អានតួអត្ថបទ
កម្ពុជា

គ.ជ.ប៖ អ្វី​ខ្លះ​ដែល​ប្រជា​ពលរដ្ឋ​ត្រូវ​យល់​ដឹង​អំពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី ៤ នឹង​ត្រូវ​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ អាទិត្យ ទី ០៤ ខែ​មិថុនា​ខាង​មុខ។ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នា​ឆ្នាំ​ថ្មី​នេះ, គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប) បាន​ចេញ​ផ្សាយ​ជា​គោលការណ៍​អប់រំ​ណែនាំ​ចំនួន ៩​ចំណុច​ដើម្បី​ប្រជាពលរដ្ឋ អាច​បោះ​ឆ្នោត​បាន​ដោយ​ជៀស​វាង​ការ​ភន័្ត​ច្រលំ។ តើ​គោល​ការណ៍​ណែនាំ ៩​ចំណុច អំពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ មាន​អ្វី​ខ្លះ?

ការបោះឆ្នោតឃុំសង្កាត់
ការបោះឆ្នោតឃុំសង្កាត់
ផ្សាយពាណិជ្ជកម្ម

ដើម្បី​បោះ​ឆ្នោត​បាន ប្រជា​ពលរដ្ឋ​ត្រូវ​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត និង​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​ឯកសារ​បញ្ជាក់ អត្តសញ្ញាណ​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត។ នេះ​គឺ​ចំណុច​សំខាន់​ជាង​គេ ក្នុង​ចំនោម​គោលការណ៍​អប់រំ​ណែនាំ​ទាំង ៩​ចំណុច​របស់ គ.ជ.ប។ ដូច្នេះ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ចុះ​ឈ្មោះ និង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​រួច​ហើយ ប៉ុន្ដែ​ពុំ​បាន​ទៅ​បោះ​ឆ្នោត គឺ​ធ្វើ​ឲ្យ​បាត់​សិទ្ធិ​របស់​ខ្លួន​ឯង ក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​ឃុំ-សង្កាត់ និង​សង្គម​ជាតិ។

ទន្ទឹម​នឹង​ចំណុច​ខាង​លើ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បញ្ជាក់​ថា ជា​ទូទៅ​ប្រជា​ពលរដ្ឋ​មាន​ការ​ភន័្ត​ច្រលំ​អំពី បណ្ណ័​ព័ត៌មាន​បោះ​ឆ្នោត។ ប៉ុន្តែ​ប័ណ្ណ​ព័ត៌មាន​បោះ​ឆ្នោត ដែល​មាន​ទិន្នន័យ​ហាក់​ដូច​ជា​គ្រប់​គ្រាន់​សម្រាប់​អ្នក​បោះ​ឆ្នោត​ម្នាក់ៗ​នោះ គឺ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើ​ប្រាស់ សម្រាប់​ការ​បោះ​ឆ្នោត​នោះ​ទេ។

ក្រៅ​ពី​ចំណុច​សំខាន់​ខាង​លើ គ.ជ.ប ក៏​បាន​ណែ​នាំ​ឱ្យ​ជា​ពលរដ្ឋពិនិត្យ​មើល​ឱ្យ​ច្បាស់ អំពី​លេខ​រៀង ឈ្មោះ​របស់​យើង លេខ​កូដ និង​ទី​តាំង​ការិយាល័យ​បោះ​ឆ្នោត ដែល​មាន​បញ្ជាក់​ក្នុង​បង្កាន់​ដៃ បញ្ជាក់​ការ ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ក្នុង​បញ្ជី​បោះ​ឆ្នោត ដែល​បាន​ផ្សាយ ឬ​ក្នុង​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត។ត្រូវ​បោះ​ឆ្នោត ជូន​គណបក្ស​នយោបាយ​ណា​មួយ ដែល​យើង​ពេញ​ចិត្ត ដោយ​គ្មាន​ការ​គំរាម​កំហែង​ឬ បង្ខិត​បង្ខំ។ គូស​សន្លឹក​ឆ្នោត ក្នុង​បន្ទប់​សម្ងាត់​តែ​ម្នាក់​ឯង ដោយ​គ្មាន​អ្នក​ណា​ម្នាក់ អាច​ដឹង​ថា យើង​បោះ​ឆ្នោត​ជូន​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។អ្នក​បោះ​ឆ្នោត​ម្នាក់ៗ មាន​សិទ្ធិ​បោះ​ឆ្នោត​តែ​មួយ​សន្លឹក និង​តែ​ម្ដង​គត់ ដោយ​ត្រូវ​ទៅ​បោះ​ឆ្នោត​ដោយ​ខ្លួន​ឯង​ផ្ទាល់។ ដូច្នេះ ដើម្បី​មាន​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​មាន​សមត្ថភាព និង​ឈ្លាស​វៃ ត្រូវ​ចូល​រួម​បោះ​ឆ្នោត​ទាំង​អស់​គ្នា តាម​លទ្ធិ​ប្រជាធិបតេយ្យ ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ដោយ​ស្មើ​ភាព ដោយ​ចំពោះ និង​ដោយ​សម្ងាត់។ និង​ចំណុច​ចុង​ក្រោយ​នៃ​ការ​ណែនាំ​របស់ គ.ជ.ប គឺ ដើម្បី ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព និង​អភិវឌ្ឍ​ទៅ​បាន គឺ​អាស្រ័យ​លើ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​មាន​សមត្ថភាព និង​ឈ្លាស​វៃ។

បន្ថែម​ពី​នេះ លោក​ ហង្ស ពុទ្ធា លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់ ៥​ឆ្នាំ​ម្តង​នេះ មាន​អត្ថប្រយោជន៍​ណាស់​សម្រាប់​ឃុំ សង្កាត់ បង​ប្អូន​ខ្លូន​ឯង​ផ្ទាល់ ព្រោះ​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ដែល​ជ្រើស​រើស​បាន នឹង​ឈរ​ជើង​ជាមួយ​បង​ប្អូន ហើយ​រាល់​ការ​ពិភាក្សា និង​ផល​ប្រយោជន៍​នានា​ត្រូវ​ឆ្លង​កាត់​តាម​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​នេះ​ឯង ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ