ប្រធានគ.ជ.ប ស្នើឲ្យអាជ្ញាធរមូលដ្ឋានប្រកាន់ជំហរអព្យាក្រឹត្យក្នុងពេលចុះឈ្មោះនិងពេលបោះឆ្នោត
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោក ស៊ិក ប៊ុនហុកបានអំពាវនាវឲ្យសមត្ថកិច្ច ប្រកាន់ជំហរអព្យាក្រឹត្យឥតលម្អៀងក្នុងពេលចុះឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត និងការបោះឆ្នោតនាពេលខាងមុខនេះ។សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ខាងមុខ កម្ពុជានឹងមានការបោះឆ្នោតសំខាន់ៗចំនួន៤។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៩
ដើម្បីធានាបាននូវភាពត្រឹមត្រូវ សុក្រឹតភាព និងយុត្តិធម៌ ក្នុងដំណើរការបោះឆ្នោតនៅពេលខាងមុខនេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានលើកឡើងថាត្រូវតែមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់។
ការចូលរួម គឺមានមកពីសំណាក់ប្រជាពលរដ្ឋ គណបក្សនយោបាយ អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ក្រៅពីនេះ លោក ស៊ិក ប៊ុនហុក ក៏បានសង្កត់ធ្ងន់អោយគ្រប់ស្ថាប័នទាំងអស់គោរពច្បាប់ និងគោលការណ៏មួយចំនួនទៀត។ ដោយលោកបានលើកថា គណបក្សនយោបាយត្រូវគោរពនិតិវិធីរបស់ គ.ជ.ប និងបង្គាប់អោយអាជ្ញាធរសាធារណៈ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ មិនត្រូវលម្អៀងទៅខាងគណបក្សនយោបាយណាមួយនោះឡើយ។ មិនតែប៉ុណ្ណោះ អាជ្ញាធរសាធារណៈរបស់រដ្ឋ ត្រូវទប់ស្កាត់រាល់ការគំរាមកំហែងគ្រប់រូបភាព សម្រាប់ដំណើរការចុះឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត និងការបោះឆ្នោតនាពេលខាងមុខ។
គួរជម្រាបជូនថា ការលើកឡើងរបស់លោក ស៊ិក ប៊ុនហុក បានធ្វើឡើង នៅក្នុងកិច្ចប្រជុំរវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ ដែលមកពីអន្តរស្ថាប័ន រួមមាន ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិនៅថ្ងៃទី២៥សីហានេះ ដើម្បីផ្សព្វផ្សាយពីផែនការការពារសន្តិសុខ ក្នុងកិច្ចដំណើរការចុះឈ្មោះបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។ ក្នុងរយៈពេល៤ឆ្នាំទៅមុខនេះ កម្ពុជានឹងមានការបោះឆ្នោតសំខាន់ៗចំនួន៤ រួមមាន ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ឆ្នាំ២០១៨ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៤ឆ្នាំ២០១៨ និងការបោះឆ្នោតថ្នាក់ក្រោមជាតិមួយទៀត។
សូមបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតថ្មី នឹងមានរយៈពេល៩០ថ្ងៃ ដោយចាប់ពីថ្ងៃទី១កញ្ញា ដល់ថ្ងៃទី២៩ខែវិច្ឆិកាខាងមុខ ដោយមានប្រជាពលរដ្ឋកម្ពុជា ដែលគ្រប់អាយុបោះឆ្នោតប្រមាណជា ៩.៦ លាននាក់។ ការចុះឈ្មោះបោះឆ្នោតថ្មី នឹងធ្វើឡើងតាមម៉ាស៊ីនកុំព្យូទ័រនៅតាមសាលាឃុំសង្កាត់នៅទូទាំងប្រទេស។
នៅក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី២៥សីហានោះដែរ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានប្រកាសពីការបង្កើតឡើងនូវក្រុមប្រចាំការអចិន្ត្រៃយ៍របស់លេខាធិការដ្ឋាននៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ក្នុងនោះក៏មានលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា កូនប្រសាររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺជាអនុប្រធានម្នាក់ផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ