អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

អ្នក​នាំ​ពាក្យ គ.ជ.ប អះអាង​ថា នឹង​មិន​ពន្យា​ពេល​ប្រកាស​​លទ្ធផល​ផ្លូវការ​​បោះ​​ឆ្នោត​ឡើយ

ប្រធាន​គណបក្ស​យុវជន​ លោក ពេជ្រ ស្រស់ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​គណៈកម្មា​ធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.​ជ.​ប)​ ដើម្បី​ទាម​ទារ​ឲ្យ​ គ.ជ.ប រាប់​សន្លឹក​ឆ្នោត​ឡើង​ក្នុង​ខេត្ត​ក្រុង​ចំនួន​១៧។ បើ​ទោះ​ជា​ប្រឈម​នឹង​បណ្ដឹង​បែប​នេះ​ក៏​ដោយ ​​អ្នក​នាំ​ពាក្យ​គ.ជ.ប អះអាង​ថា នឹង​មិន​មាន​ការ​ពន្យា​ពេល​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៥​សីហា ឡើយ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប
លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គ.ជ.ប @nec
ផ្សាយពាណិជ្ជកម្ម

ជំហរ​​របស់​ គ.ជ.ប គឺ​មិន​លើក​ពេល​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​​នៅ​ថ្ងៃ​ទី​១៥​សីហា នោះ​ទេ​ ដែល​​ការ​អះអាង​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​​ លោក ពេជ្រ ស្រស់ នៅ​​ថ្ងៃ​​ចន្ទ​​នេះ បាន​​ដាក់​​ពាក្យ​​បណ្ដឹង​​នៅ​​គណៈកម្មាធិការ​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត​​ ដើម្បី​​ទាម​ទារ​ឲ្យ​ គ.ជ.ប រាប់​សន្លឹក​ឆ្នោត​ឡើងវិញ​​ក្នុង​​ខេត្ត​​​ ​ក្រុង​ ​ចំនួន​​១៧​។

លោក ពេជ្រ ស្រស់ ប្រធាន​​គណបក្ស​​យុវជន​កម្ពុជា បាន​ថ្លែង​ក្រោយ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ទោះ​ជា​​ដំណោះ​ស្រាយ​ពី គ.ជ.ប បែប​ណា​ក៏​ដោយ ក៏​គណបក្ស​យុវជន​កម្ពុជា ពេញ​ចិត្ត​ទទួល​យក​ដែរ។ បើ​តាម​លោក ពេជ្រ ស្រស់ លោក​គ្រាន់​តែ​ចង់​ដឹង​ថា សំឡេង​​គាំទ្រ​ចំនួន​៨៤​ របស់​​គណបក្ស​យុវជន​កម្ពុជា ក្នុង​ចំណោម​សំឡេង​គាំទ្រ​សរុប​​ ៣៩០ ០១៧ ​សំឡេង​ ​បាត់​​ទៅ​ណា ខណៈ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្ដោះ​អាសន្ន​នៅ​ថ្ងៃ​ទី​​១១​ខែ​សីហា បែរ​ជា​បង្ហាញ​ថា បក្ស​យុវជន​​បាត់​៨៤​សំឡេង​ទៅ​វិញ​។

ត្រង់​​នេះ លោក ពេជ្រ ស្រស់ បាន​ចោទ​សួរ​ថា នេះ​​មក​ពី​កំហុស​បច្ចេកទេស​​ឬ​​ដោយ​សារ​អ្នក​អាន​លទ្ធផល​ឆ្នោត​ប្រកាស​ច្រឡំ។ ប្រធាន​គណបក្ស​យុវជន​​កម្ពុជា​រូប​នេះ ​​បាន​​ថ្លែង​ការពារ​​ថា បើ​ទោះ​ជា​សំឡេង​គាំទ្រ​របស់​គណបក្ស​យុវជន​កម្ពុជា​ ​មិន​បាន​​មួយ​កៅអី​ក៏​ដោយ តែ​លោក​ចង់​ឲ្យ​គ.ជ.ប បង្ហាញ​ភាព​ច្បាស់​លាស់ តាម​រយៈ​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ។

ឆ្លើយ​តប​ទៅ​នឹង​​បណ្ដឹង​នេះ អ្នក​នាំ​ពាក្យ ​​គ.ជ.ប លោក ហង្ស ពុទ្ធា បាន​អះអាង​ថា ក្រុម​ការងារ​គ.ជ.ប នឹង​ពិនិត្យ​លើ​ខ្លឹម​សារ​នៃ​ពាក្យ​បណ្ដឹង​នេះ។ លោក​ ហង្ស ពុទ្ធា គូស​បញ្ជាក់​ថា ការ​បើក​​កញ្ចប់​សន្លឹក​ឆ្នោត​រាប់​ឡើង​វិញ​បាន​ ​លុះ​ណាតែ​មាន​អ្នក​តវ៉ា​អំឡុង​ពេល​រាប់​សន្លឹក​ឆ្នោត​​នៅ​ការិយាល័យ​បោះ​ឆ្នោត​ណា​មួយ។ តែ​ចំពោះ​ករណី​គណបក្ស​យុវជន​នេះ​លោក ហង្ស ពុទ្ធា កត់​សម្គាល់​ថា សូម្បី​តែ​ប្រធាន​គណបក្ស​ទទួល​ស្គាល់​បញ្ហា​ទំនង​ជា​មក​ពី​កំហុស​បច្ចេកទេស ដូច្នេះ​ករណី​នេះ ទំនង​ជា​មិន​ឈាន​ដល់​ការ​បើក​កញ្ចប់​សន្លឹក​ឆ្នោត​រាប់​ឡើង​វិញ​ឡើយ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ លោក ពេជ្រ ស្រស់ អះអាង​ថា បើ​គ.ជ.ប ស្អាត​ស្អំ និង​សុក្រឹត​​នោះ ប្រាដក​​ជា​​ហ៊ាន​​បើក​​កញ្ចប់​​សន្លឹក​​ឆ្នោត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ