អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រុម​ហ៊ុន​ចិន​ចំណាយ​២​ពាន់​លាន​ដុល្លារ​សាង​សង់​ផ្លូ​វ​ល្បឿន​លឿន​ពី​ភ្នំ​ពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ​

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ- ក្រុង​ព្រះ​សីហនុ ត្រូវ​បាន​បើក​ការ​ដ្ឋាន​សាង​សង់​ជា​ផ្លូវ​ការ​ហើយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ក្រោម​វត្តមាន​លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន។ ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង​១៩០​គីឡូ​ម៉ែត្រ ហើយ​គ្រោង​ចំណាយ​ថវិកា​សង​សង់​ប្រមាណ​២ពាន់​លាន​ដុល្លារ​អាមេរិក​។ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​អះអាង​ថា ផ្លូវ​ថ្មី​នេះ នឹង​ដើរ​នាទី​សំខាន់​ក្នុង​ការ​ត​ភ្ជាប់​រវាង​ប៉ូល​សេដ្ឋកិច្ច​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ព្រះ​សីហនុ​។ 

ក្រុងព្រះសីហនុ (រូបតំណាង)
ក្រុងព្រះសីហនុ (រូបតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​អះអាង​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះ​សីហនុ​នេះ គឺ​ជា​បណ្តាញ​មួយ​ត​ភ្ជាប់​ផ្លូវ​ទូទាំង​ប្រទេស​របស់​ជាតិ និង​អន្តរជាតិ​រាប់ពាន់​គីឡូ​ម៉ែត្រ​ជាមួយ​របៀង​សេដ្ឋកិច្ច​ខាង​ត្បូង​របស់​មហា​អនុ​តំបន់​មេគង្គ អនុ​របៀង​សេដ្ឋកិច្ច​ខាង​ត្បូង និង​របៀង​សេដ្ឋកិច្ច​ឆ្នេរ​ខាង​ត្បូង​ក៏​ដូច​ជា ត​ភ្ជាប់​ផ្លូវ​ហាយ​វេអាស៊ាន​។ គម្រោង​ផ្លូវ​នេះ នឹង​ធ្វើ​ឱ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ និង អ្នក​ដំណើរ​បាន​លឿន​ឆាប់​រហ័ស ប្រកប​ដោយ​សុវត្ថិភាព និង​ប្រសិទ្ធ​ភាព​។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះសីហនុ​នេះ ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុម​ហ៊ុន​សាជីវកម្ម​ស្ពាន​និង​ថ្នល់​ចិន (CRBC) ដោយ​ប្រើ​ប្រាស់​ថវិកា​ប្រមាណ​ជិត ២.០០០​លាន​ដុល្លារ​អាមេរិក និង​ប្រើ​ប្រាស់​ថវិកា​បដិភាគ​ដែល​ជា​ហិរញ្ញប្បទាន​ឥត​សំណង​ពិសេស​របស់​រដ្ឋា​ភិបាល​ចិន​ប្រមាណ ១៥០​លាន​ដុល្លារ​អាមេរិក​ទៀត​។ តាម​គម្រោង ផ្លូវ​ថ្មី​នេះ​នឹង​ប្រើ​ប្រាស់​រយៈ​ពេល​សាង​សង់​ចំនួន ៤៨ខែ ដោយ​គិត​ចាប់​ផ្តើម​ពី​ខែ​មីនា ឆ្នាំ​២០១៩ នេះ​រហូត​ដល់​ខែ​មីនា ឆ្នាំ​២០២៣​។

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​បញ្ជាក់​ថា ការ​សាង​សង់​ផ្លូវ​នេះ គឺ​រដ្ឋា​ភិបាល​កម្ពុជា​មិន​បាន​ខ្ចី​លុយ​ពី​ចិន​ទេ​ តែ​ជា​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ចិន​សុទ្ធ​សាធ​តាម​រូបភាព​សាងសង់-ធ្វើ​អាជីវកម្ម-ផ្ទេរ​(BOT)​។បើ​តាម​លោក​នាយក​រដ្ឋ​មន្រ្តី រដ្ឋា​ភិបាល​កម្ពុជា​មិន​បាន​ផ្តល់​ដី​ឲ្យ​ក្រុម​ហ៊ុន​ធ្វើ​ផ្លូវ​ទេ តែ​ផ្ទុយ​ទៅ​វិញ គឺ​ក្រុម​ហ៊ុន​បាន​ផ្តល់​ថវិកា​ឱ្យរដ្ឋាភិ​បាល​ ដើម្បី​ទិញ​ដី​សម្រាប់​សាង​សង់​ផ្លូវ​។ យ៉ាង​ណា​មិញ ផ្លូវ​នេះ​ពេល​ដាក់​ឱ្យ​ដំណើរ​ការ គឺ​ក្រុម​ហ៊ុន​នឹង​មិន​យក​ថ្លៃ​យាន​យន្ត​គ្រប់​ប្រភេទ​នៅ​ក្នុង​រយៈ​ពេល​១ខែ​ដំបូង និង​បញ្ចុះ​តម្លៃ​២០%​សម្រាប់​រយៈ​ពេល​១​ឆ្នាំ​បន្ទាប់​ពី​នោះ​។ ជាង​នេះ​ទៅ​ទៀត ក្រុម​ហ៊ុន​បាន​យល់​ព្រម​កែ​សម្រួល​កម្រៃ​សេវា​ឆ្លង​កាត់​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ម្តង​នៃ​ប្រតិបតិ្ត​ការ​អាជីវកម្ម​របស់​ខ្លួន​ផង​ដែរ​។ នេះ​បើ​តាម​ការ​អះអាង​ឱ្យ​ដឹង​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​។

សូម​បញ្ជាក់​ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុង​ព្រះ​សីហនុ មាន​ប្រវែង​សរុប​ជាង ១៩០​គីឡូ​ម៉ែត្រ​ដោយ​ត​ភ្ជាប់​ពី​ភូមិ១ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់​ភូមិ១ សង្កាត់​លេខ៣ ក្រុង​ព្រះ​សីហនុ​។ វា​មាន​ទទឹង​តួ​ផ្លូវ​ប្រវែង ២៤,៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) និង មាន​រៀប​ចំ​ខឿន​សួន​ចែក​ទិស​ចរាចរណ៍​នៅ​ចំ​កណ្តាល​ទ្រូង​ផ្លូវ​ដែល​អនុញ្ញាត​ឱ្យ​យាន​យន្ត​គ្រប់​ប្រភេទ​អាច​បើក​បរ​ក្នុង​ល្បឿន​រហូត​ដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុង​មួយ​ម៉ោង។

ក្រៅ​ពី​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ រដ្ឋា​ភិបាល​កម្ពុជា ក៏​គ្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​មួយ​ចំនួន​ទៀត​ផង​ដែរ ដូច​ជា គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​អាស៊ាន ដោយ​ត​ភ្ជាប់​រវាង​ទីក្រុង​ភ្នំពេញ​ជាមួយ​ទីក្រុង​ហូជីមីញ ប្រទេស​វៀតណាម និង​ពី​ទីក្រុង​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​បាំងកក​ប្រទេស​ថៃ​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ