អានតួអត្ថបទ
កម្ពុជា

គ.ជ.ប៖ ប្រជា​ពលរដ្ឋ​ជាង​៧​លាន​៨​សែន​នាក់​នឹង​មាន​សិទ្ធិ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ

នៅ​ព្រឹក​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ឲ្យ​ដឹង​ថា​ខ្លួន​បាន​ប្រកាស​សុពលភាព​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ផ្លូវ​ការ​ហើយ​ សម្រាប់​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នា​ថ្ងៃ​ទី​៤ ខែ​ខែ​មិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ ជា​បញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ ដែល​មាន​អ្នក​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត ប្រមាណ​៨១.៣៨​ភាគរយ។

លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ថ្មី​
លោក​ហង្ស ពុទ្ធា​ អ្នក​នាំ​ពាក្យ​គ.ជ.ប​ថ្មី​ @គ.ជ.ប
ផ្សាយពាណិជ្ជកម្ម

លោហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១២ ខែ​កុម្ភៈ​នេះ ថាបញ្ជី​បោះ​ឆ្នោត​ផ្លូវ​ការ​មាន​ប្រជា​ពល​រដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រមាណ ៧,៨៦៥,០៣៣​នាក់ ត្រូវ​នឹង​៨១.៣៨ភាគ​រយ​នៃ​ចំនួន​ពលរដ្ឋ​ដែល គ.ជ.ប បាន​កំណត់​ថា​មាន​សិទ្ធិ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ តាម​តួលេខ​ខាងលើ​នេះ​ គឺ​មាន​ស្ត្រី​ប្រមាណ ​៤,២១០,៩១៤នាក់។

ការ​ប្រកាស​សុពល​ភាព​បញ្ជី​ឈ្មោះ​សម្រាប់​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ មាន​នន័យ​ថា​ប្រជា​ពល​រដ្ឋប្រមាណ​១លាន​កន្លះ ដែល​ជា​អ្នក​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត តែ​មិន​បាន​ចុះ​ឈ្មោះ​នោះ នឹង​មិន​អាច​ចូលរួម​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ខែ​មិថុនា​បាន​ឡើយ។​

លោក​ហង្ស ពុទ្ធា បាន​បន្ថែម​ថា​ចំនួន​ប្រជា​ពលរដ្ឋ ដែល​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​តែ​ប្រមាណ​៨១​ភាគ​រយនេះ ​គឺ​ដោយ​សារ​តែ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ប្រមាណ​១លាន​កន្លះ​ទៀត ជា​ពលករ ឬ​ជា​អ្នក​ធ្វើ​ការ​ក្រៅ​ប្រទេសមិន​បាន​វិល​ត្រឡប់​មក​ចូល​រួម​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ មូល​ហេតុ​មួយ​ចំនួន​ទៀត​មាន​ដូច​ជា​ប្រជាពល​រដ្ឋ ដែល​មាន​វ័យ​ចាស់​ជរា​មិន​មាន​ឯក​សារ​គ្រប់​គ្រាន់ ហើយ​អ្នក​ខ្លះ​ទៀត​សម្រេច​ចិត្ត​មិន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​តែ​ម្តង។​

បើ​តាម​អ្នក​នាំ​ពាក្យ គ.ជ.ប ឈ្មោះ​ក្នុង​បញ្ជី ដែល​គេ​សង្ស័យ​ថា​ជា​ជន​បរទេស​នោះ មិន​ត្រូវ​បាន​លុប​ចេញ​ពីបញ្ជី​បោះ​ឆ្នោត​ឡើង បើ​ទោះ​បីជា​មាន​ការ​ប្តឹង​ផ្តល់​ពី​គណបក្ស​ប្រឆាំង​រហូត​ដល់​ក្រុម​ប្រឹក្សា​រដ្ឋ​ធម្ម​នុញ្ញ​ក៏ដោយ ហើយ​ក៏​មិន​មាន​ទៀត​ដែរ ចំពោះ​ការ​ជំទាស់​ផ្សេងៗ​ចាប់​ពី​ពេល​ប្រកាស​សុពលភាព​នេះ​តទៅ។ ចំពោះ​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​ផ្លូវ​ការ​នេះ គឺ​ប្រជា​ពលរដ្ឋ​អាច​ស្វែង​រក​ឃើញ​នៅ​លើក​គេហទំព័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត បន្ទាប់​ពី​ថ្ងៃ​ប្រកាស​សុពល​ភាព​នេះ​រយៈ​ពេល​៥ថ្ងៃ​។

 
គួរ​បញ្ជាក់​ថា​ក្នង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​បញ្ជី​បោះ​ឆ្នោត​ថ្មី ដែល​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃទី​១ ខែ​កញ្ញា ដល់​ថ្ងៃទី៣០ ខែ​វិច្ឆកា​ ឆ្នាំ​២០១៦ មាន​ប្រជា​ពល​រដ្ឋ​ប្រមាណ ៧,៨៧៣,១៩៤នាក់ បាន​ចុះ​ឈ្មោះ ស្មើ​នឹង​៨១.៤៧ភាគ​រយ នៃ​ចំនួន​ប្រជាពល​រដ្ឋ ដែល​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រមាណ​៩,៦៦៤,២១៦នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ