អានតួអត្ថបទ
កម្ពុជា

ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ​នេះ ប៉ុន្តែ ពុំ​សូវ​មាន​ការ​ចូល​រួម​ច្រើន​ពី​ពលរដ្ឋ

គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ ជ ប) នៅ​ថ្ងៃ​ទី​ ១ វិច្ឆិកា នេះ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង​តាម​បែប​បច្ចេកវិទ្យាទំនើប ដែល​ធ្វើ​ឡើង​នៅ​តាម​ការិយាល័យ ឃុំ/សង្កាត់ ទូទាំង​២៥រាជធានី/ខេត្ត ក្នុង​ប្រទេស​កម្ពុជា។ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង ធ្វើ​ឡើង​តាម​ប្រព័ន្ធ​​កុំព្យូទ័រ​​នេះ ដើម្បី​​ជៀស​​វាង​​ឈ្មោះ​​ស្ទួន និង ការ​​បាត់​បង់​​ទិន្នន័យ​​ជា​​ដើម។

សកម្មភាព​ប្រជាពលរដ្ឋ ចូល​រួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង តាម​បែប​ប្រព័ន្ធ​កុំព្យូទ័រ
សកម្មភាព​ប្រជាពលរដ្ឋ ចូល​រួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង តាម​បែប​ប្រព័ន្ធ​កុំព្យូទ័រ RFI/Pisey
ផ្សាយពាណិជ្ជកម្ម

ដូច​ជា​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី ១ វិច្ឆិកា នេះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) បាន​ធ្វើ​ការ​ចុះ​ឈ្មោះបោះ​ឆ្នោត​សាកល្បង តាមបែបបច្ចេកវិទ្យាទំនើប ឬ ប្រព័ន្ធកុំព្យូទ័រ។ ការចុះឈ្មោះបោះឆ្នោតនេះរៀបចំឡើងនៅតាម ការិយាល័យ ឃុំ/សង្កាត់ ទូទាំង ​២៥​រាជ​ធានី​​/ខេត្ត ទូ​ទាំង​ប្រទេស​កម្ពុជា។

សូម​ជម្រាប​ជូន​ថា ការចុះ​ឈ្មោះ​បោះឆ្នោត​ពិត​ប្រាកដ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៦ ប៉ុន្តែ មិន​ទាន់​បាន​កំណត់​នូវ​កាលបរិច្ឆេទ​ច្បាស់​លាស់ ថា​នៅ​ក្នុង​ថ្ងៃ ឬ ខែ ណា​មួយ នៅ​ឡើយ​នោះ​ទេ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះឆ្នោត បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្ប​ង​នេះ ត្រូវ​បានធ្វើ​ឡើង​នៅ​ក្នុង​ភូមិ ចំនួន ៤៣ នៅ​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃទី ១ ដល់ ថ្ងៃ​ទី ១៥ វិច្ឆិកា។ជា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សាក​ល្បង ដែល​មាន​ការ​ចូល​រួម​សង្កេត​ការណ៍ពី អ្នក​សង្កេតការណ៍​មក​ពី​គណបក្ស​នយោបាយ ​អង្គការ​សង្គម​ស៊ីវិល មន្រ្តី​ស្ថាន​ទូត​នានា អ្នក​ជំនាញ​ការ​ជប៉ុន និង សហគមន៍​អ៊ឺរ៉ុប​ជា​ដើម។

អ្នក​នាំពាក្យ រូប​នេះ បន្តថា ការ​ចុះ​ឈ្មោះ​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង ផ្តល់​ជូន​នូវ​សុក្រិត្យ​ភាព ជំនឿ​ទុក​ចិត្ត​យ៉ាង​ពិត​ប្រាកដ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត។ បន្ថែម​លើ​នេះ ការ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ ក៏​នឹង​អាច​បញ្ចៀស​បាន​នូវ​ឈ្មោះ​ស្ទួន​ដែល​បាន​បោះ​ឆ្នោត​រួច និង បញ្ចៀស​នូវ​ការ​បាត់បង់​ទិន្នន័យ​ជាយថា​ហេតុ។

ក្រៅ​ពី​នេះ ការណ៍​ធ្វើ​ដូច្នេះ គឺ​ជា​សាកល្បង​ចង់​បាន​នូវ​បទ​ពិសោធ បច្ចេកទេស ផង​ដែរ​ថា តើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​កុំព្យូទ័រ​នេះ អាច​មាន​គុណ​សម្បត្តិ និង គុណ​វិបត្តិ​អ្វី​ខ្លះ ហើយ​​ថតើ​អ្វី​ខ្លះ​ដែល​ជា​ចំណុច​ខ្វះខាត​ដែល​ត្រូវ​កែ​តម្រូវ។

ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ លោក អះ​អាង​ថា នៅ​ថ្ងៃទី ១ នៃ​ការ​ចុះ​ឈ្មោះ​សាក​ល្បង ពុំ​សូវ​ជា​មាន​ការ​ចូល​រួម​ពី​ប្រជាពល​រដ្ឋ​ចូល​រួម​ច្រើន​នោះ​ទេ ។ បើ​តាម លោក ហង្ស ពុទ្ធា ពុំ​សូវ​មាន​​ប្រជាពលរដ្ឋ​ច្រើន ចូលរួម ទំនង​​ជា​​ប្រជា​ពលរដ្ឋ ពុំ​សូវ​ជា​ចាប់​អារម្មណ៍។ ម្យ៉ាង​ទៀត បើ​ទោះ​ជា​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​សាក​ល្បង​នៅ​ពេល​នេះ គឺ​ពួក​គេ​នៅ​តែ​ត្រូវ​ចូល​រួម​ចុះ​ឈ្មោះ​សារ​ជា​ថ្មី​ម្តង​ទៀត​ដែរ។

គួរ​ជម្រាប​ជូន​ថា គ.ជ.ប បាន​ប៉ាន់​ប្រមាណ​ថា មាន​ពលរដ្ឋ​ជិត ១០លាន​នាក់ដែល​គ្រប់​អាយុ និង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត។ ប្រជាពលរដ្ឋ ត្រូវ​ចុះ​ឈ្មោះ​ផ្លូវការ​ទូទាំង​ប្រទេស​នៅ​ដើម​ខែ​មីនា ឆ្នាំ២០១៦ ខាង​មុខ​នេះ។ គជប ឲ្យ​ដឹង​ផង​ដែរ​ថា រយៈ​ពេល​ចុះ​ឈ្មោះ​ផ្លូវការ​នេះ​មាន​ចំនួន ៣ខែ ហើយ ២​ខែសម្រាប់​រក្សា​ទុក​ពេល​វេលា​ប្ដឹង​ផ្ដល់ និង​ដោះស្រាយ​បណ្ដឹង៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ