អានតួអត្ថបទ
កម្ពុជា

ទីបំផុត​ហ៊្វុនស៊ិនប៉ិច​បែក​គ្នា​សារជាថ្មី

នៅ​ថ្ងៃទី៣ កុម្ភៈ​នេះ ក្រុម​លោក​ញឹក ប៊ុនឆៃ អតីត​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានធ្វើ​សន្និសីទ​សារព័ត៌មាន ដើរ​ចេញពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​បង្កើត​គណបក្ស​ថ្មី។គណបក្ស​ថ្មី​នេះ មាន​ឈ្មោះថា គណបក្ស​រួបរួម​ជាតិ។ ការ​បែក​គ្នា​នេះ កើតឡើង​បន្ទាប់ពី​ជម្លោះផ្ទៃក្នុង​រវាង​សម្តេចក្រុមព្រះ និង​លោក​ញឹក ប៊ុនឆៃ បាន​ផ្ទុះ​នាពេលថ្មីៗចុងក្រោយ​នេះ។ គណបក្ស​ថ្មី​ដែល​លោក ញឹក ប៊ុនឆៃ​ជា​ប្រធាន កំពុង​រៀបចំ​ឯកសារ​ដើម្បី​ស្នើ​បង្កើត​គណបក្ស​ទៅកាន់​ក្រសួងមហាផ្ទៃ។

លោក​ ញឹក ប៊ុនឆៃ ធ្វើសន្និសីទសារព័ត៌មាន បង្កើតគណបក្សថ្មី នៅថ្ងៃទី ៣ ខែ​ កុម្ភៈ ឆ្នាំ ២០១៦ នេះ
លោក​ ញឹក ប៊ុនឆៃ ធ្វើសន្និសីទសារព័ត៌មាន បង្កើតគណបក្សថ្មី នៅថ្ងៃទី ៣ ខែ​ កុម្ភៈ ឆ្នាំ ២០១៦ នេះ
ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត​លោក​ញឹក ប៊ុនឆៃ និង​គ្នីគ្នា​បានសម្រេច​ដើរចេញ​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដែលមាន​សម្តេចក្រុមព្រះ​ជា​ប្រធាន ហើយ​បង្កើត​គណបក្ស​ថ្មី​ខ្លួនឯង​ដែលមាន​ឈ្មោះថា គណបក្ស​រួបរួម​ជាតិ។ ការ​បែក​គ្នា​នេះ គឺ​ក្រោយ​ការរួមរស់​សាជាថ្មី​រវាង​ក្រុម​សម្តេចក្រុមព្រះ និង​ក្រុម​លោក ញឹក ប៊ុនឆៃ​បាន​ជាង១ឆ្នាំ​ពោលគឺ​ក្រោយ​ការបង្រួបបង្រួម​កាលពី​ខែមករា ២០១៥ ។ 

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​គេហដ្ឋាន​ក្នុង​ខណ្ឌ​ជ្រោយចង្វា លោក​ញឹក ប៊ុនឆៃ បាន​ថ្លែង​ថ្លា៖ “ខ្ញុំ​បាន​ខិតខំ​ព្យាយាម​ក្នុងការ​បង្រួប​ប​ម្រួ​មរ​វាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ។ ខ្ញុំ​បាន​សរសេរ​លាយលក្ខណ៍​អក្សរ អស់​លទ្ធភាព​ហើយ។ ដើម្បី​កុំឱ្យ​មាន​បញ្ហា​តទៅទៀត​នៅ​ព្រឹក​ម៉ិ​ញ​ហ្នឹង​គឺថា​ខ្ញុំ​បានសម្រេច នៅ​ព្រឹក​មិញ ដោយសារ​ខ្ញុំ​បាន​ប្រជុំ​ព្រឹក​មិញ​ថ្នាក់ដឹកនាំ​ទាំង២៥ខេត្ត​ក្រុង មាន​ក្រុមការងារ​ប្រតិបត្តិ​ខេត្ត​ហ្នឹង ពិគ្រោះ​យោបល់​ទាំងអស់គ្នា​ហ្នឹង​គឺថា​ហ្វ៊ុនស៊ិនប៉ិច​ទៅមុខ​មិន​រួច​ទេ"។

លោក​បាន​បញ្ជាក់ថា ក្រុម​របស់លោក​មិនអាច​ធ្វើការ​ក្រោម​ដំបូល​ដែលមាន​សម្តេចក្រុមព្រះ​ជា​អ្នក​ដឹក​នា​បាន​នោះទេ ព្រោះថា​ក្នុង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក​គ្មាន​អំណាច និង​ប្រៀបដូចជា​ទី​ម៉ោង ក្នុងឋានៈ​លោក​ជា​អនុប្រធាន​ទី២ ។ បើតាម​លោក​ញឹក ប៊ុនឆៃ ក្រុម​លោ​ក៏​មិន​ចង់ឱ្យ​គណបក្ស​រាជានិយម​ដែលជា​កេរ្តិ៍ដំណែល​របស់​អតីតព្រះមហាក្សត្រ​សម្តេច​ឪ​នរោត្តម​សីហនុ​មាន​បញ្ហា​នោះដែរ។

ទន្ទឹមនឹងនេះ ក្រុម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​របស់​សម្តេច​ក្រុមព្រះ មិនមាន​ប្រតិកម្ម​អ្វី​នោះទេ។ ក្រុម​ដែល​បែកចេញ​មកជា​មួយ​លោក ញឹក ប៊ុនឆៃ មាន​លោក ទា ចំ​រ៉ាត់ ខាន់ សាវឿន និង​មន្ត្រី​ជា​ហ្វ៊ុនស៊ិនប៉ិច​ប្រមាណ​ជា៣០រូប។

គណបក្ស​បង្រួប​ប្រួម​ដែលមាន​លោក​ញឹក ប៊ុនឆៃ​ជា​ប្រធាន​នេះ គឺមាន​សញ្ញា​លោ​ឡូ​ហ្គូ វិមានឯករាជ្យ និង​ឆោ​ព័ន្ធ​រស្សី​ចំនួន២៨ ពណ៌​មាស និង​ផ្ទៃ​ពណ៌​ខៀវ។ដែលជា​សញ្ញា​ហ្វ៊ុនស៊ិនប៉ិច​មុន​ការបង្រួបបង្រួម​ជាមួយ​សម្តេចក្រុមព្រះ។

សូម​រំលឹកថា ក្រោយ​បង្រួបបង្រួម​អស់​ជា​រយៈពេល​ជាង​មួយឆ្នាំ តាំងពី២០១៥ ក្រុម​របស់លោក ញឹក ប៊ុនឆៃ និង​ក្រុម​សម្តេចក្រុមព្រះ បាន​ផ្ទុះ​ជម្លោះផ្ទៃក្នុង​យ៉ាង​ស្រួចស្រាវ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ ជា​ជម្លោះ​ដែល​លោក ញឹក ប៊ុនឆៃ បាន​អះអាង​សម្តេចក្រុមព្រះ​តែងតែ​ធ្វើការ​គាបសង្កត់​មកលើ​ក្រុម​របស់លោក និង​រុះរើ​រចនាសម្ព័ន្ធ​គណបក្ស​ចាស់​ដែល​ធ្វើឱ្យ​សមាជិក​មួយចំនួនធំ​មិន​សប្បាយចិត្ត។ បន្ថែម​ពីលើ​នេះ​លោក ញឹក​ប៊ុនឆៃ បាន​បញ្ជាក់ថា សម្តេចក្រុមព្រះ​បានធ្វើ​ខុស​គោលការណ៍​ព្រមព្រៀង មុន​ការបង្រួបបង្រួម​ខែមករា ២០១៥ ដោយ​តែងតែ​រំលឹក​រឿង​ចាស់ ហើយ​ទម្លាក់កំហុស​មកឱ្យ​លោក​ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង ដូចជា​ការទម្លាក់​ព្រះអង្គ​កាលពី​ឆ្នាំ២០០៦ ការលក់ និង​ការដោះដូរ​គណបក្ស និង​ចោទ​លោក​ជា​អ្នក​ធ្វើឱ្យ​ហ្វ៊ុនស៊ិនប៉ិច​សូន្យ​កៅអី​ជាដើម។

យ៉ាងណាក៏ដោយ ក្រោយ​ការបង្កើត​គណបក្ស​ថ្មី​ចេញពី​ហ្វ៊ិ​ន​ស៊ិនប៉ិច លោក​ញឹក ប៊ុនឆៃ​អះអាងថា គ្មាន​ការគាំទ្រ​ពី​គណបក្ស​ប្រជាជន​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ