី​២៤ ខែ​សីហា កម្ពុជា​បាន​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី​៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១ បន្ទាប់​ពី​កម្ពុជា​បាន​ឈ្នះ​មេដាយ​មាស​លើ​កីឡា​ប៉េតង់​។

បើ​តាម​លោក​លទ្ធផល​នៃ​ការ​ប្រកួត​បង្ហាញ​ថា​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី​ស្ថិត​នៅ​លើ​គេ ដោយ​ទទួល​បាន​មេដាយ​សរុប​ប្រមាណ​២១០ ក្នុង​នោះ​មេដាយ​មាស​ប្រមាណ​៩០ ចំណាត់​ថ្នាក់​ទី១​។ ចំណែក​ឯ​ប្រទេស​វៀតណាម​ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​បន្ទាប់​ពី​ម៉ាឡេស៊ី​ដោយ​ទទួល​បាន​មេដាយ​សរុប​១២៩ ក្នុង​នោះ​មាន​មេដាយ​មាសប្រមាណ​៥០។ ចំណែក​ប្រទេស​ថៃ​បាន​ទទួល​មេដាយ​សរុប​១៨០ ក្នុង​នោះ​មេដាយ​មាស​៤៨ ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី៣​។

គួរ​ជម្រាប​ជូន​ថា ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ត្រូវ​បាន​រៀប​ចំ​ធ្វើ​រយៈពេល​២ឆ្នាំ​ម្ដង។ នៅ​ឆ្នាំ​២០១៧​នេះ ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី២៩ ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​ពីថ្ងៃទី​១៩ ដល់​ថ្ងៃ​ទី៣០ សីហា។ សម្រាប់​ព្រឹត្តិ​ការណ៍​នេះ កម្ពុជា​បាន​បញ្ជូន​គណៈប្រតិភូ​ទៅ​ចូល​រួម​សរុប​ចំនួន​២៧៥​នាក់ ក្នុង​នោះ​មាន​អត្តពលិក​១៧០​នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ