អានតួអត្ថបទ
កម្ពុជា

ក្រសួង​មហា​ផ្ទៃ បើក​ភ្លើង​ខៀវ​ឲ្យ​លោក​សួន ​សេរី​រដ្ឋា​បង្កើត​គណបក្ស​

ក្រសួង​មហា​ផ្ទៃ​នៅ​ថ្ងៃសុក្រ​ ម្សិលមិញ​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​លោក​សួន ​សេរី​រដ្ឋា ​ដែល​កំពុង​សំងំ​លាក់​នៅ​ក្រៅ​ប្រទេស​បង្កើត​គណបក្ស​នយោបាយ​ត្រៀម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​។ ​ការ​អនុញ្ញាត​នេះ ជា​ការឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​បង្កើត​“គណបក្ស​អំណាច​ខ្មែរ​” របស់​លោក​សួន ​សេរី​រដ្ឋា​ កាលពី​ថ្ងៃទី២១​ ធ្នូ​ ឆ្នាំ២០១៤ ​កន្លង​ទៅ។​ ភា្លមៗ លោក​​សួន​ សេរី​រដ្ឋា ​ប្រធាន​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ​ បាន​ប្រកាស​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ចូល​រួម​ជា​មួយ​គណបក្ស​របស់​លោក ​ដើម្បី​រួម​គ្នា​ធ្វើ​ការ​ផ្លាស់​ប្តូរ​។​

លោកសួន​ សេរីរដ្ឋា​(កណ្តាល)​ ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។​
លោកសួន​ សេរីរដ្ឋា​(កណ្តាល)​ ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។​ @Sourn Serey rotha
ផ្សាយពាណិជ្ជកម្ម

គណបក្ស​អំណាច​ខ្មែរ​របស់​លោក​សួន សេរី​រដ្ឋា អាច​នឹង​លេច​ចេញ​រូបរាង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ឆ្នាំ២០១៨។​ ក្រសួង​មហា​ផ្ទៃ​កាល​ពី​ថ្ងៃ​សុក្រ បាន​សម្រេច​ឲ្យ​គណបក្ស​អំណាច​ខ្មែរ​របស់​លោក​សួន​ សេរី​រដ្ឋា​ អាច​ចុះ​បញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ​បាន។ ​នៅ​ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​លោក​សួន សេរី​រដ្ឋា ប្រធាន​ស្ថាបនិក​គណបក្ស​អំណាច​ខ្មែរ​ ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា ​ ដើម្បី​ទទួល​បាន​សុពល​ភាព​ គណបក្ស​អំណាច​ខ្មែរ ​ត្រូវ​បំពេញ​បែប​បទ​ និង​លក្ខខណ្ឌ​ដូច​មាន​ចែង​ក្នុង​មាត្រា២០ ​ជំពូក​ទី៥​ នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។

 
ភ្លាមៗ​លោក​សួន​ សេរី​រដ្ឋា ​តាម​រយៈ​លិខិត​ចំហ​របស់​ខ្លួន​បាន​បញ្ជាក់​ថា ​គណបក្ស​អំណាច​ខ្មែរ​នឹង​បំពេញបែប​បទ​តាម​ការ​តម្រូវ​ហើយ​ដាក់​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ក្នុង​ពេលឆាប់។ ​លោក​សៀង​ សុភា​រក្ស ​អគ្គលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​អំណាច​ខ្មែរ​បាន​បន្ថែម​ថា ​នៅ​ពេលនេះ ​ក្រុម​ការងារ​គណបក្ស​អំណាច​ខ្មែរ​បាន​ត្រៀម​ឯកសារ​ពាក់​ព័ន្ធ​រួច​ជាស្រេច​ហើយ ​ដើម្បី​រៀបចំ​ដាក់​ទៅ​កាន់​ក្រសួង​មហាផ្ទៃ។ ​ប៉ុន្តែ​លោក​មិន​ទាន់​បញ្ជាក់​ទេ​ថា ​នឹង​ដាក់​ទៅ​នៅ​ពេល​ណា​ឲ្យ​ប្រាកដ​នោះ​ទេ​ ព្រោះ​ត្រូវ​រង់​ចាំ​លិខិត​បែប​បទ​ថ្មី​របស់​ក្រសួង​មហាផ្ទៃ​។

ការ​ស្នើសុំ​ចុះ​បញ្ជី​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ ហើយ​ត្រូវ​បាន​អនុញ្ញាត​គឺជា​រឿង​ធម្មតា។​ក៏ប៉ុន្តែ​រឿង​ដែល​មិន​ធម្មតា​នោះ ​គឺ​ថា​អ្នក​ដែល​មាន​ទោស​ហើយ​ តែ​បែរ​ជា​អាច​ស្នើសុំ ​និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បង្កើត​គណបក្ស​នៅ​បាន​ទៅ​វិញ ​ដូច​យ៉ាង​ករណី​លោក​សួន​ សេរី​រដ្ឋា។​ លោក​សួន​ សេរី​រដ្ឋា​ ដែល​កាល​ពី​ថ្ងៃទី​១៤ ​មករា​ ត្រូវបាន​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៧ឆ្នាំ​ និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​២៥​ លាន​រៀល​ពី​បទ​រួម​គំនិត​ក្បត់​ជាតិ​។ ​ចំពោះ​រឿង​នេះ ​លោក​ខៀវ​ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ ​បាន​គូសបញ្ជាក់ថា ​ការសម្រេច​ឲ្យ​លោក​សួន ​សេរី​រដ្ឋា​ បង្កើត​គណបក្ស​បាន​ទាំង​ខ្លួន​មានទោស​បែប​នេះ ​មិន​មាន​ខុស​នឹង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នោះ​ឡើយ​ ដោយ​កន្លង​មក​ក៏​ករណី​បែបនេះ​កើតមាន​នៅក្នុង​ប្រទេស​កម្ពុ​ជា​ផងដែរ។

ចំពោះ​ការ​បង្កើត​គណ​បក្ស​ថ្មី ​សម្រាប់​ត្រៀម​ចូល​រួម​ការប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នាពេល​ខាង​មុខ​ ធ្លាប់​ត្រូវបាន​លោក​សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បរិហារ​ថា ​បង្កើត​ឡើង​គ្រាន់​តែ​ចង់​បំបែក​សំឡេង​គណបក្ស​ប្រឆាំង​ប៉ុណ្ណោះ។ ​ការ​ចោទ​ប្រកាន់​នេះ​ ត្រូវ​បាន​តំណាង​គណបក្ស​ថ្មី​ចេញ​មុខ​ទាត់​ចោល​ជា​បន្តបន្ទាប់។

យ៉ាង​ណា​ក៏ដោយ ​លោក​សួន ​សេរី​រដ្ឋា​ បាន​ប្រកាស​អំពាវនាវ​ឲ្យ​ប្រជាពល​រដ្ឋ ​យុវជន​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ទាំង​អស់​ ចូល​រួម​ជា​មួយ​គណបក្ស​អំណាច​ខ្មែរ ​ដើម្បី​រួមគ្នា​ជាមួយ​នឹង​នាវា​នយោបាយ​ថ្មី​ដែល​មាន​ជំហរ​នយោបាយ ​និង​មាន​បេសកកម្ម​ច្បាស់​លាស់​សម្រាប់​ការផ្លាស់​ប្តូរ​ពិតៗដែល​ជា​សុបិន​របស់​ប្រជា​ពលក​រដ្ឋ​ជា​យូរ​យារ​ណាស់​ហើយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ