ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 04/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 04/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 03/12 12h00 GMT
កម្ពុជា

កម្ពុជា​មិន​ទាន់​ឃើញ​ករណី​វីរុស​ថ្មី ឈ្មោះ​ហ្ស៊ីកា (Zika) នៅ​ឡើយ​ទេ

media  
រួមគ្នាប្រឆាំងជម្ងឺគ្រុនឈាម @RFI/Siv Channa

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ នៃ​ក្រសួង​សុខា​ភិបាល​ បាន​បញ្ជាក់​ថា​ កម្ពុជា​មិន​ទាន់​ឃើញ​មាន​ករណី​ឆ្លង​មេរោគ​ថ្មី ដែល​មាន​ឈ្មោះ​ថា Zika នៅ​ឡើយ​ទេ។ សូម​បញ្ជាក់​ថា​ ថ្មីៗ​នេះ​ ប្រទេស​ថៃ បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​ករណី​ឆ្លង​វីរុស​ថ្មី ឈ្មោះ Zika ទៅ​លើ​បុរស​ម្នាក់​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ ខណៈ​នៅ​សហរដ្ឋអាមេរិក​ក៏​មាន​៣​ករណី​ដែរ​។ ប៉ុន្តែ​សម្រាប់​កម្ពុជា​ មន្រ្តី​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា​ រក​មិន​ទាន់​ឃើញ​នៅ​ឡើយ​ទេ

វីរុស​ថ្មី​ដែល​ចម្លង​តាម​រយៈ​មូស​ខ្លា ត្រូវ​បាន​ប្រទះ​ឃើញ​មួយ​ករណី​នៅ​ក្នុង​ប្រទេស​ថៃ ​ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា មិន​យូរ​មិន​ឆាប់ មេរោគ​នេះ​នឹង​ឆ្លង​មក​ដល់​ប្រទេស​កម្ពុជា​។ ​ក៏​ប៉ុន្តែ​មន្រ្តី​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សុវណ្ណ បាន​បញ្ជាក់​ថា កម្ពុជា​នៅ​មិន​ទាន់​រក​ឃើញ​ករណី​ឆ្លង​នៃ​វីរុស​ថ្មី​ដែល​មាន​ឈ្មោះ​ថា Zika នេះ​នៅ​ឡើយ​ទេ​។​

 
វីរុស Zika ត្រូវ​បាន​រក​ឃើញ​លើក​ដំបូង នៅ​លើ​សត្វ​ស្វា​នៅ​ក្នុង​ឆ្នាំ​១៩៤៧ នៅ​ក្នុង​ប្រទេស​អ៊ូហ្គង់​ដា​ស្ថិត​ក្នុង​ទ្វីប​អាហ្រ្វិក​។ ហើយ​នៅ​ឆ្នាំ​១៩៥២ ជម្ងឺ​នេះ បាន​ឆ្លង​ជា​លើក​ដំបូង​មក​មនុស្ស​ តាម​រយៈ​មូស​ខ្លា​ខាំ និង​បាន​រីក​រាល​ដាល​នៅ​តំបន់​អាហ្រ្វិក​ និង​កោះ​មួយ​ចំនួន​នៅ​តំបន់​ប៉ាស៊ីហ្វិក​។ កន្លង​មក ជម្ងឺ​នេះ​បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​ ប៉ុន្តែ​ថ្មី​ៗនេះ មេរោគ Zika ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល​ គឺ​នៅ​ពេល​ដែល​មាន​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់​ទាត់​ពិភព​លោក​ ជា​ពេល​ដែល​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​កាន់​ទ្វីប​អាមេរិក​ឡាទីន។
 
ប៉ុន្តែ​អ្វី​ដែល​ជា​ការវិត្ត​ចុង​ក្រោយ​នេះ វីរុស Zika ទើប​តែ​បាន​ឆ្លង​ទៅ​លើ​បុរស​ជន​ជាតិ​ថៃ​ម្នាក់​ និង៣​ករណី​ទៀត​នៅ​សហរដ្ឋអាមេរិក។ មន្ត្រី​សុខាភិបាល​អាមេរិក​ បាន​ចេញ​សេច​ក្តី​ណែ​នាំភ្លាមៗ​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ ជា​ពិសេសស្ត្រី​មាន​ផ្ទៃពោះ កុំ​ឲ្យ​ធ្វើដំណើរ​ទៅ​កាន់​ទីកន្លែង​ចំនួន​២២ ស្ថិត​នៅ​ក្នុង​ទ្វីបអាមេរិក​ឡាទីន និង នៅ​ការីប៊ីន ដែល​កំពុង​រាល​ដាល​វីរុស ​Zika ​នេះ។​
 
វីរុស Zika ត្រូវ​បាន​គេ​ដឹង​ថា ចម្លង​មក​មនុស្ស​តាម​រយៈមូស​ខ្លា​ខាំ។ អ្នក​ដែល​ឆ្លង​មេរោគ​ថ្មី​នេះ នឹង​មាន​អាការៈ ​ក្ដៅ​ខ្លួន ឈឺ​ក្បាល ឡើង​រមាស់ ឈឺ​សន្លាក់ និង​ភ្នែក​ឡើង​ក្រហម​ ពោល​គឺ​មានអាការៈ​និង​រោគ​សញ្ញា ដូច​គ្នា​នឹង​ជម្ងឺ​គ្រុន​ឈាម​ដែរ​។
 
បើ​តាម​លោក វេជ្ជបណ្ឌិត លី សុវណ្ណ បើ​ទោះ​បី​ជា​មេរោគ​នេះ​ មិន​ទាន់​ធ្វើ​ឲ្យ​អ្នក​ជម្ងឺ​ស្លាប់​មែន តែ​វា​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ខ្លាំង​ទៅ​ដល់​ស្រ្តី​ដែល​មាន​ផ្ទៃពោះ​ ព្រោះ​ថា ទារក​របស់​ពួក​គេ​ដែល​កើត​មក នឹង​មាន​ក្បាលតូច​ខុស​ពី​ប្រក្រតី។ បើ​តាម​ការ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត​ លី សុវណ្ណ កម្ពុជា​ធ្លាប់​រក​ឃើញ​ករណីវីរុស​នេះ​មួយ​ករណី​កាល​ពី​ឆ្នាំ២០១០ ដែល​បាន​កើត​ឡើង​ទៅ​លើបុរស​ម្នាក់​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ប៉ុន្តែ​វា​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​។
 
យ៉ាង​ណា​ក៏​ដោយ​លោកវេជ្ជបណ្ឌិត បាន​អំពាវ​នាវ​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​ទាំង​អស់ ប្រុង​ប្រយ័ត្ន​ចំពោះ​ការឆ្លង​នៃ​វីរុស​ថ្មីនេះ ដោយ​ការ​ការពារ​កុំ​ឲ្យ​មូស​ខ្លា​ខាំ​៕
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ