ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/10 12h00 GMT
កម្ពុជា

​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​កាត់​ដេរ​សម្រាប់​ឆ្នាំ​២០១៩ ត្រូវ​បាន​ដំឡើង​១៨២​ដុល្លារ​នៅ​ក្នុង​មួយ​ខែ​

media  
កម្មករកាត់ដេរ សហការី

នៅ​ទីបំផុត​ទៅ រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​លើ​វិស័យ វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែក​ជើង សម្រាប់​ឆ្នាំ​២០១៩ ចំនួន ១៨២​ដុល្លារ​ក្នុង​មួយ​ខែ​។ ប្រាក់​ឈ្នួល​ថ្មី​នេះ នឹង​ចាប់​ផ្តើម​អនុវត្ត ពី​ថ្ងៃ​ទី ១ ខែ មករា ឆ្នាំ ២០១៩ ត​ទៅ​។ ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​គោល​១៨២​ដុល្លារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចរចា​ត្រីភាគី​អស់​រយៈ​ពេល​៩លើក​កន្លង​ទៅ​នេះ​។ 

ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​កាត់​ដេរ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩ ត្រូវ​បាន​ដំឡើង​ពី​១៧០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ ដល់​១៨២​ដុល្លារ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ សម្រាប់​កម្មករ​ពេញ​សិទ្ធិ និង​១៧៧​ដុល្លារ សម្រាប់​កម្មករ​និយោជិត​សាក​ល្បង​។ ប្រាក់​ឈ្នួល​ថ្មី​នេះ នឹង​មិន​រាប់​បញ្ចូល​នូវ​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ ដែល​កម្មករ​និយោជិត​ធ្លាប់​ទទួល​បាន​នោះ​ទេ​។ លើស​ពី​នេះ កម្មករ​និយោជិត​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​គិត​តាម​បរិមាណ​ផលិត​ផល (ដេរស៊ីបុង) ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​តាម​ទិន្នផល​ជាក់​ស្តែង​ដែល​ខ្លួន​បាន​ធ្វើ​។ នេះ​បើ​យោង​តាម​ប្រកាស​របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ស្តី​ពី ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់​ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ ២០១៩ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ៥ តុលា​។

យោង​តាម​ប្រកាស​នេះ ដើម្បី​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​ថ្មី​១៨២​ដុល្លារ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​សម្រេច​បន្ថែម​ទឹក​ប្រាក់​៥​ដុល្លារ លើ​ទឹក​ប្រាក់​១៧៧​ដុល្លារ​ដែល​ស្នើ​ឡើង​ដោយ​ភាគី​ថៅ​កែ​រោង​ចក្រ ខណៈ​ភាគី​សហជីព​បាន​ស្នើ​តួ​លេខ​១៨២​ដុល្លារ​។ ប៉ុន្តែ​ជាថ្នូ​នឹង​ការ​សម្រេច​បន្ថែម​ទឹក​ប្រាក់​៥ដុល្លារ​នេះ រដ្ឋា​ភិបាល​កម្ពុជា ត្រូវ​ជួយ​សម្រួល​បន្ទុក​ថ្លៃ​ចំណាយ​អគ្គិសនី​របស់​ភាគី​ថៅកែរ​រោងចក្រ​ក្នុង​អត្រា 0.១៤៧ ដុល្លារ​អាមេរិក ក្នុង​១​គីឡូវ៉ាត់​ម៉ោង​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​ទៀត របស់​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នៅ​ក្នុង​ថ្ងៃ​ដដែល​នេះ​។

គួរ​ជំរាប​ជូន​ថា ការ​ចរចា​ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​កាត់​ដេរ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៩ ដែល​បាន​ចាប់​ផ្ដើម​តាំង​ពី​ខែ​កញ្ញា បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ នៅ​ថ្ងៃ​សុក្រ ទី៥​តុលា នេះ តាម​រយៈ​កិច្ច​ប្រជុំ​លើក​ទី១០​និង​ជា​លើក​ចុង​ក្រោយ របស់​ក្រុម​ការងារ​ត្រីភាគី​។ ក្រុម​ការងារ​ត្រីភាគី​ដែល​មាន​សមាសភាព​មក​ពី​រដ្ឋាភិបាល​១៦​រូប តំណាង​ថៅកែ​រោងចក្រ​១៦​រូប និង​សហជីព ដែល​ជា​តំណាង​កម្មករ​និយោជិត​ចំនួន​១៦​រូប​។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​សម្រេច​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក ហ៊ុន សែន បាន​បង្ហើប​ជា​មុន​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​កាត់​ដេរ​សម្រាប់​ឆ្នាំ​២០១៩ គឺ​មិន​ក្រោម​១៨០​ដុល្លារ​នោះ​ទេ​។

ប្រាក់​ឈ្នួល​ថ្មី​របស់​កម្មករ​កាត់​ដេរ​កម្ពុជា​នេះ នឹង​ចាប់​ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី ១ ខែមករា ឆ្នាំ ២០១៩ ត​ទៅ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ