អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គ.ជ.ប ចាប់​ផ្តើម​ដឹក​ជញ្ជូន​សន្លឹក​ឆ្នោត​​ពី​រោង​ពុម្ព​ទៅ​រក្សា​ទុក​នៅ​ឃ្លាំង​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់ គ.ជ.ប ចាប់​ផ្តើម​ដឹក​ជញ្ជូន​សន្លឹក​ឆ្នោត​ពី​រោង​ពុម្ព នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា​នេះ ទៅ​រក្សា​ទុក​នៅ​ឃ្លាំង គ.ជ.ប ដែល​មាន​ទីតាំង ស្ថិត​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ។ គ.ជ.ប បញ្ជាក់​ថា សន្លឹក​ឆ្នោត សម្ភារៈ និង​ឯកសារ​ប្រើ​ប្រាស់ សម្រាប់​ការ​បោះ​ឆ្នោត ត្រូវ​បញ្ជូន​ទៅ​ដល់​ការិយាល័យ​បោះ​ឆ្នោត​ទាំង​២២.៩៦៧​ការិយាល័យ នៃ​មណ្ឌល​បោះ​ឆ្នោត​ទាំង​២៥ ខេត្ត-រាជធានី មិន​ឱ្យ​លើស​ពី​៣៦​ម៉ោង មុន​ថ្ងៃ​បោះ​ឆ្នោត។

លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ ហៅកាត់ថា​ គ.ជ.ប។​
លោក ហង្ស ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ ហៅកាត់ថា​ គ.ជ.ប។​ @RFI
ផ្សាយពាណិជ្ជកម្ម

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា តាម​នីតិវិធី​នៅ​ពេល​រោង​ពុម្ព ដែល​ដេញ​ថ្លៃ​បាន បាន​បោះ​ពុម្ព​និង​វេច​ខ្ចប់​រួច​រាល់​នោះ​គ.ជ.ប ត្រូវ​ដឹក​យក​សន្លឹក​ឆ្នោត​ទៅ​រក្សា​ទុក​នៅ​ឃ្លាំង​ផ្ទាល់​ខ្លួន​របស់​គ.ជ.ប ដើម្បី​ត្រៀម​ចែក​ចាយ​ទៅ​តាម​គណៈកម្មការ​រាជធានី-ខេត្ត រៀប​ចំ​បោះ​ឆ្នោត។ ការ​ចែក​ចាយ​សន្លឹក​ឆ្នោត​ និង​សម្ភារៈ​ផ្សេងៗ​ទៀត ទៅ​តាម​មណ្ឌល​បោះ​ឆ្នោត​នីមួយៗ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១៧​ខែ​កក្កដា ខណៈ​ត្រា​សម្ងាត់ និង​ទឹក​ថ្នាំ​ជ្រលក់​ដៃ ត្រូវ​ដឹក​ទៅ​ដល់​ការិយាល័យ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទាំង​អស់ យ៉ាង​ហោច​ណាស់​៣៦​ម៉ោង​មុន​ថ្ងៃ​បោះ​ឆ្នោត។ នេះ​ជា​ការ​គូស​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ដដែល។

លោក ហង្ស ពុទ្ធា ក៏​បាន​ឲ្យ​ដឹង​ថា សន្លឹក​ឆ្នោត​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ សរុប​មាន​ជាង​១០​លាន​សន្លឹក ខណៈ​ចំនួន​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​មាន​ជាង​៨​លាន​៣​សែន​នាក់ ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ នីតិកាល​ទី​៦ ២៩​កក្កដា​ខាង​មុខ។

បើ​តាម គ.ជ.ប ក្នុង​ចំណោម​សន្លឹក​ឆ្នោត​ទាំង​ជាង​១០​លាន ​៥​សែន​សន្លឹក ក្នុង​នោះ​មាន​សន្លឹក​ឆ្នោត​គំរូ​ជាង ៣​សែន​សន្លឹក និង​សន្លឹក​ឆ្នោត​បម្រុង​ជាង​៦​សែន​៦​ម៉ឺន​សន្លឹក។ ប៉ុន្តែ​ថា​សន្លឹក​ឆ្នោត​បម្រុង​នៅ​ពេល​នេះ គឺ​បាន​កាត់​បន្ថយ​ជាង​៥០%​ បើ​ធៀប​នឹង​ពេល​បោះ​ឆ្នោត​លើក​មុនៗ ខណៈ​ការ​ចំណាយ​ថវិកា​អស់​ជាង ២.៦​លាន​ដុល្លារ​អាមេរិក។ ក្នុង​នោះ​សន្លឹក​ឆ្នោត​មួយ​សន្លឹក ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​៩៩០​រៀល ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ