អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​បង្ក​ការ​លំបាក​ដល់​ការ​អភិវឌ្ឍ​សេវា​ដឹក​ជញ្ជូន​តាម​រថ​ភ្លើង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ដាក់​ឲ្យ​ដំណើរ​ការ​រថភ្លើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ទាំង​រយៈ​ចំងាយ​វែង​និង​រយៈ​ចំងាយ​ខ្លី បាន​បង្ហាញ​ពី​ការ​ប្រឈម​មួយ​ចំនួន​។ ជា​ញឹក​ញយ គេ​តែង​សង្កេត​ឃើញ​រថភ្លើង​ប៉ះ​គ្នា​ជាមួយ​រថយន្ត​បង្ក​ជា​គ្រោះ​ថ្នាក់ ជា​ហេតុ​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​ការ​ធ្វើ​ចរាចរណ៍​តាម​រថ​ភ្លើង​មាន​ការ​លំបាក ដោយ​សារ​អ្នក​បើក​បរ​រថយន្ត​មួយ​ចំនួន​មិន​គោរព​ច្បាប់ និង​មិន​ផ្លាស់​ប្តូរ​ឥរិយាបថ​អាក្រក់​។ 

ខ្សែរផ្លូវរថភ្លើងក្នុងក្រុងភ្នំពេញ
ខ្សែរផ្លូវរថភ្លើងក្នុងក្រុងភ្នំពេញ @RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ផែន​ការ​អភិវឌ្ឍ​ប្រទេស​នីមួយៗ រថ​ភ្លើង​គឺ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន ដែល​ផ្តល់​នូវ​ផល​ប្រយោជន៍​មិន​ចាញ់​មធ្យោបាយ​ដឹក​ជញ្ជូន​ផ្សេងៗ​ទៀត​ប៉ុន្មាន​ទេ​។ សម្រាប់​ប្រទេស​កម្ពុជា ប្រព័ន្ធ​ដឹក​ជញ្ជូន តាម​រថ​ភ្លើង ហាក់​ដូចជា​នៅ​មាន​ស្ថាន​ភាព​យឺត​យ៉ាវ បើ​ទោះ​ណា​ជា​សង្គ្រាម​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ បាន​កន្លង​ផុត​ទៅ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​។

ទោះ​យ៉ាង​ណា ប្រទេស​កម្ពុជា​ក៏​មាន​ការ​ប្រឹង​ប្រែង​ឲ្យ​មធ្យោបាយ​ដឹក​ជញ្ជូន​តាម​រថភ្លើង​នេះ បាន​កកើត​ឡើង​ដែរ ដោយ​មាន​ការ​អភិវឌ្ឍន៍​រថ​ភ្លើង​ដឹក​អ្នក​ដំណើរ រយៈ​ចំងាយ​ខ្លី នៅ​ក្នុង​ក្រុង បន្ថែម​ពី​លើ​ខ្សែរ​រថភ្លើង​រយៈ​ចំងាយ​ឆ្ងាយ ដែល​កម្ពុជា​មាន​។ ក៏​ប៉ុន្តែ​បញ្ហា​ប្រឈម​គឺ ទាំង​រថភ្លើង ដែល​ធ្វើ​ការ​ដឹក​ជញ្ជូន​រយៈ​ចំងាយ​ឆ្ងាយ ក៏​ដូច​ជា​រថភ្លើង​ចរាចរណ៍​ក្នុង​ក្រុង សម្រាប់​ដំណាក់​កាល​សាក​ល្បង គឺ​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ដែល​បណ្តាល​មក​ពី​ការ​មិន​គោរព​ច្បាប់​។

ជា​ការ​កត់​សម្គាល់ ចាប់​តាំង​ពី​ការ​ដាក់​ឲ្យ​ដំណើរ​ការ​រថ​ភ្លើង​ឡើង​វិញ ជា​បន្ត​បន្ទាប់ ក្រោយ​សង្គ្រាម​បំផ្លិច​បំផ្លាញ គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មក​ពី​រថ​ភ្លើង និង​មធ្យោបាយ​ដឹក​អ្នក​ដំណើរ​ផ្សេង​ទៀត ជា​ពិសេស​ជា​មួយ​រថយន្ត ត្រូវ​គេ​កត់​សម្គាល់​ថា បាន​កើត​មាន​មិន​ដាច់​។ហើយ​យូរៗ​ម្តង ក៏​មាន​មនុស្ស​រង​គ្រោះ​ដល់​អាយុ​ជីវិត ដោយ​សារ​រថភ្លើង​ដែរ ជាក់​ស្តែង​ជន​អនាថា​១​រូប ត្រូវ​បាន​រថ​ភ្លើង​បុក​ស្លាប់ កាល​ពី​ថ្ងៃ​ទី១៥​ខែ​កុម្ភៈ កន្លង​ទៅ​នេះ​ នៅ​រាជធានី​ភ្នំពេញ​ខណៈ​ជន​នេះ បាន​ឈរ​នៅ​លើ​ផ្លូវ​រថភ្លើង​។

ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​នោះ គឺ​គ្រោះ​ថ្នាក់​ចរាចរណ៍​រវាង រថភ្លើង​និង​រថយន្ត នៅ​តែ​បន្ត​កើត​មាន​ឥត​ដាច់ មិន​ថា​ការ​ធ្វើ​ចរាចរណ៍ នៅ​តាម​ខេត្ត ឬ​ក៏​ការ​ដឹក​ជញ្ជូន​ដោយ​រថភ្លើង​ដែល​ទើប​នឹង​ដាក់​ឲ្យ​សាក​ល្បង​ចំងាយ​ខ្លី​នៅ​រាជធានី​ភ្នំពេញ​នោះ​ទេ​។ តាម​រយៈគ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​នេះ ជា​សំណួរ​សួរ​ថា តើ​គេ​គួរ​តែ​លុប​ចោល​ការ​អភិវឌ្ឍ​ការ​ដឹក​ជញ្ជូន​ដោយ​រថភ្លើង ឬ​ក៏​ស្វែង​រក​ដំណោះ​ស្រាយ​ណា ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ចៀស​វាង​ការ​បុក ប៉ះពារ រវាង​រថភ្លើង​និង រថយន្ត ឬ​យាន​យន្ត​ដទៃ​ទៀត​?

ជា​ការ​ពិត ការ​វិវត្តន៍​របស់​ប្រទេស​កម្ពុជា នា​សម័យ​សកល​ភាវូប​នីយកម្ម​នេះ គឺ​មិន​អាច​កាត់​ផ្តាច់​ពី​ការ​ឆ្ពោះ ទៅ​រក​ភាព​ស៊ីវីល័យ​បាន​ទេ​។ វា​ជា​ការ​ដើរ​ថយ​ក្រោយ ប្រសិន​បើ​មធ្យោបាយ​ដឹក​ជញ្ជូន​ដោយ​រថ​ភ្លើង ត្រូវ​បាន​អាក់​ខាន ឬ​ក៏​បាត់​បង់​ទៅ​វិញ​។ តែ​អ្វី​ដែល​ជា​ជម្រើស​នោះ​ គឺ​ដំណោះ​ស្រាយ​ជុំវិញ​បញ្ហា​ចរាចរណ៍​។

ជាទូទៅ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន មិន​គោរព​ច្បាប់​ចរាចរណ៍​ទេ​។ ការ​មិន​គោរព​នេះ គឺ​កើត​ឡើង​បន្ទាប់​ពី​អ្នក​អនុវត្ត​ច្បាប់ រួម​មាន​ប៉ូលីស​ចរាចរណ៍​ជា​ដើម ហាក់​មិន​បាន​បង្ហាញ​ជា​គំរូ​គេ ក្នុង​ការ​អនុវត្ត​ច្បាប់ ឲ្យ​បាន​តឹង​រឹង និង​ម៉ឺង​ម៉ាត់​។

ឥរិយាបថ និង​ការ​យល់​ដឹង​ពី​ច្បាប់​ចរាចរណ៍​របស់​អ្នក​បើកបរ​មួយ​ចំនួន​នៅ​មាន​កំរិត​ទាប ដូច​ជា​អ្នក​បើក​បរ​រថយន្ត​ធុន​ធំ រថយន្ត​ដឹក​ដី​ជា​ដើម ដែល​មួយ​ចំនួន​ត្រូវ​គេ​រិះគន់​ថា​មិន​មាន​ប័ណ្ណ​បើក​បរ ឬ​ក៏​មាន​ប័ណ្ណ​បើក​បរ ដែល​មាន​ភាព​មិន​ប្រក្រតី​។ ដោយ​ឡែក មន្ត្រី​ដាក់​បារ៉ាស់​ការពារ​លំហូរ​ចរាចរណ៍ នៅ​ផ្លូវ​កែង​រវាង​ផ្លូវ​រថភ្លើង និង​ផ្លូវ​រថយន្ត ក៏​ត្រូវ​ពង្រឹង​ឲ្យ​ច្បាស់​លាស់​ផង​ដែរ ខណៈ​មាន​ការ​លើក​ឡើង​ថា ចំណុច​ប្រសព្វ​ខ្លះ​មាន​ការ​ធ្វេស​ប្រហែស​ដោយ​សារ​តែ​ទំលាក់​របាំង​ការពារ​យឺត​ពេក​ជា​ដើម​។

ដូចនេះ ការ​គោរព​ច្បាប់​ចរាចរណ៍ គឺ​ចាំ​បាច់​ត្រូវ​ធ្វើ​ឡើង​ទាំង​ប្រជាពល​រដ្ឋ និង​សមត្ថកិច្ច ដែល​នេះ​គឺ​ជា​មូលដ្ឋាន​នៃ​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​អនុញ្ញាត​ឲ្យ​ប្រទេស​កម្ពុជា ធ្វើ​ការ​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​រថ​ភ្លើង ទាំង​នៅ​ក្នុង​ក្រុង និង​តាម​បណ្តា​ខេត្ត​។

លើស​ពី​នេះ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ដែល​មាន​ស្រាប់ ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​អនុវត្ត​នេះ មាន​ភាព​ម៉ឺង​ម៉ាត់ និង​កុំ​បន្ធូរ​ដៃ ឬ​ក៏​អនុវត្ត​តាម​តែ​ការ​នឹក​ឃើញ​។ ទន្ទឹម​គ្នា​នេះ ការ​អប់រំ​ផ្សព្វ​ផ្សាយ ក៏​ត្រូវ​បន្ត​ធ្វើ​ដូច​ភ្លៀង​រលឹម​ផង​ដែរ​។

សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ​២០១៨ គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ចំនួន​១៧៦១​នាក់ និង​រង​របួស​ចំនួន​ជិត​៥ពាន់​នាក់ ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៧ ចំនួន​អ្នក​ស្លាប់ និង​រង​របួស​មាន​ការ​ថយ​ចុះ ហើយ​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​ព្រះសីហនុ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ