អានតួអត្ថបទ
កម្ពុជា

លោក​ញឹក ប៊ុនឆៃ​ ទាមទារ​យក​បក្ស​ចាស់

ក្រុម​លោក​ញឹក​ ប៊ុនឆៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​៤ កុម្ភៈ​នេះ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ក្រសួង​មហា​ផ្ទៃ​ដើម្បី​សុំ​ឱ្យ​ក្រសួង​មហា​ផ្ទៃ​មោឃៈ​លើ​សំណើ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​បាន​សមាជ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​របស់​សម្តេច​ក្រុម​ព្រះ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ២០១៥។ ជា​លិខិត​ដើម្បី​ក្រុម​លោក​អាច​រក្សា​រូប​សញ្ញា បាវចនា និង​រចនា​សម្ព័ន្ធ​ចាស់។

លោកញឹក​ ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​
លោកញឹក​ ប៊ុនឆៃ ប្រធាន​ប្រតិបត្តិ​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​លោក​ញឹក ប៊ុនឆៃ ចង់​ទាមទារ​យក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចាស់​មក​វិញ។ ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក​ញឹក ប៊ុនឆៃ​ បាន​បញ្ជាក់​ថា ក្រុម​លោក​អាច​មាន​លទ្ធភាព​​យក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចាស់​មក​វិញ​បាន​ ព្រោះ​ថា​មុន​ថ្ងៃ​ទី​១៩ មករា ក្រុម​លោក និង​ក្រុម​សម្តេច​ក្រុម​ព្រះ​មាន​គណបក្ស​ពីរ​ផ្សេង​គ្នា។ ដូចនេះ​ប្រសិន​បើ​ក្រសួង​មហា​ផ្ទៃ​សម្រេច​មោឃ​ភាព​លទ្ធផល​សមាជ​ថ្ងៃ​ទី​១៩​រវាង​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច និង​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ​នោះ ក្រុម​លោក​នៅ​តែ​ជា​ម្ចាស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដដែល ហើយ​សម្តេច​ក្រុម​ព្រះ​អាច​ត្រឡប់​ទៅ​កាន់​គណបក្ស​ចាស់​វិញ​បាន។

សូម​បញ្ជាក់​ថា​ក្រោយ​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើរ​ចេញ​ពី​ហ៊្វុនស៊ិនប៉ិច​កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ លោក​ញឹក ប៊ុនឆៃ បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់​ក្រសួង​មហា​ផ្ទៃ​ដោយ បរិហារ​ថា​សមាជ​ដែល​ធ្វើ​ឡើង​កាល​ពី​មួយ​ឆ្នាំ​មុន គឺ​គ្មាន​បាន​ផ្ទុយ​ពី​លក្ខន្តិកៈ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយ​ការ​អនុវត្ត​ការងារ​ ក្រោយ​សមាជ​បាន​រំលោភ​ទៅ​លើ​គោលការណ៍​នៃ​ការ​កិច្ច​ប្រជុំ​ច្របាច់​បញ្ចូល​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ។ ជា​គោល​ការណ៍​ដែល​មិន​អនុញ្ញាត​ឱ្យ​រំលាយ​រចនា​សម្ព័ន្ធ​គ្រប់​ជាន់​ថ្នាក់​របស់​គណបក្ស​ចាស់​នោះ​ទេ។ ហើយ​ការ​សម្តេច​ក្រុម​ព្រះ​បាន​ផ្លាស់​ប្តូរ​បាវចនា​ផ្លាក​សញ្ញា Logo របស់​បក្ស​ចាស់​ថែម​ទៀត​ផង។ បើ​តាម​ការ​បញ្ជាក់​ពី​លោក ញឹក ប៊ុនឆៃ ក្រោយ​ការ​ទទួល​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រុម​លោក​នឹង​យាង​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​នរោត្តម អរគុណ​រស្មី មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ឡើង​វិញ និង​រក្សា​រចនា​សម្ព័ន្ធ​ចាស់​មុន​ការ​ប្របាច់​បញ្ចូល​គ្នា​ដដែល។

សូម​រំលឹក​ថា ក្រុម​លោក ញឹក ប៊ុនឆៃ​កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ​បាន​សម្រេច​ដើរ​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​មាន​សម្តេច​ក្រុម​ព្រះ​ជា​ប្រធាន បន្ទាប់​ពី​ជម្លោះ​ផ្ទៃ​ក្នុង​រវាង​លោក និង​សម្តេច​ក្រុម​ព្រះ​បាន​ផ្ទុះ​ឡើង​ក្រោយ​ច្របាច់​បញ្ចូល​គ្នា​ប្រមាណ​១​ឆ្នាំ។ ជា​ជម្លោះ​ដែល​កើត​ឡើង​ពី​ការ​រំលឹក​រឿង​អតីតកាល និង​ការ​បែង​ចែក​អំណាច​មិន​ស្នើគ្នា។ គណបក្ស​ថ្មី​របស់​ក្រុម​លោក ញឹក ប៊ុនឆៃ មាន​ឈ្មោះ​ថា​ គណបក្ស​រួបរួម​ជាតិ​ ដែល​ប្រើ​ប្រាស់​សញ្ញា​ឡូហ្គូ​ចាស់​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចាស់​ដដែល។ ទន្ទឹម​នឹង​ការ​ស្នើ​ទាមទារ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ត្រឡប់​មក​វិញ​នេះ ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា​ ក្រសួង​នឹង​ចាត់​ការ​តាម​នីតិវិធី​ច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ