អានតួអត្ថបទ
កម្ពុជា

គ.ជ.ប ​បង្កើត​កម្មវិធី​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ​ស្តីពី​ការ​បោះ​ឆ្នោត ដើម្បី​ជៀសវាង​ព័ត៌មាន​ភាន់​ច្រឡំ​ដល់​ពលរដ្ឋ

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(គ.ជ.ប) បាន​បង្កើត​កម្មវិធី​ស្វែង​យល់​ពី​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​នៅ​ទូទាំង ២៥ រាជធានី-ខេត្ត​តាម​វិទ្យុ​ជា​រៀង​រាល់​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ៧ មេសា​រហូត​ដល់​ថ្ងៃ​ទី ៦ មិថុនា។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប កម្មវិធី​តាម​វិទ្យុ​នេះ គឺ​អាច​ឲ្យ​សាធារណជន​ដែល​មាន​ចង្ងល់​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត ទូរស័ព្ទ​ចូល​សួរ ដើម្បី​ស្រាយ​ចង្ងល់​របស់​ពួក​គេ។

គ.ជ.ប ​បង្កើត​​កម្មវិធី​​ផ្សព្វ​​ផ្សាយ​​តាម​​វិទ្យុ​​ស្តី​ពី​​ការ​​បោះ​​ឆ្នោត
គ.ជ.ប ​បង្កើត​​កម្មវិធី​​ផ្សព្វ​​ផ្សាយ​​តាម​​វិទ្យុ​​ស្តី​ពី​​ការ​​បោះ​​ឆ្នោត
ផ្សាយពាណិជ្ជកម្ម

នេះ គឺ​ជា​លើក​ទី​មួយ​ហើយ​ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ.ជ.ប​បាន​បង្កើត​កម្មវិធី​តាម​វិទ្យុ ដើម្បី​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​ពី​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ដល់​ប្រជាពលរដ្ឋ។ កម្មវិធី​ផ្សព្វ​ផ្សាយ​ដែល​មាន​រយៈ​ពេល​ ២​ខែ​នេះ គឺ​ផ្សាយ​មួយ​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​តែ​ម្តង​នៅ​តាម​វិទ្យុ FM នៅ​ទូទាំង ២៥​រាជធានី-ខេត្ត។ កម្មវិធី​នេះ ​ផ្សាយ​ជា​ទៀត​ទាត់​ក្នុង​រវាង​ម៉ោង ១១​ទៅ ១២​ថ្ងៃ​ត្រង់ ឬ​ម៉ោង ១២​ទៅ​ម៉ោង ១ រសៀល ឬ​ម៉ោង ៥​ទៅ​ម៉ោង​ ៦​ល្ងាច ម៉ោង ៦​ទៅ​ម៉ោង ៧​យប់ ឬ​ពី​ម៉ោង ៧​ទៅ​ម៉ោង​ ៨​យប់ និង​ពី​ម៉ោង​ ៨​ទៅ​ម៉ោង ៩​យប់ ដោយ​អាស្រ័យ​ទៅ​តាម​កម្មវិធី​ផ្សាយ​របស់​វិទ្យុ​នីមួយៗ​តាម​បណ្តា​ខេត្ត ក្រុង​ទាំង​អស់។

លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គ.ជ.ប បាន​បញ្ជាក់​ថា ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ព័ត៌មាន​ពិត​ប្រាកដ និង​កាន់​តែ​ច្បាស់​ពី​ស្ថាប័ន​គ.ជ.ប។ ម្យ៉ាង​វិញ​ទៅ ក៏​ដើម្បី​បង្ការ និង​ទប់​ស្កាត់​នូវ​ព័ត៌មាន​ដែល​មាន​លក្ខណៈ​បំភាន់ ឬ​ក៏​មាន​លក្ខណៈ​កេង​ចំណេញ​ផ្នែក​នយោបាយ ដែល​អាច​ប្រជាពលរដ្ឋ​មាន​យល់​ច្រឡំ​ដែល​ខុស​ពី​ការ​ពិត​ផង​ដែរ។

លោក​មឿង តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ និង​សិទ្ធិ​មនុស្ស​ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​នៃ​ការ​បោះ​ឆ្នោត យល់​ថា កម្មវិធី​ថ្មី​របស់​គ.ជ.ប​នេះ គឺ​ជា​រឿង​ល្អ និង​ត្រឹម​ត្រូវ​ដែល​គ.ជ.ប ត្រូវ​តែ​ធ្វើ​ ព្រោះ​វា​នឹង​ផ្តល់​ព័ត៌មាន​ពិត​ប្រាកដ​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។ យ៉ាង​ណា​ក៏​ដោយ លោក​បន្ត​ថា មិន​ត្រឹម​តែ​វិទ្យុ​ទេ គ.ជ.ប គួរ​មាន​ផ្សព្វ​ផ្សាយ​នៅ​តាម​ទូរទស្សន៍ តាម​រយៈ​ខិត​ប័ណ្ណ និង​តាម​មធ្យោបាយ​ផ្សេង​ទៀត​ឲ្យ​ការ​ផ្សព្វ​ផ្សាយ​មាន​ភាព​ទូលំ​ទូលាយ។ ជាមួយ​គ្នា​នេះ លោក​បាន​ជំរុញ​ឲ្យ​គ.ជ.ប ផ្សព្វ​ផ្សាយ​ពី​ការ​បោះ​ឆ្នោត​ជា​ភាសា​របស់​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​មិន​ចេះ​ភាសាខ្មែរ ដើម្បី​ឲ្យ​ពួក​គេ​បាន​យល់​ដឹង​ពី​បោះ​ឆ្នោត។ ម៉្យាង​វិញ គ.ជ.ប គួរ​តែ​ស្វែង​រក​មធ្យោបាយ​ធ្វើ​យ៉ាង​ណា ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​ជន​ពិការ​ដែល​គ ថ្លង់ ដើម្បី​ឲ្យ​ពួក​គេ​បាន​យល់​ដឹង​ពី​ការ​បោះ​ឆ្នោត​បាន​ទូលំ​ទូលាយ​ដូច​គេ​ឯង​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ