អានតួអត្ថបទ
កម្ពុជា

គជប៖ ពលរដ្ឋ​ខ្មែរ ១​លាន​កន្លះ មិន​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦

បើ​ទោះ​បី​ជា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ទូទាំង​ប្រទេស មិន​ទាន់​ចប់​សព្វ​គ្រប់ តែ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) នៅ​ថ្ងៃ​ពុធ​នេះ បាន​ព្យាករណ៍​ទុក​ជា​មុន​ថា មាន​ពលរដ្ឋ​ខ្មែរ ១​លាន​កន្លះ មិន​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៦។ លទ្ធផល​បញ្ជី​ឈ្មោះ​បោះឆ្នោត​ផ្លូវ​ការ ឆ្នាំ​២០១៦ គជប នឹង​ត្រូវ​ផ្តល់​សុពលភាព នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧​ខាង​មុខ ដោយ​ផ្អែក​តាម ប្រតិទិន​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត។ គជប ចាត់​ទុក​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​ ២០១៦ បាន ជាង ៨១% នៃ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជាង ៩​លាន​៦​សែន​នាក់ គឺ​ជា «លទ្ធផល​ល្អ​បង្គួរ» បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត ដែល​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​ដូច​កម្ពុជា ហើយ​ គជប រំពឹង​ទុក​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នេះ នឹង​មាន​ភាព​ស្អាត​ស្អំ គ្មាន​ឈ្មោះ​ស្ទួន។

ពលរដ្ឋខ្មែរ ១លានកន្លះ មិនបានមកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦
ពលរដ្ឋខ្មែរ ១លានកន្លះ មិនបានមកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៦
ផ្សាយពាណិជ្ជកម្ម

សមាជិក គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) លោក ឯម សូផាត នៅ​ថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិកា​នេះ បាន​បញ្ជាក់​ពី​មូលហេតុ​ ដែល​នាំ​ឲ្យ ពលរដ្ឋ​ខ្មែរ ជាង​មួយ​លាន​កន្លៈ មិន​បាន​មក​ចុះ​ឈ្មោះ​បោះឆ្នោត​បោះ​ឆ្នោត​ថ្មី ឆ្នាំ​២០១៦ ប្រាប់​អ្នក​សារព័ត៌មាន នៅ​ទីស្នាក់​ការ គជប ថា ដោយសារ​តែ ពលរដ្ឋ​ខ្មែរ​ខ្លះ​ មាន​អាសយដ្ឋាន​ច្រើន​ជាង​មុន ​ឬ​ធ្វើ​ចំណាក​ស្រុក ខណៈ​ពលករ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ស្រប​ច្បាប់ មាន​ជាង​មួយ​លាន​មួយ​សែន​នាក់។ លើស​ពី​នេះ ពលរដ្ឋ​ខ្លះ​ទៀត កំពុង​ជាប់​ក្នុង​ពន្ធនាគារ មាន​ជម្ងឺ​កំពុង​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ស្ថិត​ក្នុង​សភាព​ចាស់​ជរា មាន​ពិការ​ភាព ឬ​អត្រា​មរណភាព ១% ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្នុង​រដូវ​វស្សា រួម​ផ្សំ​នឹង​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មិន​ខ្វល់ ឬ​គ្មាន​បំណង​ចុះ​ឈ្មោះ​បោះឆ្នោត។

យ៉ាងណា​ក៏​ដោយ គជប ចាត់​ទុក​ថា លទ្ធផល​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦ បាន​ជាង ៨១% នៃ​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត ដែល​ផ្អែក​លើ​ស្ថិតិ​របស់​ក្រសួង​មហាផ្ទៃ តាំង​ពី​ចុង​ឆ្នាំ​២០១៥ មាន​ប្រមាណ ៩៦៦៤២១៦ នាក់ គឺ «ល្អ​បង្គួរ»។ ល្អបង្គួរ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ទៀត ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​ដូច​កម្ពុជា ម៉្យាង​អំឡុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត រយៈពេល ៨៩ថ្ងៃ គជប មិន​បាន​ទទួល បណ្តឹង​ចោទ​ប្រកាន់​មន្រ្តី​ចុះ​ឈ្មោះ​បោះ​ឆ្នោត ពី​ការ​បដិសេធន៍​មិន​ចុះ​ឈ្មោះ ណា​មួយ​ឡើយ។

គជប រំពឹង​ទុក​ថា បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី តាម​ប្រព័ន្ធ​កុំព្យូទ័រ ​ឆ្នាំ​២០១៦ ដែល​នឹង​ផ្តល់​សុពលភាព​ផ្លូវ​ការ នៅថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧​ខាង​មុខ នឹង​គ្មាន​ឈ្មោះ​ស្ទួន​ទៀតទេ ហើយ​ខុស​ពី​បញ្ជី​បោះឆ្នោត​មុន​ៗ ដោយ​មាន​បន្ថែម រូបថត លេខ​អត្ត​សញ្ញាណ​បណ្ណ​របស់​អ្នក​បោះ​ឆ្នោត និង​បញ្ជី​ឈ្មោះ​មួយ​សន្លឹក លើ​ក្រដាស A4 បោះ​ផ្សាយ​អ្នក​បោះឆ្នោត​បាន​ត្រឹម​តែ ១០​នាក់​ប៉ុណ្ណោះ។

ទោះ​បី​ជា ពលរដ្ឋ​ខ្មែរ ជាង​មួយ​លាន​កន្លះ នឹង​បាត់​បង់​សិទ្ធិ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នៅ​ឆ្នាំ​២០១៧ តែ​គជប គ្មាន​មធ្យោបាយ​ណាមួយ ដើម្បី​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ​ឡើយ ក្រៅ​តែ​ពី​រងចាំ​ ច្បាប់​បោះឆ្នោត ឬ​ប្បញ្ញត្តិ​ណែនាំ​ណាមួយ​ថ្មី ដែល​អាច​អន្តរាគមន៍​លើ​ បញ្ហា​ពលរដ្ឋ​ខ្មែរ​ជាង​មួយ​លាន​នាក់​ បាត់​ឈ្មោះ​ដោយ​បុព្វហេតុ​ជាក់​លាក់​ទាំង​នោះ​ឡើយ។

គួរ​ជម្រាប​ថា បើ​គិត​ត្រឹម​ថ្ងៃ​ទី​ ២៩ វិច្ឆិកា ឆ្នាំ​២០១៦ គជប ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​បាន​ជាង ៧៨៣២៧២១​នាក់។ សម្រាប់​ថ្ងៃ​ទី​ ៣០ ខែ​វិច្ឆិកា ឬ​មួយ​ថ្ងៃ​ ដែល​ គជប សម្រេច ពន្យា​ថ្ងៃ​ចុះ​ឈ្មោះ អាច​នឹង​ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​យ៉ាង​ច្រើន ជាង ៧​លាន​៩​សែន​នាក់ បើ​ផ្អែក​លើ​សន្ទុះ​តួលេខ ពលរដ្ឋ​សម្រុក​មក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្ងៃ​ចុង​ក្រោយ ប្រមាណ ៧​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ។ ដំណើរ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦ ក៏​មាន​ការ​ចូលរួម​ពី​អ្នក​សង្កេតការណ៍ សរុប ប្រមាណ ១៦៥១៨នាក់ ក្នុង​នោះ អ្នក​សង្កេតការណ៍​ជាតិ ១៣​ស្ថាប័ន មាន​ចំនួន ២៨៣០​នាក់ អន្តរជាតិ ៣​ស្ថាប័ន ចំនួន ៣៤​នាក់ និង​ភ្នាក់ងារ​គណបក្ស​ ទាំង​ពេញ​សិទ្ធិ និង​បម្រុង ១០​គណបក្ស មាន​សរុប ១៣៦៥៤នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ