អានតួអត្ថបទ
កម្ពុជា

គ.ជ.ប.៖ ​បើស្ថានីយវិទ្យុ-ទូរទស្សន៍ មិន​ព្រម​លក់ម៉ោងផ្សាយ​ ឬក៏​ជួលផ្តាច់​មុខឲ្យ​បក្ស​ណា​ មួយ ​ក៏​​ គ.ជ.ប. ​មិន​អាច​លូក​ដៃ​បានដែរ​!​

គ.ជ.ប. បាន​ចេញ​គោលការណ៍​ណែនាំ ឲ្យ​ស្ថានីយ​ទូរទស្សន៍​និងវិទ្យុ​ឯកជន ជួល​ ឬ​លក់​ម៉ោង​ផ្សាយ​ ឲ្យ​គណបក្ស​នយោបាយ សម្រាប់​ការ​ឃោសនា​បោះឆ្នោតឃុំ​សង្កាត់ នៅពេល​ខាងមុននេះ។ គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត បញ្ជក់ថា ការ​លក់ ឬជួល​ម៉ោង​ផ្សាយ​នេះ គឺ​ត្រូវ​គោរព​តាម​គោល​ការណ៍​ស្មើភាពគ្នា។​ ក៏ប៉ុន្តែ ប្រសិន​បើ​ម្ចាស់​ស្ថានីយប្រព័ន្ធ​ផ្សព្វ​​ផ្សាយ មិន​ព្រម​លក់ម៉ោងផ្សាយ​ ឬក៏​ជួលផ្តាច់​មុខឲ្យ​បក្ស​ណា​តែមួយ នោះ​ក៏​​ គ.ជ.ប. នៅតែ​​មិន​អាច​លូក​ដៃ​បានដែរ ព្រោះជារឿង​អាជីវកម្ម​ឯកជន​​!

គ.ជ.ប.៖ ​បើ​ស្ថានីយ​វិទ្យុ-ទូរទស្សន៍ មិន​​ព្រម​​លក់​ម៉ោង​ផ្សាយ​ ឬ​ក៏​​ជួល​ផ្តាច់​​មុខ​ឲ្យ​​បក្ស​​ណា​មួ​យ ​ក៏​​​ គ.ជ.ប. ​មិន​​អាច​​លូក​​ដៃ​​បាន​ដែរ​​!​
គ.ជ.ប.៖ ​បើ​ស្ថានីយ​វិទ្យុ-ទូរទស្សន៍ មិន​​ព្រម​​លក់​ម៉ោង​ផ្សាយ​ ឬ​ក៏​​ជួល​ផ្តាច់​​មុខ​ឲ្យ​​បក្ស​​ណា​មួ​យ ​ក៏​​​ គ.ជ.ប. ​មិន​​អាច​​លូក​​ដៃ​​បាន​ដែរ​​!​
ផ្សាយពាណិជ្ជកម្ម

នៅក្នុងដំណាក់​នៃ​ឱកាសយុទ្ធនាការ​​ឃោសនាបោះឆ្នោត, គ.ជ.ប. បាន​ណែនាំ​ឲ្យ​ម្ចាស់​ស្ថានីយ​វិទ្យុ​ និងទូរទស្សន៍​ឯកជន​ទាំង​អស់​ ត្រូវ​ជួល ឬ​លក់​ម៉ោង​ផ្សាយ​របស់​ខ្លួន ទៅ​ឲ្យ​​បក្សនយោបាយ​​ ដើម្បី​​ផ្សព្វ​ផ្សាយ​ពី​​គោល​នយោបាយ​ និង​កម្មវិធី​នយោ​បាយ​​របស់​បក្ស​នីមួយ​ៗ​។ ​ការ​លក់ ឬ​ជួល​នេះ គឺមាន​រយៈ​ពេល​២សប្តាហ៍ គិតចាប់ពី​ថ្ងៃទី២០ឧសភា រហូត​ថ្ងៃទី២មិថុនា។

ទន្ទឹម​នេះ ​ម្ចាស់​ស្ថានីយ​វិទ្យុ​ និងទូរទស្សន៍​ឯកជន​ទាំង​អស់​នោះ ត្រូវ​គោរព​គោល​ការណ៍​របស់​គ.ជ.ប.។ ពោល​គឺត្រូវ​ប្រកាសជា​សាធារណៈ ​ពីម៉ោង​ទំនេរ​របស់​ខ្លួន ដែល​ត្រូវ​ទុក​សម្រាប់​លក់ ឬជួល ក្នុងរយៈ​ពេល​មួយថ្ងៃៗ​។​ ចំណែក​តម្លៃ​លក់ ឬជួលនោះ​ ត្រូវ​ប្រកាសជា​សាធារណៈ  ហើយត្រូវ​ជូន​ដំណឹងជា​លាយលក្ខណ៍​អក្សរ​ ​ពីការ​លក់ឬជួលម៉ោង​ផ្សាយ​ទៅ​ឲ្យ​បក្ស​នយោបាយនីមួយៗ​ ទៅ​កាន់ គ.ជ.ប. ឲ្យ​បាន​យ៉ាង​តិច​ ​១៥ ថ្ងៃ​ មុនថ្ងៃចាប់​ផ្តើម​ឃោសនា​បោះឆ្នោត។​

អ្នក​នាំពាក្យ​​​ គ.ជ.ប. លោក​ ហង្ស ពុទ្ធា ពន្យល់​បន្ថែមថា​ ការ​លក់​ឬ​ជួល​ម៉ោង​នេះ គឺត្រូវស្ថិត​ក្នុង​គោលការណ៍ ស្មើភាព តម្លៃស្មើគ្នា និង​តាម​លំដាប់​មុន​ក្រោយ​។ ម្ចាស់​ស្ថានីយ​វិទ្យុទស្សន៍ ត្រូវ​យក​ចំនួន​ម៉ោង​សរុប ដែលត្រូវ​​លក់ ឬជួល ចែក​នឹង​ចំនួន​គណបក្ស​នយោបាយ​ ទាំង​១២ ហើយ​ត្រូវ​ផ្សាយ​បា​នតែ​២ដង​ប៉ុណ្ណោះ​ ក្នុង​មួយ​ថ្ងៃ។

ជា​គោល​ការណ៍ ម្ចាស់​ស្ថានីយវិទ្យុឬទូរទស្សន៍​ គឺមិនត្រូវ​​អនុញ្ញាត​ឲ្យលក់ ឬជួល​ម៉ោង​ផ្សាយ​នេះ ​ ទៅ​ឲ្យ​គណបក្ស​នយោបាយ ​ណាតែ​មួយផ្តា​ច់​មុខ​នោះឡើយ។​​​​ នេះ​ជា​ការ សង្កត់​ធ្ងន់​របស់ គ.ជ.ប.។ ក៏ប៉ុន្តែ ប្រសិន​បើម្ចាស់​​ស្ថានីយវិទ្យុឬទូរទស្សន៍​ លក់​ឬ​ជួល​ម៉ោង​ផ្តាច់​មុខ​ ឲ្យ​បក្ស​តែមួយ ដើម្បីអាជីវកម្ម​របស់​ខ្លួន, ​លោក ហង្ស ពុទ្ធា ថា គ.ជ.ប. ក៏​​មិន​អាច​លូក​ដៃ​ក្នុង​រឿង​អាជីវកម្ម​ឯកជន​របស់​គេ​​បាន​ដែរ ព្រោះថា​វា​​ជា​អាជីវកម្ម​ឯក​ជន​​!​

បើ​ទោះបី​ជា​យ៉ាង​នេះក្តី​ គណកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត បាន​បង្កើត​កម្មវិធី​ស្មើភាពគ្នា​ ដាច់​ដោយ​ឡែក​របស់​ជាតិ គឺ​ផ្តល់​ពេលវេលា​ ៧នាទីកន្លះ សម្រាប់​បក្ស​នយោបាយ​នីមួយៗ​​ និយាយ​ពីកម្មវិធី​នយោបាយ​និងគោល​នយោបាយ​​របស់​ខ្លួន ហើយ​ថតទុក យកទៅចាក់​ផ្សាយនៅ​វិទ្យុ​និង​ទូរទស្សន៍​ជាតិ​​ បាន​មួយ​ថ្ងៃ​ម្តង គ្រប់ៗ​គណបក្ស​។

សូម​បញ្ជាក់ជា​ថ្មី​ថា ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​ នាពេល​ខាង​មុខ​នេះ គឺ​មាន​រយៈ​ពេល ១៤ ថ្ងៃ គិតចាប់ពី​ថ្ងៃទី២០ឧសភា រហូត​ថ្ងៃទី២មិថុនា។ ម៉ោង​ផ្សាយឃោសនា​ គឺចាប់ពី​៧ព្រឹក ដល់​ម៉ោង​១០យប់ តែ​អំឡុង​ម៉ោង ១២ថ្ងៃត្រង់ ដល់២រសៀល គឺ​ជា​ម៉ោង​ឈប់​សម្រាក។ តែដោយ​ឡែក ​ថ្ងៃទី២មិថុនា ជាថ្ងៃចុងក្រោយ គឺអាច​ផ្សាយ​ដល់​ម៉ោង​១០យប់​! ចំណែក​ថ្ងៃទី​៣មិថុនា  មុន​ថ្ងៃ​បោះឆ្នោត​មួយ​ថ្ងៃ គឺ​​ជា​ថ្ងៃស ដែល​មិន​អនុញ្ញាត​ឲ្យ​ឃោសនា​ទៀត​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ