អានតួអត្ថបទ
កម្ពុជា

«សួន​ប្រជាធិបតេយ្យ​ថ្មី» នឹង​បើក​ឲ្យ​សម្តែង​មតិ​មុន​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់​

យ៉ាង​យូរ​បំផុត​ត្រឹម​ពាក់​កណ្តាល​ខែ​ឧសភា ទី​លាន​ប្រជាធិបតេយ្យ​ថ្មី ដែល​ស្ថិត​ក្នុង​សង្កាត់​ឬស្សីកែវ​ នឹង​បញ្ចប់​ការ​ស្ថាបនា​ទាំង​ស្រុង ហើយ​នឹង​ត្រូវ​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ការ​សម្តែង​មតិ នៅ​មុន​ពេល​ឃោសនា​បោះ​ឆ្នោត​ឃុំ​សង្កាត់។ បើ​​តាម​​អ្នក​​នាំ​​ពាក្យ​​សាលា​​រាជធានី​​ភ្នំពេញ ទី​លាន​ប្រជាធិបតេយ្យ​​ថ្មី ដែល​ប្តូរ​ពី​ទី​តាំង​ចាស់ ក្នុង​សង្កាត់​វត្ត​ភ្នំ ហើយ​កំពុង​ស្ថាបនា​​លើ សួន​ច្បារ​គីឡូម៉ែត្រ​លេខ ៦​នេះ នឹង​ត្រូវ​ប្រើ​ឈ្មោះ​ថា «សួន​ប្រជាធិបតេយ្យ» ជំនួស​វិញ​ ព្រោះ​​វាអាចប្រើប្រាស់ជា សួនច្បារធម្មតាសម្រាប់ពលរដ្ឋលំហែរកាយ និងហាត់កីឡា ប្រសិន​បើគ្មានការប្រើប្រាស់​ទីលានដើម្បីសម្តែងមតិ។

អាជ្ញាធររាជធានីភ្នំពេញ ដករបងបន្លាលួស ចេញពីទីលានប្រជាធិបតេយ្យ។
អាជ្ញាធររាជធានីភ្នំពេញ ដករបងបន្លាលួស ចេញពីទីលានប្រជាធិបតេយ្យ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃព្រហស្បតិ៍​នេះ​ថា សាលា​ក្រុង​ភ្នំពេញ នឹង​បើក​ឲ្យ​មាន​ការ​សម្តែង​មតិ​នៅ​លើ​ទី​លាន​ប្រជាធិបតេយ្យ​ថ្មី ក្នុង​សង្កាត់​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ អំឡុង​ពាក់​កណ្តាល​ខែ​ឧសភា​ខាង​មុខ នៅ​មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី ៤ ដែល​នឹង​ចាប់​ផ្តើម ពី​ថ្ងៃ​ទី ២០ ខែ​ឧសភា ដល់​ថ្ងៃ​ទី ០២ ខែ​មិថុនា ឆ្នាំ ២០១៧។

បើ​ទោះ​បី​ជា មិន​ទាន់​បង្ហើប​ឲ្យ​ដឹង​ពី ទំហំ​នៃ​ការ​ចំណាយ​សរុប ដើម្បី​សាងសង់​ទី​លាន​ប្រជាធិបតេយ្យ​ថ្មី តែ មន្រ្តី​សាលា​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ទី​លាន​ប្រជាធិបតេយ្យ​ថ្មី មាន​ទី​តាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៥ ស្ថាបនា​លើ សួន​ច្បារ​គីឡូម៉ែត្រ​លេខ ៦ ក្នុង​សង្កាត់​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ មាន​ទំហំ ២២.៨៣៥ ម៉ែត្រ​ការ៉េ ដែល​អាច​ផ្ទុក​មនុស្ស​បាន​ច្រើន មាន ក្រាល​ការ៉ូឡា ចំណត​យាន្តយន្ត ភ្លើង​បំភ្លឺ បង់​អង្គុយ​ បង្គន់​អនាម័យ សួន​ច្បារ​ដែល​ធំ​ជាង​មុន និង​ប្រសើរ​ជាង​ទី​លាន​ចាស់។ ទី​លាន​ថ្មី​នេះ នឹង​ត្រូវ​ប្រើ​ឈ្មោះ​ថា «សួន​ប្រជាធិបតេយ្យ» វិញ ដើម្បី​ឲ្យ​ស្រប​នឹង​មុខងារ​ពីរ គឺ ប្រើ​ប្រាស់​ជា សួន​ច្បារ​សម្រាប់​ពលរដ្ឋ​លំហែកាយ និង​ហាត់​កីឡា បន្ថែម​លើ​មុខងារ​ ប្រើ​ប្រាស់​ទីលាន​ដើម្បី សម្តែង​មតិ​។ ​
 
គួរ​រំលឹក​ថា កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​ ២០១៦ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ផ្លាស់​ប្តូរ ទី​លាន​ប្រជាធិបតេយ្យ​ចាស់ ដែល​ស្ថិត​នៅ​ក្បែរ​ស្ថាន​ទូត​អាមេរិក ក្នុង​សង្កាត់​វត្ត​ភ្នំ ដោយ​សារ​លោក​យល់​ថា បាន​បង្ក​ការ​រំខាន​ដល់ ភ្ញៀវ​ទេសចរ ចូល​ទស្សនា បូជនីយដ្ឋាន​ទេសចរណ៍​វត្ត​ភ្នំ និង​ដើម្បី​យក​ទីតាំង​ទៅ​ធ្វើ​ជា សួន​ច្បារ​បម្រើ​ជា​ប្រយោជន៍​សាធារណៈ ព្រម​ទាំង មាន​ការ​សាង​សង់​ជា កន្លែង​សម្រាប់ ​ជន​ពិការ​ប្រគុំ​តន្ត្រី​ផង​ដែរ។ លោក ហ៊ុន សែន ធ្លាប់​ចំអក​ថា នឹង​យក ទី​លាន​ប្រជាធិបតេយ្យ ទៅ​ធ្វើ​នៅ​មុខ ស្ថាន​ទូត​អាមេរិក​តែ​ម្តង ប្រសិន​បើ​អាមេរិក ប្រតិកម្ម​នឹង​ការ​រុះរើ​ទី​តាំង​ទី​លាន​ប្រជាធិបតេយ្យ​ចាស់។

ទី​លាន​ប្រជាធិបតេយ្យ គឺ​ជា កន្លែង​បញ្ចេញ​មតិ​ជា​សាធារណៈ​មួយ ផ្តួច​ផ្តើម​ឡើង​ដោយ​ស្មារតី ច្បាប់​ស្តី​ពី ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ឆ្នាំ ២០០៩ ដែល​តម្រូវ​ឲ្យ​ អាជ្ញាធរ រាជធានី ខេត្ត មាន​ភារៈ​រៀប​ចំ​សម្រាប់​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ឬ​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ក្នុង​ទឹក​ដី​នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ទី​លាន​ប្រជាធិបតេយ្យ​ចាស់ ស្ថិត​នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌ​ដូនពេញ មាន​ទំហំ ១០.៨៩០​ម៉ែត្រ​ការ៉េ (ទទឹង ៥៥ម៉ែត្រ និង​បណ្ដោយ ១៩៨​ម៉ែត្រ) ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់ កាល​ពី​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា ឆ្នាំ ២០១០ ដោយ​អតីត​អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា។ ក្រោយ​ការ​បោះ​ឆ្នោត ខែ​កក្កដា ឆ្នាំ ២០១៣ គណបក្ស​សង្រ្គោះ​ជាតិ បាន​ប្រើ​ប្រាស់ ទី​លាន​ប្រជាធិបតេយ្យ ដើម្បី​ប្រមូល​ផ្តុំ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ ធ្វើ​បាតុកម្ម​រាប់​ខែ ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត រហូត​ឈាន​ដល់ មាន​ការ​បំបែក​ទី​លាន​ប្រជាធិបតេយ្យ​ ដោយ​កង​កម្លាំង​សន្តិសុខ​របស់​សាលា​រាជធានី នៅ​ដើម​ខែ​មករា ឆ្នាំ ២០១៤ និង​បិទ​ទី​លាន​មួយ​រយៈ។ ៦​ខែ​ក្រោយ​មក ពោល​គឺ​នៅ ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ ២០១៤ តំណាង​រាស្រ្ត និង​សកម្មជន​បក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន បាន​រួម​គ្នា​តវ៉ា ទាម​ទារ​រំដោះ​ទី​លាន​ប្រជាធិបតេយ្យ​មក​វិញ តែ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន។ តំណាង​រាស្រ្ត ៧​រូប រួម​ទាំង​លោក​ស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក នុត រំដួល ជា​ដើម ត្រូវ​បាន​ចាប់​ខ្លួន​ជុំវិញ​ ហិង្សា​នៅ​ទី​លាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី ១៥ ខែ​កក្កដា ឆ្នាំ​ ២០១៤ សុទ្ធ​តែ ត្រូវ​បាន​ តុលាការ​ដោះ​លែង ​ពី​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​ គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​បាន​ចរចា​ជា​កញ្ចប់ ​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ។ ប៉ុន្តែ​តុលាការ បាន​បន្ត​ចោទ​ប្រកាន់​ទៅ​លើ សកម្មជន​បក្ស​ប្រឆាំង ១៤​រូប ដោយ​ចោទ​ពី​បទ​ដឹក​នាំ និង​ចូល​រួម​អំពើ​កុបកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ​ សម្រេច​ដាក់​ពន្ធនាគារ ចន្លោះ​ពី ៧​ឆ្នាំ ដល់ ២០​ឆ្នាំ និង​បន្ត​ឃុំ​ខ្លួន រហូត​មក​ដល់​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ