អានតួអត្ថបទ
កម្ពុជា

លោក​នេត សាវឿន ប្រាប់​កម្លាំង​នគរបាល​ឲ្យ​គោរព​ច្បាប់​និង​ក្រម​សីលធម៌​ក្នុង​ការ​ការពារ​ដំណើរ​ការ​បោះ​ឆ្នោត

នៅ​ព្រឹក​មិញ​នេះ លោក​នាយក​ឧត្តមសេនីយ៍​នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ជួប​ប្រជុំ​ជាមួយ​ស្នង​ការ​នគរបាល​ទាំង ២៥​រាជធានី-ខេត្ត ដើម្បី​បន្ដ​ផ្សព្វ​ផ្សាយ​ផែនការ​ការពារ​យុទ្ធនាការ​ឃោសនា និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់។ ក្នុង​កិច្ច​ប្រជុំ​នោះ លោក​អគ្គស្នងការ​នគរបាល​ជាតិ​បាន​រំឮក​ប្រាប់​ដល់​កង​កម្លាំង​នគរបាល​ទាំង​អស់​ឲ្យ​គោរព​តាម​ច្បាប់ នីតិវិធី និង​ក្រម​សីលធម៌​ដែល​កំណត់​ដោយ​គ.ជ.ប​ក្នុង​ពេល​ការពារ​ដំណើរ​ការ​ឃោសនា​បោះ​ឆ្នោតពេល​បោះ​ឆ្នោត និង​ពេល​រាប់​សន្លឹក​ឆ្នោត​ឃុំ​សង្កាត់។

ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្សនយោបាយ។
ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្សនយោបាយ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​គៀត ច័ន្ទថារិទ្ធ អគ្គ​ស្នងការ​រង​និង​ជា​អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​ផ្សព្វ​ផ្សាយ​ផែនការ​ការពារ​យុទ្ធនាការ​ឃោសនា និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ថា ប្រមុខ​នគរបាល​ជាតិ បាន​ដាស់​តឿន​ឡើង​វិញ​ឲ្យ​គ្រប់​កង​កម្លាំង​នគរបាល​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ការងារ ដើម្បី​ការពារ​បរិយាកាស​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទាំង​ដំណើរ​ការ​ឃោសនា​បោះ​ឆ្នោត អំឡុង​ពេល​បោះ​ឆ្នោត និង រាប់​សន្លឹក​ឆ្នោត ប្រកប​ភាព​លក្ខណៈ​ល្អ​ប្រសើរ មាន​ភាព​ស្ងប់​ស្ងៀម និង​គ្មាន​បញ្ហា​អ្វី​កើត​ឡើង​ដែល​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​នៃ​ការ​បោះ​ឆ្នោត។ ជាមួយ​គ្នា​នេះ លោក​នេត សាវឿន ក៏​បាន​រំឮក​ប្រាប់​កង​កម្លាំង​នគរបាល​ត្រូវ​ប្រព្រឹត្ត​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់ ទៅ​តាម​នីតិវិធី និង​ក្រម​សីលធម៌​ដែល​កំណត់​ដោយ​គណៈកម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​ផង​ដែរ។

សូម​ជំរាប​ជូន​ថា ចាប់​ពី​ថ្ងៃ​ទី​ ២០ ឧសភា​ត​ទៅ គណបក្ស​នយោបាយ​ទាំង ១២ នឹង​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​មាន​រយៈ​ពេល ១៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី ២០​ឧសភា រហូត​ដល់​ថ្ងៃ​ទី ០២ មិថុនា​មុន​ការ​បោះ​ឆ្នោត​ឈាន​មក​ដល់​នៅ​ថ្ងៃ​ទី ០៤ មិថុនា។ សម្រាប់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នេះ អគ្គស្នងការ​នគរបាល​ជាតិ​គ្រោង​ប្រើ​ប្រាស់​កង​កម្លាំង​ចំនួន ១​ម៉ឺន ៩​ពាន់​ ៣១១​នាក់​ក្នុង​នោះ​នគរបាល​ចំនួន​ជាង ១​ម៉ឺន ៥​ពាន់ កង​រាជអាវុធហត្ថ​ចំនួន​ជិត ២​ពាន់​នាក់ និង កង​យោធពល​ខេមរភូមិន្ទ​ចំនួន​ជិត ២​ពាន់​នាក់​ដូច​គ្នា។ ដោយ​ឡែក សម្រាប់​ដំណើរ​ការ​ការពារ​ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត ៤ មិថុនា​វិញ អគ្គ​ស្នងការ​នគរបាលជាតិ​គ្រោង​ប្រើ​ប្រាស់​កម្លាំង​សមត្ថកិច្ច​ចំនួន ៣​ម៉ឺន ៧​ពាន់ ៥៣០​នាក់ ក្នុង​នោះ​កម្លាំង​នគរបាល​ចំនួន​ជាង ៣​ម៉ឺន​ ៥​ពាន់​នាក់ កង​រាជអាវុធហត្ថ ៦៤៣​នាក់ និង​កង​យោធពល​ខេមរភូមិន្ទ​ជាង ១​ពាន់ ៨​រយ​នាក់។

ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត​ទាំង​មូល​នេះ លោក​នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ប្រាប់​ឲ្យ​កង​កម្លាំង​ទាំង​អស់​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដោយ​ត្រៀម​គ្រប់​លក្ខណៈ​សម្បត្តិ​ទាំង​អស់​ទាក់​ទង​ទៅ​នឹង​បទ​ល្មើស​ដែល​គណបក្ស​នយោបាយ​អាច​បក​ស្រាយ​ពី​រឿង​ធម្មតា​ទៅ​ជា​រឿង​នយោបាយ។ ដូច្នេះ បើ​តាម​លោក​នេត សាវឿន គ្រប់​បទ​ល្មើស​ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់​ទទួល​ខុស​ត្រូវ​នីមួយៗ កង​កម្លាំង​នគរបាល​ត្រូវ​ក្តោប​រឿង​ទាំង​នោះ​ឲ្យ​បាន​ដោយ​មាន​ព័ត៌មាន​គ្រប់​គ្រាន់ មាន​ឯកសារ​រឹង​មាំ​តាម​ផ្លូវ​ច្បាប់ ដើម្បី​បក​ស្រាយ​រឿង​ហេតុ​នីមួយៗ​ឲ្យ​បាន​ច្បាស់​លាស់ ប្រសិន​បើ​មាន​ការ​ចោទ​ប្រកាន់​ណា​មួយ​កើត​ឡើង​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ