អានតួអត្ថបទ
កម្ពុជា

មន្ត្រី​កាំ​កុង​ត្រូល​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​គីមី​ក្នុង​អាហារ ​តាម​រយៈ​ឧបករណ៍​ទំនើប​

មន្ត្រី​កាំកុងត្រូល​នៅ​ទូទាំង​រាជ​ធានី​-ខេត្ត​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា បាន​ទទួល​ឧបរណ៍​សម្រាប់​ពិសោធន៍​រកធាតុ​គីមី​ ដែល​ហាម​ឃាត់​ក្នុង​អាហារ​ កាល​ពី​ថ្ងៃទី០៧​ ខែ​សីហា។​ ឧបករណ៍​តេស្ត៍​ទាំង​ ១១គ្រឿង​នោះ ​នឹងត្រូវ​ដាក់​នៅ​តាម​ច្រក​ព្រំដែន​មួយ​ចំនួន​ ដោយ​សារ​តែ​វា​មាន​គុណ​ភាព​ និង​សមត្ថ​ភាព​ខ្ពស់ ​រហូត​ដល់ ​៩៥ភាគ​រយ​ ក្នុង​ការចាប់​សារធាតុ​គីមី​ហាម​ឃាត់​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​កាំកុង​ត្រូល។ 

កម្មការិនី​កាត់ដេរ​​ទិញ​អាហារ​ថ្ងៃត្រង់​ដែល​នៅ​ជិត​នឹង​កន្លែង​ធ្វើការ​របស់​ពួកគេ។​
កម្មការិនី​កាត់ដេរ​​ទិញ​អាហារ​ថ្ងៃត្រង់​ដែល​នៅ​ជិត​នឹង​កន្លែង​ធ្វើការ​របស់​ពួកគេ។​ សហការី
ផ្សាយពាណិជ្ជកម្ម

 

ដើម្បី​ចូល​រួម​ក្នុង​ការ​លើក​ស្ទួយ​សុខ​ភាព​ប្រជាពល​រដ្ឋ​កម្ពុជា ​រួម​ទាំង​ការ​បង្កើន​សុវត្ថិ​ភាព​ចំណី​អាហារ​នាំ​ចូល និង​ចំណីអាហារ​ក្នុង​ស្រុក ​មន្ត្រី​កាំកុង​ត្រូល​កម្ពុជា​ បាន​បញ្ជា​ទិញ​ឧបករណ៍​សម្រាប់​ពិសោធន៍​រក​សារធាតុ​គីមីហាម​ឃាត់​ក្នុង​អាហារ​ចំនួន​១១គ្រឿង​ពី​ប្រទេស​ថៃ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ លោក​ ផាន​ អូន​ អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​កាំ​កុង​ត្រូល​កម្ពុជា​។

ឧបករណ៍​ទាំង​ ១១​គ្រឿង​នោះ ​មាន​សមត្ថ​ភាព​ក្នុង​ការ​ស្វែង​រក​សារ​ធាតុ​គីមី​ហាម​ឃាត់ ​ដែល​ប្រើ​ប្រាស់​ក្នុងអាហារ​ ដោយ​ចំណាយ​រយៈ​ពេល​ពី ​៥នាទី​ ទៅ​១០​នាទី​តែ​ប៉ុណ្ណោះ​។ មិន​តែ​ប៉ុណ្ណោះ ​លទ្ធផល​របស់​វា​គេ​អាចជឿ​ជាក់​បាន​រហូត​ដល់​ប្រមាណ ​៩៥​ភាគ​រយ​។ ហើយ​ឧបករណ៍​ទាំង​អស់​នោះ ​នឹង​ត្រូវ​ប្រើ​នៅ​តាម​ច្រក​នាំចូល​ទំនិញ​តាម​ព្រំ​ដែន​ និង​តាម​ទី​ផ្សារ​ក្នុង​ប្រទេស​។​ ហើយ​វា​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ចាប់​ពី​ថ្ងៃទី ​០៧ ​ខែសីហា​ នេះ​ត​ទៅ។​

បើ​តាម​លោក​អគ្គនាយក​រង​នៃ​អគ្គនាយក​ដ្ឋាន​កាំ​កុង​ត្រូល​រូប​នេះ ​បាន​អះ​អាង​ថា​សារ​ធាតុ​គីមី​ចម្បង​ ដែលត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ចំណីអាហារ​មាន​ដូច​ជា ​បូរ៉ាក​ និង​ហ្វម​មី​លាន​ រួម​ទាំង​សារ​ធាតុ​គីមី​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​មួយ​ចំនួន​ទៀត​។ ​សារធាតុ​គីមី​ទាំង​នោះ ​គឺ​ជា​ប្រភេទ​សារ​ធាតុ​គីមី​ ដែល​ដាក់​ក្នុងម្ហូប​អាហារ​ ដើម្បី​រក្សា​សោភ័ណ​ភាព​របស់​អាហារ​ឲ្យ​ស្រស់​ជា​និច្ច​។

សារ​ធាតុ​គីមី​ទាំង​អស់​នោះ ​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ខ្លាំង​ជាង​សារ​ធាតុ​គីមី​មួយ​ចំនួន​ទៀត ​ដោយ​សារតែ​វា​ចូល​ទៅ​ក្នង​រាង​កាយ​របស់​មនុស្ស ​និង​បង្ក​ជា​ជំងឺ​ផ្សេង​ៗ ដែល​បណ្តាល​ឲ្យ​ខូច​សិរី​រាង្គ​ក្នុង​រាង​កាយ​ដូច​ជាក្រពះ​ ថ្លើម​ ពោះវៀន បេះ​ដូង​ជា​ដើម​។ ​នេះ​បើ​តាម​លោក​ ផាន​ អូន​។

យោង​តាម​របាយការណ៍​ចុង​ក្រោយ ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​(WHO)​ស្តីពី​សុខ​ភាព​ប្រជា​ពល​រដ្ឋ​កម្ពុជា​ឆ្នាំ​២០១២​ បាន​ឲ្យ​ដឹង​ថា ​ជំងឺ​ដែល​បណ្តាល​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​បាត់​បង់​ជីវិត​ច្រើន​ជាង​គេ​នោះ ​គឺ​ជំងឺបេះ​ដូង​ស្លោក​ ឬ​ IHDដែល​បណ្តាល​ពី​កង្វះ​ឈាម​ទៅ​ចិញ្ចឹម​បេះ​ដូង​។ ហើយ​បើ​តាម​តួលេខ​ដដែល​នោះ ​ជំងឺនេះ​មាន​ការ​កើន​ឡើង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ