អានតួអត្ថបទ
កម្ពុជា-សង្គម

​សាល​ក្រម​លើ​សំណុំ​រឿង​សហ​ជីព​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​១១​ធ្នូ​

គ្មាន​ឡើយ​វត្តមាន​ប្រធាន​សហជីព​ទាំង​៦រូប នៅ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី៧​ខែ​ធ្នូ​នេះ នា​សាលា​ដំបូង​រាជធានី​ភ្នំពេញ ខណៈ​សវនាការ​បាន​បិទ​បញ្ចប់​នៅ​ម៉ោង​ប្រមាណ​១១ ព្រឹក​នេះ ។ ដ្បិត​តែ​គ្មាន​វត្តមាន​មេ​សហជីព​ទាំង​៦​រូប​ក៏​ដោយ តែ​មេធាវី​របស់​អ្នក​ទាំង​៦​មាន​វត្តមាន​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ​នោះ​។ បើ​តាម​មេធាវី សាល​ក្រម​លើ​សំណុំ​រឿង​នេះ​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី១១​ធ្នូ​។ 

លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​ចូល​ទៅ​បំភ្លឺ​ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ២០១៦នេះ។
លោក ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ បាន​ចូល​ទៅ​បំភ្លឺ​ នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ២០១៦នេះ។
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សវនា​ការ ដែល​បិទ​បញ្ចប់​នៅ​ម៉ោង​ប្រមាណ​ជា​១១​ព្រឹក​នេះ សហ​មេធាវី​ការពារ​ក្ដី​ឲ្យ​ប្រធាន​សហជីព​ទាំង​៦​រូប លោក ជឹម ធាង បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​បង្ហាញ​ក្ដី​សង្ឃឹម​ថា តុលាការ​នឹង​ទម្លាក់​ចោល​បទ​ចោទ​ទាំង​ស្រុង​ទៅ​លើ​កូន​ក្ដី​របស់​ខ្លួន​។ មាន​ក្ដី​សង្ឃឹម​ព្រោះ​ប្រធាន​សហជីព​ទាំង​៦ ពុំ​បាន​ស្ថិត​នៅ​ក្នុង​ហេតុការណ៍ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៣​ឡើយ​។ ដូច្នេះ​ហើយ​ការ​ប្រកាស​សាល​ក្រម​ជា​ក្ដី​រំពឹង​មួយ​របស់​ក្រុម​មេធាវី​និង​ជន​ត្រូវ​ចោទ​ទាំង​៦​រូប ដែល​ជា​ប្រធាន​សហជីព​រំពឹង​ថា សំណុំ​រឿង​របស់​ខ្លួន​នឹង​បញ្ចប់​ត្រឹម​ថ្ងៃ​ទី១១​ខែ​ធ្នូ​។ នេះ​លោក ជឹម ធាង សហ​មេធាវី​ការពារ​ក្ដី​។

បន្ថែម​លើ​នេះ​ប្រធាន​សហជីព​២​រូប​ក្នុង​ចំណោម​៦​រូប​ជឿ​ជាក់​ថា តាម​រយៈ​សវនាការ​នៅ​ថ្ងៃ​សុក្រ​ទី៧​ខែធ្នូ​នេះ នឹង​ទម្លាក់​ចោទ​បទ​ចោទ​លើ​ពួក​គេ ដើម្បី​បើក​ផ្លូវ​ឲ្យ​សហជីព​មាន​សេរីភាព​ពេញ​លេញក្នុងការធ្វើសកម្មភាពទៅតាមវិជ្ជាជីវៈរបស់ខ្លួន ​ដោយ​គ្មាន​សំពាធ​ពី​តុលាការ​ទៀត​ឡើយ ជុំវិញ​ពាក្យ​បណ្ដឹងប្ដឹងដោយ​​ក្រុម​ហ៊ុន​កន្លង​មក​។

គួរ​រំឭក​ថា មេដឹកនាំ​សហជីព​ទាំងនាក់​រួម​មាន លោក​អាត់ ធន់ លោក​ប៉ាវ ស៊ីណា លោកស្រី​ម៉ម ញឹម លោក​ជា មុនី លោក រ៉ុង ឈុន និង​លោកស្រី ​យ៉ាង សោភ័ណ្ឌ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ ប្រព្រឹត្ត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បទ​គំរាមកំហែង​ថា​នឹងធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ និង​បទ​ប្រើ​មធ្យោបាយ ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ។ សកម្មភាព​ទាំងនេះ បាន​ប្រព្រឹត្តទៅ​នៅ​ចំណុច​មុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វ៉េងស្រេង កាលពី​អំឡុង​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។

សូម​បញ្ជាក់​ថា សវនាការ​នៅថ្ងៃនេះ ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បានស្នើ​ជា​បន្តបន្ទាប់​ឲ្យ​តុលាការ​ឆាប់​បញ្ចប់​សំណុំរឿង​មេដឹកនាំសហជីព​នៅ​កម្ពុជា​ ឲ្យ​បាន​ចប់សព្វគ្រប់​នៅត្រឹម​ឆ្នាំ២០១៨នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ