អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

គ.ជ.ប អំពាវនាវ​ឲ្យ​គណបក្ស​នយោបាយ​ត្រូវ​គោរព​ច្បាប់​ពេល​ឃោសនា​បោះ​ឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្តី​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​គោរព​គោលការណ៍​និង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៦ ដើម្បី​ធានា​ការ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិវិធី និង​គ្មាន​អំពើ​ហិង្សា។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​មុន​មួយ​សប្តាហ៍​ដែល​ការ​ឃោសនា​បោះ​ឆ្នោត​ទ្រង់​ទ្រាយ​ធំ​ថ្ងៃ​ដំបូង​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​៧​កក្កដា ហើយ​បញ្ចប់​នៅ​ថ្ងៃ​២៧​កក្កដា​ខាង​មុខ។

រូបភាព​តំណាង៖ យុទ្ឋានាការ​​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា
រូបភាព​តំណាង៖ យុទ្ឋានាការ​​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដាច់​ដោយ​ឡែក​ពី​គ្នា​ចំនួន​ពីរ ចេញ​ថ្ងៃ​ទី​១ និង​ទី​​២​កក្កដា តែ​មាន​ខ្លឹមសារ​ដូច​គ្នា ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត លោក ស៊ិក ប៊ុនហុក បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ បេក្ខជន និង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​ទាំង​អស់ ត្រូវ​តែ​អនុវត្ត​តាម​វិធាន បទ​ប្បញ្ញត្តិ និង​គោលការណ៍​ ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិវិធី​ក្រម​សីលធម៌ និង​គោលការណ៍​នានា ដែល​កំណត់​ដោយ ​គ.ជ.ប។ តាម ​គ.ជ.ប ការ​អំពាវនាវ​នេះ គឺ​ដើម្បី​ធានា​ថា​ការ​ឃោសនា​បោះ​ឆ្នោត​របស់​គណបក្ស​នយោបាយ​ទាំង​អស់ ប្រព្រឹត្តិ​ទៅ​ដោយ​សន្តិវិធី អហិង្សា មាន​សន្តិសុខ និង​សុវត្ថិភាព។ លើស​ពី​នេះ គ.ជ.ប ​ក៏​បាន​អំពាវនាវ​ផង​ដែរ ដល់​អាជ្ញាធរ​ដែនដី ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត និង​ជួយ​សម្រប​សម្រួល​ដល់​សកម្មភាព​ឃោសនា​បោះ​ឆ្នោត ឲ្យ​បាន​ស្មើ​ភាព​គ្នា។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​បញ្ជាក់​បន្ថែម​ថា ការ​ឃោសនា​ទ្រង់​ទ្រាយ​ធំ​អនុញ្ញាត​ឲ្យ​ធ្វើ​បាន​ចំនួន​៤​ដង​ក្នុង​រយៈ​ពេល​២១​ថ្ងៃ​នៃ​យុទ្ធនាការ​ទាំង​មូល។ ការ​ឃោសនា​ទ្រង់​ទ្រាយ​ធំ​​ មាន​ន័យ​ថា​​ មាន​ការ​ចូល​រួម​របស់​មនុស្ស​ចាប់​ពី​២០​នាក់​ឡើង​ទៅ ដោយ​មាន​ម៉ូតូ​១០​គ្រឿង និង​រថយន្ត​២​គ្រឿង​ឡើង​ទៅ ព្រម​ទាំង​ឧបករណ៍​បំពង​សំឡេង។ ចំណែក​ការ​ឃោសនា​ទ្រង់​ទ្រាយ​ធំ​តាម​ផ្លូវ​ទឹក ​គឺ​ចាប់​ពី​មាន​មនុស្ស​ចូល​រួម​០៥​នាក់​ឡើង​ទៅ ដោយ​ប្រើ​កាណូត​៥​គ្រឿង និង​មាន​ឧបករណ៍​បំពង​សំឡេង​ផង​ដែរ។ នេះ​បើ​តាម លោក ហង្ស ពុទ្ធា។

អ្នក​នាំ​ពាក្យ​ដដែល​បន្ត​ថា គណបក្ស​នីមួយៗ​អាច​ជ្រើស​រើស​ថ្ងៃ​ឃោសនា​ទ្រង់​ទ្រាយ​ធំ​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​ប៉ុន្តែ​ត្រូវ​ជូន​ដំណឹង​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ជា​មុន ដើម្បី​បញ្ជៀស​ការ​ឃោសនា​ប៉ះ​ទង្គិច​គ្នា​ជាមួយ​គណបក្ស​ផ្សេង​ទៀត។

សូម​បញ្ជាក់​ថា យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត ជ្រើស​តាំង​តំណាង​រាស្ត្រ នីតិកាល​ទី​ ៦ មាន​រយៈ​ពេល ២១​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ៧ ដល់​ថ្ងៃ​ទី​ ២៧​ខែ​កក្កដា ខណៈ​ការ​បោះ​ឆ្នោត​ជាតិ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៩​ខែ​កក្កដា ឆ្នាំ ២០១៨។

ការ​បោះ​ឆ្នោត​លើក​នេះ គឺ​មាន​គណបក្ស​នយោបាយ​រហូត​ដល់​២០​ ត្រូវ​បាន គ.ជ.ប ចុះ​ឈ្មោះ​ឲ្យ​ចូល​រួម​ប្រកួត​ប្រជែង នៅ​គ្រា​ដែល គណបក្ស​ប្រឆាំង​ធំ​ជាង​គេ ត្រូវ​បាន​រំលាយ​កាល​ពី​ចុង​ឆ្នាំ​មុន បុគ្គល​សំខាន់ៗ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់ ត្រូវ​បាន​ដក​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​មេ​ដឹក​នាំ​អតីត​គណបក្ស​នេះ គឺ​លោក កឹម សុខា ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ក្រោម​បទ​ចោទ​ក្បត់​ជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ