ការមិនគោរពច្បាប់ចរាចរណ៍បង្កការលំបាកដល់ការអភិវឌ្ឍសេវាដឹកជញ្ជូនតាមរថភ្លើង
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:១២
ការដាក់ឲ្យដំណើរការរថភ្លើងនៅក្នុងប្រទេសកម្ពុជា ទាំងរយៈចំងាយវែងនិងរយៈចំងាយខ្លី បានបង្ហាញពីការប្រឈមមួយចំនួន។ ជាញឹកញយ គេតែងសង្កេតឃើញរថភ្លើងប៉ះគ្នាជាមួយរថយន្តបង្កជាគ្រោះថ្នាក់ ជាហេតុធ្វើឲ្យការអភិវឌ្ឍការធ្វើចរាចរណ៍តាមរថភ្លើងមានការលំបាក ដោយសារអ្នកបើកបររថយន្តមួយចំនួនមិនគោរពច្បាប់ និងមិនផ្លាស់ប្តូរឥរិយាបថអាក្រក់។
នៅក្នុងផែនការអភិវឌ្ឍប្រទេសនីមួយៗ រថភ្លើងគឺជាមធ្យោបាយដឹកជញ្ជូន ដែលផ្តល់នូវផលប្រយោជន៍មិនចាញ់មធ្យោបាយដឹកជញ្ជូនផ្សេងៗទៀតប៉ុន្មានទេ។ សម្រាប់ប្រទេសកម្ពុជា ប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើង ហាក់ដូចជានៅមានស្ថានភាពយឺតយ៉ាវ បើទោះណាជាសង្គ្រាមបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ បានកន្លងផុតទៅអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
ទោះយ៉ាងណា ប្រទេសកម្ពុជាក៏មានការប្រឹងប្រែងឲ្យមធ្យោបាយដឹកជញ្ជូនតាមរថភ្លើងនេះ បានកកើតឡើងដែរ ដោយមានការអភិវឌ្ឍន៍រថភ្លើងដឹកអ្នកដំណើរ រយៈចំងាយខ្លី នៅក្នុងក្រុង បន្ថែមពីលើខ្សែររថភ្លើងរយៈចំងាយឆ្ងាយ ដែលកម្ពុជាមាន។ ក៏ប៉ុន្តែបញ្ហាប្រឈមគឺ ទាំងរថភ្លើង ដែលធ្វើការដឹកជញ្ជូនរយៈចំងាយឆ្ងាយ ក៏ដូចជារថភ្លើងចរាចរណ៍ក្នុងក្រុង សម្រាប់ដំណាក់កាលសាកល្បង គឺប្រឈមនឹងគ្រោះថ្នាក់ ដែលបណ្តាលមកពីការមិនគោរពច្បាប់។
ជាការកត់សម្គាល់ ចាប់តាំងពីការដាក់ឲ្យដំណើរការរថភ្លើងឡើងវិញ ជាបន្តបន្ទាប់ ក្រោយសង្គ្រាមបំផ្លិចបំផ្លាញ គ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីរថភ្លើង និងមធ្យោបាយដឹកអ្នកដំណើរផ្សេងទៀត ជាពិសេសជាមួយរថយន្ត ត្រូវគេកត់សម្គាល់ថា បានកើតមានមិនដាច់។ហើយយូរៗម្តង ក៏មានមនុស្សរងគ្រោះដល់អាយុជីវិត ដោយសាររថភ្លើងដែរ ជាក់ស្តែងជនអនាថា១រូប ត្រូវបានរថភ្លើងបុកស្លាប់ កាលពីថ្ងៃទី១៥ខែកុម្ភៈ កន្លងទៅនេះ នៅរាជធានីភ្នំពេញខណៈជននេះ បានឈរនៅលើផ្លូវរថភ្លើង។
ក៏ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍នោះ គឺគ្រោះថ្នាក់ចរាចរណ៍រវាង រថភ្លើងនិងរថយន្ត នៅតែបន្តកើតមានឥតដាច់ មិនថាការធ្វើចរាចរណ៍ នៅតាមខេត្ត ឬក៏ការដឹកជញ្ជូនដោយរថភ្លើងដែលទើបនឹងដាក់ឲ្យសាកល្បងចំងាយខ្លីនៅរាជធានីភ្នំពេញនោះទេ។ តាមរយៈគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ ជាសំណួរសួរថា តើគេគួរតែលុបចោលការអភិវឌ្ឍការដឹកជញ្ជូនដោយរថភ្លើង ឬក៏ស្វែងរកដំណោះស្រាយណា ដែលមានប្រសិទ្ធភាព ដើម្បីចៀសវាងការបុក ប៉ះពារ រវាងរថភ្លើងនិង រថយន្ត ឬយានយន្តដទៃទៀត?
ជាការពិត ការវិវត្តន៍របស់ប្រទេសកម្ពុជា នាសម័យសកលភាវូបនីយកម្មនេះ គឺមិនអាចកាត់ផ្តាច់ពីការឆ្ពោះ ទៅរកភាពស៊ីវីល័យបានទេ។ វាជាការដើរថយក្រោយ ប្រសិនបើមធ្យោបាយដឹកជញ្ជូនដោយរថភ្លើង ត្រូវបានអាក់ខាន ឬក៏បាត់បង់ទៅវិញ។ តែអ្វីដែលជាជម្រើសនោះ គឺដំណោះស្រាយជុំវិញបញ្ហាចរាចរណ៍។
ជាទូទៅ ពលរដ្ឋខ្មែរមួយចំនួន មិនគោរពច្បាប់ចរាចរណ៍ទេ។ ការមិនគោរពនេះ គឺកើតឡើងបន្ទាប់ពីអ្នកអនុវត្តច្បាប់ រួមមានប៉ូលីសចរាចរណ៍ជាដើម ហាក់មិនបានបង្ហាញជាគំរូគេ ក្នុងការអនុវត្តច្បាប់ ឲ្យបានតឹងរឹង និងម៉ឺងម៉ាត់។
ឥរិយាបថ និងការយល់ដឹងពីច្បាប់ចរាចរណ៍របស់អ្នកបើកបរមួយចំនួននៅមានកំរិតទាប ដូចជាអ្នកបើកបររថយន្តធុនធំ រថយន្តដឹកដីជាដើម ដែលមួយចំនួនត្រូវគេរិះគន់ថាមិនមានប័ណ្ណបើកបរ ឬក៏មានប័ណ្ណបើកបរ ដែលមានភាពមិនប្រក្រតី។ ដោយឡែក មន្ត្រីដាក់បារ៉ាស់ការពារលំហូរចរាចរណ៍ នៅផ្លូវកែងរវាងផ្លូវរថភ្លើង និងផ្លូវរថយន្ត ក៏ត្រូវពង្រឹងឲ្យច្បាស់លាស់ផងដែរ ខណៈមានការលើកឡើងថា ចំណុចប្រសព្វខ្លះមានការធ្វេសប្រហែសដោយសារតែទំលាក់របាំងការពារយឺតពេកជាដើម។
ដូចនេះ ការគោរពច្បាប់ចរាចរណ៍ គឺចាំបាច់ត្រូវធ្វើឡើងទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលនេះគឺជាមូលដ្ឋាននៃការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអនុញ្ញាតឲ្យប្រទេសកម្ពុជា ធ្វើការអភិវឌ្ឍនូវប្រព័ន្ធដឹកជញ្ជូនតាមរថភ្លើង ទាំងនៅក្នុងក្រុង និងតាមបណ្តាខេត្ត។
លើសពីនេះ ការអនុវត្តច្បាប់ចរាចរណ៍ ដែលមានស្រាប់ ធ្វើយ៉ាងណាឲ្យការអនុវត្តនេះ មានភាពម៉ឺងម៉ាត់ និងកុំបន្ធូរដៃ ឬក៏អនុវត្តតាមតែការនឹកឃើញ។ ទន្ទឹមគ្នានេះ ការអប់រំផ្សព្វផ្សាយ ក៏ត្រូវបន្តធ្វើដូចភ្លៀងរលឹមផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សចំនួន១៧៦១នាក់ និងរងរបួសចំនួនជិត៥ពាន់នាក់ ប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ចំនួនអ្នកស្លាប់ និងរងរបួសមានការថយចុះ ហើយភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ