ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
កម្ពុជា

​រដ្ឋសភា​ជាតិ​កម្ពុជា​បាន​អនុម័ត​ជា​ផ្លូវ​ការ​ហើយ​លើ​ច្បាប់​គ្រប់​គ្រង​ផលិត​ផល​ប្រេង​កាត​

media  
ការ​វិនិយោគ​លើ​វិស័យ​ប្រេង របស់​ក្រុមហ៊ុន KrisEnergy KrisEnergy

ដូច​ការ​គ្រោង​ទុក រដ្ឋ​សភា​ជាតិ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៧ ខែ​មិថុនា​នេះ បាន​ប្រជុំ​ពិភាក្សា និង បាន​អនុម័ត​ជា​ផ្លូវ​ការ​ហើយ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ប្រេង​កាត និង​ផលិតផល​ប្រេង​កាត​ដោយ​សំឡេង​១០៨​លើ​១០៨​នៃ​តំណាង​រាស្រ្ត​ដែល​បាន​ចូល​រួម​ប្រជុំ​។ ការ​អនុម័ត​ច្បាប់​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្ពុជា​រំពឹង​ទុក​ថា ដំណក់​ប្រេង​កាត​ដំបូង​របស់​ខ្លួននឹង​ទទួល​បាន​នៅ​ចុង​ឆ្នាំ​២០១៩នេះ ឬ​យ៉ាង​យូរនៅដើម​ឆ្នាំ​២០២០​ខាង​មុខ​​។ 

សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ប្រេង​កាត និង​ផលិត​ផល​ប្រេង​កាត​ដែល​រដ្ឋ​សភា​ជាតិ​កម្ពុជា​បាន​សម្រេច​អនុម័ត​នៅ​ថ្ងៃ​នេះ ​មាន​៩ជំពូក និង​៧២​មាត្រា។ ច្បាប់​ថ្មី​នេះ​បាន​ចែង​ផ្តោត​សំខាន់​អំពី​សមត្ថកិច្ច​និង​ការ​គ្រប់​គ្រង​ប្រេង​កាត និង​ផលិត​ផល​ប្រេង​កាត​ក៏​ដូច​ជា​ការ​គ្រប់​គ្រង​សកម្មភាព​ផ្នែក​អាប់ស្រ្ទីម​និង​ដោន​ស្រ្ទីម​។ ផ្នែក​អាប់​ស្រ្ទីម​សំដៅ​ទៅ​លើ​បុរេ​សេនា​ការ​ស្វែង​រុក​រក ការ​អភិវឌ្ឍ និង​ការ​ធ្វើ​ផលិតកម្ម​ប្រេង​កាត​។ ចំណែក​ផ្នែក​ដោន​ស្រ្ទីម​វិញ និយាយ​អំពី​ការ​ធ្វើ​ប្រព្រឹត្តិ​កម្ម ការ​ដឹក​ជញ្ជូន សន្និធិ និង​ពាណិជ្ជកម្ម​ប្រេង​កាត និង​ផលិត​ផល​ប្រេង​កាត​។

ច្បាប់​ថ្មី​នេះ​ក៏​មាន​លើក​ឡើង​អំពី​សិទ្ធិ​របស់​រដ្ឋ​ក្នុង​ការ​ចូល​រួម​ភាគ​ហ៊ុន​ក្នុង​ប្រតិបត្តិ​ការ​ប្រេង​កាត​សិទ្ធិ​ក្នុង​ការ​ទទួល​ចំណូល និង​ការព្វកិច្ច​ហិរញ្ញវត្ថុ​នានា​របស់​អ្នក​ចុះ​កិច្ច​ព្រម​ព្រៀង​ប្រេង​កាត និង​ការ​បង្កើត​សហ​គ្រាស​សាធារណៈ​ដើម្បី​ធ្វើ​ធុរកិច្ច​ក្នុង​វិស័យ​ប្រេង​កាត​។ ក្រៅ​ពីនេះ ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ប្រេង​កាត និង ផលិត​ផល​ប្រេង​កាត​ក៏​បាន​ចែង​អំពី​សមត្ថ​កិច្ច​របស់​មន្ត្រី​អធិការ​កិច្ច​ប្រេង​កាត ការ​ផ្តល់​នីតិ​សម្បទា​ជា​នគរ​បាល​យុត្តិធម៌​ដល់​មន្ត្រី​អធិការ​កិច្ច​ប្រេង​កាត និង អំពី​ទណ្ឌ​កម្ម​លើ​បទ​ល្មើស​ក្នុង​វិស័យ​ប្រេង​កាត រួម​មាន ការ​ដក​ហូត​ឬ​ព្យួរ​សិទ្ធិ​ដែល​ផ្ដល់​ក្រោម​ច្បាប់​នេះ ការ​ជួស​ជុល​ការ​ខូច​ខាត ការ​ផាក​ពិន័យ ការ​រឹប​អូស​វត្ថុ​តាង និង​ទោស​ពាក់​ព័ន្ធ​នឹង​ពន្ធនាគារ​ផង​ដែរ​។

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ប្រេង​កាត និង ផលិត​ផល​ប្រេង​កាត​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជំរុញ​ការ​អភិវឌ្ឍន៍​វិស័យ​ប្រេង​កាត​ប្រកប​ដោយ​និរន្តភាព និង​ប្រសិទ្ធ​ភាព​។ សេចក្តី​ព្រាង​ច្បាប់​នេះ​តាក់​តែង​ឡើង​ដោយ​អតីត​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល (មុន​ត្រូវ​ចែក​ជា​ពីរ​ក្រសួង) កាល​ពី​ឆ្នាំ​១៩៩៦។ លុះមក​ដល់​ឆ្នាំ២០០៦ អតីតអាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​បាន​យក​សេចក្តី​ព្រាង​ច្បាប់​នេះ​មក​កែ​សម្រួល​ឡើង​វិញ ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ​បច្ចេក​ទេស និង​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ជាតិ និង​អន្តរជាតិ​​។

កាល​ពីថ្ងៃទី០៥ ខែមេសា​កន្លង​ទៅ រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ហើយ​បាន​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​ជាតិ​ដោយ​បាន​ស្នើ​ឱ្យ​ពិនិត្យ​និង​អនុម័ត​ជា​ការ​ប្រញាប់​។ ក្រោយ​ពេល​ត្រូវ​បាន​អនុម័ត និង ប្រកាស​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ច្បាប់​ថ្មី​នេះ​នឹង​គ្រប់​គ្រង​លើ​ផលិត​ផល​ប្រេង​កាត​ដែល​រដ្ឋា​ភិបាល​កម្ពុជា និង ក្រុម​ហ៊ុន Kris Energy សហ​ការ​គ្នា​រុក​រក និង ផលិត​នៅ​អណ្តូង​ប្រេង​កាត​ក្នុង​ប្លុងA នៃ​ដែន​សមុទ្រ​កម្ពុជា​។

រដ្ឋា​ភិបាល​កម្ពុជា និង ​ក្រុមហ៊ុន Kris Energy របស់​សិង្ហបុរី​ បាន​ចុះ​កិច្ច​ព្រម​ព្រៀងអភិវឌ្ឍន៍អណ្តូង​ប្រេង​កាតជាមួយគ្នាកាល​ពី​ឆ្នាំ ២០១៧។ ក្រុម​ហ៊ុន​ Kris Energyនេះ គឺ​ជា​អ្នក​ទិញ​ភាគ​ហ៊ុន​ពី​ក្រុម​ហ៊ុន​​អាមេរិក​Chevron។ ក្រុម​ហ៊ុន​ Kris Energy មាន​ភាគ​ហ៊ុន​៩៥% ដែលគេ​រំពឹង​ថា នឹងអាច​ផលិត​ប្រេង​ឆៅប្រមាណ ៧០០០​បារ៉ែល ក្នុង​មួយ​ថ្ងៃ។​ ចំណែក រដ្ឋាភិបាលកម្ពុជាជា​ដៃគូនៃ​ភាគ​ហ៊ុន​សេសសល់វិញ រំពឹង​ថានឹង​ចំណេញប្រាក់​ប្រមា​ណ ៧៨០​លាន​ដុល្លារក្នុង​អំឡុង​ពេល ៩ឆ្នាំនៃកិច្ចព្រមព្រៀងនេះ។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​កាសែត​បាង​កក​ប៉ុស្ដិ៍​នាពេលន្លងមក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ