ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 14/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
កម្ពុជា

សមាជិក គជប ម្នាក់​ថា​មិន​ចាក​ចេញ​ក្រោយ​បក្ស​ប្រឆាំង​ត្រូវ​រំលាយ

media  
លោក ហ៊ីង ធីឬទ្ធិ ជា​សមាជិក គជប កូតា​គណបក្ស​សង្រ្គោះ​ជាតិ @សហការី

សមាជិក​គណៈកម្មាធិកា​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គជប ម្នាក់ ក្នុង​ចំណោម ៤ រូប ដែល ជា​បេក្ខភាព​ស្នើ​ដោយ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ​បាន​ប្រកាស​ថា មិន​ចាក ​ចេញ​ស្ថាប័ន​ជាតិ​មួយ​ នេះ​ទេ ខណៈ​លោក រ៉ុង ឈុន ដែល​ធ្លាប់​ព្រមាន​ចាក​ចេញ នៅ​ពេល​គណបក្ស​សង្រ្គោះ​ជាតិ ត្រូវ​បាន​រំលាយ នោះ នៅ​មិន​ទាន់​ច្បាស់​លាស់​នៅ​ឡើយ ។

អត្ថបទ​ដោយ៖អ៊ឹង ប៊ុនថន

លោក ហ៊ីង ធីឬទ្ធិ ជា​សមាជិក គជប កូតា​គណបក្ស​សង្រ្គោះ​ជាតិ បាន​បញ្ជាក់​ថា​លោក​មិន​លា​លែង​ពី​តំណែង​នោះ​ទេ​ដោយ​ថា តួ​នាទី​របស់​លោក​ត្រូវ​បាន​ជ្រើស​រើស​ដោយ​រដ្ឋសភា។ នេះ​បើ​តាម​លិខិត​មួយ​ដែល​ផ្សព្វ​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ម្សិល​មិញ។

ក្នុង​លិខិត​ដដែល លោក ហ៊ីង ធីឬទ្ធិ បញ្ជាក់​ថា​“ខ្ញុំ​នៅ​រក្សា​ជំហរ​បន្ត​ការ​ងារ​ក្នុង ​គជប ​ត​ទៅ​ទៀត​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់ គណបក្ស​នយោបាយ​ទាំង​អស់​ដែល​ចូល​រួម​ការ​បោះ​ឆ្នោត រហូត​ដល់​ចប់​អាណត្តិ”។

ការ​បញ្ជាក់​របស់ លោក ហ៊ីង ធីឬទ្ធិ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ពាក្យ​ចចាម​អារ៉ាម​ថា លោក​លា​លែង​ពី​គជប ក្រោយ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​រំលាយ។

ចំណែក លោក រ៉ុង ឈុន ដែល​បាន​ប្រកាស​ថា​នឹង​លា​លែង​ពី គជប បើ​សិន​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​នោះ មក​ដល់​ពេល​នេះ លោក​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ ដោយ​ថា​នៅ​រង់​ចាំ​សាលដីកា​ស្ថាពរ​ពី​តុលាការ​កំពូល​មក​ដល់​ដៃ​សិន។

​ដោយ​ឡែក លោក គួយ ប៊ុនរឿន និង​លោក​ស្រី តែ ម៉ានីរ៉ុង ដែល​ជា​កូតា​មក​ពី​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ដែរ​នោះ មក​ទល់​ពេល​នេះ​អ្នក​ទាំង​ពីរ​មិន​ទាន់​មាន​ប្រតិកម្ម​អ្វី​ទេ​ជុំវិញ​ការ​ចាក​ចេញ​ពី​គ.ជ.ប ឬ​ក៏​បន្ត​ការងារ​ជាមួយ​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត​កំពូល​មួយ​នេះ។

សូម​បញ្ជាក់​ថា សមាជិក​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត សរុប​មាន​ចំនួន​៩​រូប ដោយ​៤​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ៤​រូប​មក​ពី​គណបក្ស​សង្រ្គោះ​ជាតិ និង​១​រូប​គឺ​លោក​បណ្ឌិត ហង្ស ពុទ្ធា តំណាង​មក​ពី​សង្គម​ស៊ីវិល។

ការ​បង្កើត ​គជប ថ្មី​នេះ គឺ​ជា​ការ​ព្រម​ព្រៀង​គ្នា​រវាង​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំង ក្រោយ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ធ្វើ​បាតុកម្ម​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ដោយ​ចោទ​ថា​ គជប មិន​ឯករាជ្យ។

គជប ថ្មី​នេះ ត្រូវ​បាន​ជួយ​ជ្រោម​ជ្រែង​ផ្នែក​បច្ចេកទេស ​ដោយ​ប្រទេស​ជប៉ុន សហភាព​អ៊ឺរ៉ុប ចិន​និង​សហរដ្ឋ​អាមេរិក។ ​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្តាច់​ជំនួយ​មក គជប ដោយ​សារ​តែ​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង។ តែ​ជាមួយ​គ្នា​នោះ ប្រទេស​រុស្ស៊ី បាន​ចេញ​មុខ​ជួយ​ឧបត្ថម្ភ​ដល់​គជប​របស់​កម្ពុជា​ជំនួស​វិញ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ